អន្តរជាតិ
អាមេរិក​និង​រុស្ស៊ី ជំទាស់​សេចក្ដីព្រាង​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​លី​ប៊ី​
19, Apr 2019 , 8:19 pm        
រូបភាព
​អាមេរិក និង​រុស្ស៊ី នៅ​ថ្ងៃទី​១៨ ខែមេសា បាន​ជំទាស់​សេចក្ដីព្រាង​ដំណោះស្រាយ​របស់​អង់គ្លេស​ដែល​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​លី​ប៊ី​។ ស្ថានភាព​នៅ​លី​ប៊ី បាន​ផុង​កាន់តែ​ជ្រៅ​ក្រោយ​កម្លាំងយោធា​របស់​ឧ​ត្ត​ម​សេនីយ៍ Khalifa Haftar បើក​យុទ្ធនា​ការដណ្ដើម​រដ្ឋធានី​ទ្រី​ប៉ូ​លី ដែល​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រួបរួម​ជាតិ​មាន​អន្តរជាតិ​ទទួលស្គាល់​។ ការប៉ះទង្គិច​រវាង​ក​ម្លាំ​ង​យោធា​ទាំងពីរ ធ្វើ​ឲ្យ​មានការ​បារម្ភ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។​

 
​ស្របពេល​ស្ថានការណ៍​នៅ​លី​ប៊ី​មិនទាន់​ស្រាកស្រាន្ត​នោះ មហាអំណាច​ធំៗ​បែរជា​បន្ត​ទាស់​គ្នា​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទៅវិញ​។ នា​កិច្ចប្រជុំ​សម្ងាត់​ថ្ងៃទី​១៨ ខែមេសា អង់គ្លេស​បានស្នើ​សេចក្ដីព្រាង​ដំណោះស្រាយ​មួយ​ដែល​ទាមទារ​ឲ្យ​ផ្អាក​ការ​វាយ​ប្រយុទ្ធ​រវាង​កម្លាំងយោធា​ជាតិ​របស់​ឧ​ត្ត​ម​សេនីយ៍ Khalifa Haftar និង​កម្លាំង​ម្ខាង​ទៀត​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​។ ការប្រយុទ្ធ​គ្នា ផ្ទុះឡើង​ក្រោយ​កម្លាំងយោធា​របស់លោក Haftar រុល​ទៅ​កៀក​ទីក្រុង​ទ្រី​ប៉ូ​លី​។​
 
​ប្រតិបត្តិការ​សឹក​របស់​កម្លាំងយោធា​មកពី​ភាគ​ខាងកើត​ប្រទេស​នេះ បានក្លាយ​ជាការ​គំរាមកំហែង​ស្ថិរភាព​នៅ​រដ្ឋ​អាហ្វ្រិក​ខាងជើង​មួយ​នេះ​ដែល​កំពុង​ផុយស្រួយ​ស្រាប់​ផង​នោះ​។ យ៉ាងណាមិញ សេចក្ដីព្រាង​ដំណោះស្រាយ​ដែល​លើកឡើង​ដោយ​អង់គ្លេស ត្រូវបាន​អាមេរិក និង​រុស្ស៊ី​ជំទាស់​ក្រោម​ហេតុផល​រៀងៗ​ខ្លួន​។ រុស្ស៊ី​ប្រឆាំង​ត្រង់ចំណុច​ដែល​ទាមទារ​ឲ្យ​មានការ​រិះគន់​លោក Haftar ខណៈ​អាមេរិក​ចង់បាន​ពេល​បន្ថែម​ដើម្បី​សិក្សា​លើ​ជម្រើស​របស់ខ្លួន​។​
 
​តាមពិតទៅ ក្រុង​វ៉ាស៊ីនតោន អាច​នឹង​ជជែក​ជាមួយ​អេ​ហ្ស៊ី​ប និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក្នុង​តំបន់​ពី​ជំហាន​ដែល​ត្រូវ​ដើរ​បន្ទាប់​ទៀត​សម្រាប់​វិបត្តិ​នេះ​។ អេ​ហ្ស៊ី​ប ត្រូវបាន​ចាត់ទុកជា​ខ្នងបង្អែក​របស់​ឧ​ត្ត​ម​សេនីយ៍ Haftar ក្នុង​ជម្លោះ​នៅ​លី​ប៊ី និង​បានផ្ដល់​គាំទ្រ​ដល់​យោធា​ភាគ​ខាងកើត​លី​ប៊ី​មួយ​នេះ​ក្នុង​យុទ្ធនាការ​បង្ក្រាប​ក្រុម​ឥស្លាម​ជ្រុលនិយម​ផងដែរ​។ 
 
​ភាពមិន​ចុង​សម្រុង​របស់​មហាអំណាច​នេះ ផុង​កាន់តែ​ជ្រៅ​ស្រប​ពេលដែល​ចំនួន​មនុស្ស​ស្លាប់​ក៏​កើនឡើង​នៅ​លី​ប៊ី​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ធំៗ​ទាំងពីរ​នេះ​ដែល​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​៤ ខែមេសា មក​នោះ បានសម្លាប់​មនុស្ស​ច្រើនជាង​ពីរ​រយ​នាក់ ខណៈ​មនុស្ស​ជាង​ពីរម៉ឺន​នាក់​ទៀត ត្រូវ​បង្ខំ​ឲ្យ​ចេញពីផ្ទះ​របស់​ពួកគេ​។ 
 
​ក្រោយ​កិច្ចប្រជុំ​បិទទ្វារ តំណាង​អាល្លឺម៉ង់ Christoph Heusgen និយាយថា យើង​ចង់បាន​ដំណោះស្រាយ​ដ៏​ខ្លាំងក្លា​មួយ​ដែល​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​គាំទ្រ សំដៅ​កំណត់​មុខសញ្ញា​ទទួលខុសត្រូវ​រឿងរ៉ាវ​កំពុង​កើតឡើង និង​ចំណាត់​បន្ទាន់​ដើម្បី​ដោះស្រាយ​។ លោក​ប្រាប់​អ្នកសារព័ត៌មាន​ថា មិនអាច​ចេញ​ដំណោះស្រាយ​បាន​នៅពេលនេះ ពិតជា​រឿង​ខកចិត្ត​ណាស់​។ យ៉ាងណាមិញ តំណាង​របស់​អង់គ្លេស​មិន​បោះបង់​ការប្រឹងប្រែង​រប​ស់​ខ្លួន​ឡើយ ហើយ​បន្ត​រក​សំឡេង​រួមគ្នា​ឲ្យ​បាន​៕
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  លី​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com