កីឡាជាតិ
ជាតិ
លី​គ​កំពូល​ចាប់ផ្តើម​ប្រកួត​ឡើងវិញ​ចុង​សប្តាហ៍​នេះ ក្រោយ​ផ្អាក​មួយ​សប្តាហ៍​
19, Apr 2019 , 8:39 pm        
រូបភាព
អ្នកគាំទ្ររបស់ក្លិបអង្គរថាយហ្គឺរពេលគាំទ្រក្លិបរបស់ពួកគេកាលពីពេលកន្លងទៅនៅកីឡដ្ឋានខេត្តសៀមរាប
អ្នកគាំទ្ររបស់ក្លិបអង្គរថាយហ្គឺរពេលគាំទ្រក្លិបរបស់ពួកគេកាលពីពេលកន្លងទៅនៅកីឡដ្ឋានខេត្តសៀមរាប
ដោយ:
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចាប់ផ្តើម​ប្រកួត​ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ ក្រោយ​ផ្អាក​មួយ​សប្តាហ៍​ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​តាម​បណ្តា​ក្លិប​នីមួយៗ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ មិន​ខុសពី​សប្តាហ៍​មុនៗ​នោះទេ នៅ​សប្តាហ៍​ទី​៤​នេះ​មានការ​ប្រកួត​ចំនួន​៧​គូ ដែល​រៀបចំ​នៅ​កីឡដ្ឋាន​ផ្សេងៗ​គ្នា​។

 
​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​បានបញ្ចប់​ប្រកបដោយ​ភាពសប្បាយ​រីករាយ​កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ ខណៈ​កីឡាករ​តាម​ក្លិប​បាល់ទាត់​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នីមួយៗ ក៏បាន​ចាប់​ហ្វឹកហាត់​ឡើងវិញ​ផងដែរ​។ ការប្រមូលផ្តុំ​ហ្វឹកហាត់​យ៉ាង​តក់ក្រហល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​នេះ គឺ​ព្រោះតែ​ពួកគេ​ត្រូវ​ជួយ​ក្លិប​រៀងៗ​ខ្លួន ប្រជែង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​សប្តាហ៍​ទី​៤ ដែល​ត្រូវ​រៀបចំ​ការប្រកួត​ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ​។​
 
​សម្រាប់​សប្តាហ៍​ទី​៤​នេះ មានការ​ប្រកួត​ចំនួន​៧​គូ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ផ្សេងៗ​គ្នា​។ នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា ឆ្នាំ​២០១៩ មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​នៅ​ម៉ោង​៣:៣០​នាទី​ក្រុម​អាស៊ី​អឺរ៉ុប​ត្រូវ​បើកទ្វារ​កីឡដ្ឋាន AEU Sport Park ស្វាគមន៍​ភ្ញៀវ​មកពី​ខេត្តតាកែវ​គីរីវង់​សុខ​សែន​ជ័យ ខណៈ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី តទល់​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ នា​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី មុន​វិសាខា​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង​៦​ល្ងាច​។ 


 
​ដោយឡែក​នៅ​ថ្ងៃអាទិត្យ ទី​២១ ខែមេសា ឆ្នាំ​២០១៩ មានការ​ប្រកួត​ចំនួន​៤​គូ ក្នុងនោះ​នៅ​ម៉ោង​៣:៣០​នាទី​ក្រុម​កំពង់ចាម​បើកទ្វារ​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន មេមត់​ទទួលភ្ញៀវ​បឹងកេត រីឯ​អគ្គស្នងការ​នគរបាល​ជាតិ​ប្រើ​កីឡដ្ឋាន​អគ្គិសនី​ស្វាគមន៍​ក្រសួងការពារជាតិ ខណៈ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ តទល់​ជាមួយ​ណាហ្គា​វើ​ល​។ ចំណែក​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​នៅ​ម៉ោង​៦​ល្ងាច​។​
 
​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) បានសម្រេច​ផ្អាក​ការប្រកួត​លី​គ​កំពូល​មួយ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​តាម​បណ្តា​ក្លិប​នីមួយៗ​ទៅលេង​ស្រុកកំណើត​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែល​ទើប​បញ្ចប់​កាលពីពេល​ថ្មីៗ​៕       
 

Tag:
 បាល់ទាត់​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com