ជាតិ
សង្គមជាតិ
រៀនជួសជុលរថយន្ត ម៉ាស៊ីនត្រជាក់ តបណ្តាញអគ្គិសនី និងជំនាញផ្សេងទៀតដោយឥតគិតថ្លៃ រូបភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
× ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃវិទ្យាសា្ថនបច្ចេកទេសឧស្សាហកម្ម បានប្រកាសជ្រើសរើសអ្នកដែលចង់រៀនជំនាញបច្ចេកវិជ្ជា និងវិជ្ជាជីវៈចំនួន៧៥នាក់ដោយឥតគិតថ្លៃ ក្រោមថវិកាកម្មវិធីរបស់ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៩។
ចំនួនបេក្ខជនទាំង៧៥នាក់ដែលក្រសួងការងារនឹងជ្រើសរើសនោះ មានដូចជា អ្នកថែទាំ និងជួសជុលរថយន្ត១៥នាក់, អ្នកថែទាំ និងជួសជុលបរិក្ខារត្រជាក់១៥នាក់,អ្នកតបណ្តាញអគ្គិសនី១៥នាក់, បច្ចេកទេសលោហៈបន្សារ និងគ្រឿងបង្គុំ(ផ្សារ)១៥នាក់ និងអ្នកបច្ចេកទេសគ្រប់គ្រងយានយន្ត១៥នាក់។ ក្រសួងការងារ បានអះអាងថា ការផ្តល់ជូនវគ្គសិក្សានេះ នឹងមានរយៈពេលតែ៤ខែតែប៉ុណ្ណោះ។
វគ្គសិក្សាដោយឥតគិតថ្លៃនេះគឺសម្រាប់តែបេក្ខជនដែលជាសិស្សានុសិស្ស ដែលបោះបង់ការសិក្សា និងយុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ការងារ គ្មានការងារធ្វើតែប៉ុណ្ណោះ។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសនេះ បេក្ខជនត្រូវតែចេះអាន និងចេះសរសេរអក្សរខ្មែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារដែលបានផ្សាយនៅថ្ងៃទី១០ ខែមេសា។
បេក្ខជនអាចមកទទួលពាក្យចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមេសា នៅបន្ទប់ផ្តល់ព័ត៌មាន អាគារ A ជាន់ផ្ទាល់ដី នៃវិទ្យាសា្ថនបច្ចេកទេសឧស្សាហកម្ម(ITI) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ កាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី០៤ ខែឧសភា និងចូលរៀននៅថ្ងៃទី០៦ ខែឧសភាខាងមុខនេះ៕
Tag:
ក្រសួងការងារ
បច្ចេកវិជ្ជា
យានដ្ឋាន
វិជ្ជាជីវៈ
© រក្សាសិទ្ធិដោយ thmeythmey.com