ជាតិ
ចូលឆ្នាំ​៖ ពលរដ្ឋ​៥​លាន​នាក់​ទៅលេង​សង្ក្រាន្ត​តាម​ខេត្ត និង​៣​លាន​នាក់​ទៅ​វត្ត​អា​រា​ម និង​ទីប្រជុំជន​
19, Apr 2019 , 3:11 pm        
រូបភាព
​ភ្នំពេញ​៖ សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃនេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​៨​លាន​នាក់ បានធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ទេសចរ​នីមួយៗ នៅតាម​បណ្ដា​ខេត្ត​។ តួលេខ​នេះ បង្ហាញថា​ភ្ញៀវទេសចរ​ក្នុង​ពិធី​សង្ក្រាន្ត មានការ​កើនឡើង​៧០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។  នេះ​បើតាម​តួលេខ​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​។​

 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​បញ្ជាក់ថា ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំង​៨​លាន​នាក់​នេះ គឺមាន​ភ្ញៀវ​៥​លាន​នាក់ បានធ្វើ​ដំណើរ​ទៅតាម​រមណីយដ្ឋាន និង​ទីកន្លែង​ប្រារព្វ​ព្រឹត្តិការណ៍​សង្ក្រាន្ត តាម​បណ្ដា​ខេត្ត​នានា​។ ចំណែក​ពលរដ្ឋ​៣​លាន​នាក់​ទៀត បានធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​បន្ទាប់បន្សំ​នានា ដូចជា​វត្ត​អារាម សាលារៀន ភូមិ​-​ឃុំ​-​ស្រុក និង​ទីប្រជុំជន​ជាដើម​។​


 
​បើតាម​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ មាន​ចំនួន​សរុប​៥,៧៣៨,៤៤១​នាក់ កើនឡើង​៧០,០៧​ភាគរយ ។​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៥,៦៨១,៣៥៥​នាក់ កើនឡើង​៧១,៤២​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១០៨,១០៦​នាក់ កើនឡើង​១០៣,២៩​ភាគរយ​។​


 
​ត្រង់ចំណុច​នេះ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​អះអាងថា ការចូលរួម​កម្សាន្ត​ដ៏​ច្រើន​កុះករ​របស់​ប្រជាពលរដ្ឋ​នេះ គឺ​បានបញ្ជាក់​កាន់តែច្បាស់​ថា ប្រជាពលរដ្ឋ​ពេញចិត្ត នឹង​សភាពការណ៍​ប្រទេសជាតិ​បច្ចុប្បន្ន​។ 


 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី មក​សរសេរ​ដូច្នេះ​ថា​៖«​គ្រប់​ទីកន្លែង មិន​ថា​តាម​រមណីយដ្ឋាន ទេសចរណ៍ ប៉ុន្តែ​តាម​វត្ត​អារាម សាលារៀន តាម​ភូមិ តាម​ផ្ទះសំបែង គឺ​គ្រប់​គ្រួសារ​សុទ្ធតែ​បាន​ចូលរួម​យ៉ាង​សប្បាយរីករាយ​ក្នុង​បុណ្យចូលឆ្នាំថ្មី ប្រ​ពែ​ណី​ជាតិ​របស់ខ្លួន​ប្រកបដោយ​ស្មារតី​គោរព​ស្រឡាញ់​ប្រពៃណី​វប្បធម៌​របស់ខ្លួន មានការ​យល់ដឹង​កាន់តែច្រើន​អំពី​វប្បធម៌ ប្រពៃណីជាតិ ស្គាល់​តម្លៃ​បរិស្ថាន ផ្តល់​ភាពកក់ក្តៅ​ជិតស្និទ្ធ​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ សមត្ថកិច្ច​គ្រប់ផ្នែក គ្រប់​ជាន់ថ្នាក់ »៕







Tag:
 សង្ក្រាន្ត​ឆ្នាំ​ថ្មី​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com