អន្តរជាតិ
លោក ជេក ម៉ា គាំទ្រទម្លាប់ធ្វើការ១២ម៉ោងក្នុងមួយថ្ងៃនិង៦ថ្ងៃក្នុងមួយសប្តាហ៍
× ការតស៊ូមតិ និងព្យុះរិះគន់ កើតឡើងក្នុងវិស័យបច្ចេកវិទ្យាចិនជុំវិញទម្លាប់ធ្វើការងារថ្មីមួយ ដែលគេនិយមស្គាល់ថាប្រព័ន្ធ «៩៩៦» ។ សម្រាប់ទម្លាប់នេះ បុគ្គលិកចាប់ផ្តើមធ្វើការពីម៉ោង៩ព្រឹក ដល់ ម៉ោង ៩យប់ និង ៦ថ្ងៃក្នុងមួយសប្តាហ៍។ កាលបរិច្ឆេទនេះដែរ ត្រូវបានអនុវត្តជាធម្មតាក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន រួមមាន ក្រុមហ៊ុន Alibaba Group របស់លោក ជេក ម៉ា ជាដើម។
ក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុន លោក ជេក ម៉ា ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba បានលើកឡើងថា បុគ្គលិកទាំងអស់ គួរត្រៀមខ្លួនធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ និង៦ថ្ងៃក្នុងមួយសប្តាហ៍ ព្រោះលោកយល់ថា វាជារឿងដ៏ប្រពៃបំផុតមួយដើម្បីបម្រើ និងយកចិត្តអតិថិជន។ មហាសេដ្ឋីរូបនេះ បន្ថែមថា ក្រុមហ៊ុនខ្លះ អាចត្រឹមនឹកស្រមៃពីទម្លាប់ធ្វើការ «៩៩៦» នេះប៉ុណ្ណោះ ប៉ុន្តែពុំមានឱកាសអនុវត្តវាឡើយ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ម៉ា គូសបញ្ជាក់ថា៖«ប្រសិនបើអ្នកមិនធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ និង៦ថ្ងៃក្នុងមួយសប្តាហ៍ នៅពេលអ្នកនៅវ័យក្មេងមានកម្លាំងទេនោះ តើនៅពេលណាដែលអ្នកនឹងអនុវត្តវា? ហើយប្រសិនបើអ្នកមិនចំណាយពេលវេលា និងកម្លាំងកាយច្រើនជាងអ្នកដទៃទេនោះ តើអ្នកអាចទទួលជោគជ័យតាមដែលអ្នកចង់បានដោយរបៀបណា»?
យ៉ាងណាមិញ ការលើកឡើងរបស់មហាសេដ្ឋីចិនរូបនេះ ទទួលរងការរិះគន់ជាខ្លាំងតាមបណ្តាញសង្គម ព្រោះថាទម្លាប់ការងារនេះ ផ្ទុយស្រឡះទៅនឹងគោលការណ៍ «តុល្យភាពការងារនិងជីវិត» ក្នុងប្រទេសចិន។ ជាប្រពៃណី បុគ្គលិកភាគច្រើនមានពេលសម្រាកបាយថ្ងៃត្រង់ចំនួន២ម៉ោង។
ភ្លាមៗក្រោយរងព្យុះរិះគន់ខ្លាំងពេក លោក ជេក ម៉ា ដែលនឹងចូលនិវត្តន៍នាខែកញ្ញា បានបង្ហាញជំហរទន់ភ្លន់ ដោយចេញមុខពន្យល់លើគណនី Weibo របស់លោក។ លោក ពន្យល់ថា គ្មានអ្នកណាម្នាក់ពេញចិត្តធ្វើការនៅក្រុមហ៊ុន ដែលបង្ខំឲ្យពួកគេអនុវត្តទម្លាប់ «៩៩៦» នោះទេ។ វាមិនត្រឹមតែជារឿងគ្មានមនុស្សធម៌ទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សុខភាពបុគ្គលិក ហើយថែមទាំងមិនស្ថិតស្ថេរក្នុងរយៈពេលយូរទៀតផង។ ក្នុងរយៈពេលយូរ ទោះបីជាក្រុមហ៊ុនដំឡើងប្រាក់ខែឲ្យបុគ្គលិកច្រើនប៉ុណ្ណាក៏ដោយ ពួកគេនឹងសុំឈប់នៅពេលណាមួយមិនខាន។
ទោះបីជាបែបនេះក្តី លោក ម៉ា អះអាងទៀតថា ប្រសិនបើអ្នករកបានការងារដែលអ្នកពេញចិត្ត ទម្លាប់ធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ និង៦ថ្ងៃក្នុងមួយសប្តាហ៍ មិនមែនជាបញ្ហាសម្រាប់អ្នកឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកពុំមានចាប់អារម្មណ៍នឹងការងារបច្ចុប្បន្នរបស់អ្នកទេនោះ គ្រប់នាទីនៃការធ្វើការ គឺជាទណ្ឌកម្មផ្លូវចិត្ត ឬផ្លូវកាយ។
ជាចុងក្រោយ លោក ម៉ា នៅតែរក្សាជំហរការពារទម្លាប់ការងារ «៩៩៦» ដោយគ្មានការកែប្រែ និងផ្តល់យោបល់ថា ក្រុមហ៊ុនមិនគួរបង្ខំឲ្យបុគ្គលិកពួកគេធ្វើការលឿសម៉ោងនោះទេ ប៉ុន្តែបុគ្គលិកវ័យក្មេងពេញកម្លាំង គួរយល់ដឹងថា «គ្មានការឈឺចាប់ ក៏គ្មានការរីកចម្រើនដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com