ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ​-​ភ្ញៀវ​អន្តរជាតិ​ចាយ ៥០០​លាន​ដុល្លារ​ក្នុង​ចូលឆ្នាំ តាម​តំបន់​ទេសចរណ៍ និង​ទីតាំង​សង្ក្រាន្ត​
19, Apr 2019 , 9:19 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍(រូបពីក្រសួង)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍(រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​ទើប​កន្លងផុត​ថ្មីៗ កម្ពុ​ជាមាន​ចលនា​ដើរ​កម្សាន្ត​តាម​ព្រឹត្តិការណ៍​សង្ក្រាន្ត និង​តំបន់​ទេសចរណ៍​សំខាន់ៗ ៥,៧​លាន​នាក់ ដែល​គិត​ជា​ទឹកប្រាក់​ចំណាយ​រួម​ប្រហែល ៥០០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​


 
​តួលេខ​ពី​ក្រសួងទេសចរណ៍​បង្ហាញ​ថា ដោយ​គិតតែ​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​សង្ក្រាន្ត និង​រមណីយដ្ឋាន​សំខាន់ៗ កម្ពុជា​ទទួលបាន​ចំនួន​ដើរ​កម្សាន្ត​របស់​ភ្ញៀវ​ក្នុងស្រុក និង​អន្តរ​ជាតិប្រមាណ ៥,៧​លាន​នាក់ កើនឡើង ៧០​ភាគរយ ធៀប​នឹង​ឆ្នាំមុន​។ តួលេខ​នេះ​ត្រូវបាន​គណនា​សម្រាប់​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧​ខែមេសា​។​
 
​ផ្អែកលើ​ចំនួន​អ្នកដើរ​កម្សាន្ត​ខាងលើនេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ប៉ាន់​ស្មានថា ទឹកប្រាក់​ចាយវាយ​ផ្សេងៗ​ទៅលើ​ថ្លៃ​ធ្វើដំណើរ ស្នាក់នៅ ចំណីអាហារ​ជាដើម មាន​ប្រមាណ ៥០០​លាន​ដុល្លារ​។ លោក ថោង ខុន ត្រូវបាន​ទូរទស្សន៍​BTV ស្រង់​សំដី​នៅ​ថ្ងៃទី​១៩​ខែមេសា​យ៉ាង​ដូច្នេះ​ថា​៖«​គិត​ជា​មធ្យម​ម្នាក់ៗ​ចាយ​ខ្ទង់​៣០​ម៉ឺន ទៅ​៤០​ម៉ឺន​រៀល ហើយ​គិត​ទៅ ៥,៧​លាន​នាក់ គឺ​ចាយ​ប្រហែល ៥០០​លាន​ដុល្លារ​»​។​
 
​នេះ​ជា​ចំណូល​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​។ នៅមុន​ពិធី​ចូលឆ្នាំ​នេះដែរ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(CATA) អ្នកស្រី ឆាយ ស៊ីវ​លីន តាមរយៈ​សារព័ត៌មាន​ថ្មីៗ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចាប់អារម្មណ៍​ដើរ​កម្សាន្ត​ក្នុងស្រុក ដែល​មិន​ត្រឹមតែ​បាន​សប្បាយ​នឹង​ភាព​សម្បូរបែប​នៃ​សម្បត្តិ​ធម្មជាតិ វប្ប​ធ​ម៍​របស់​ជាតិ​ប៉ុណ្ណោះ​ទេ តែ​បាន​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ ប្រសើរ​ជាង​ដើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ក្នុងឱកាស​នោះ​។ អ្នកស្រី​ឲ្យ​ដឹងថា ការចាយវាយ​ទាំងនោះ​នឹង​ផ្ដល់ប្រាក់​ចំណូល​ដល់​ប្រជាជន​តាម​តំបន់​ទេសចរណ៍​នីមួយៗ ហើយក៏​បានរួម​ចំណែក​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​ផងដែរ​។​
 

Tag:
 ចូលឆ្នាំ​
  ទេសចរណ៍​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com