ជាតិ
សង្គមជាតិ
ស្នងការព្រះសីហនុ៖ ចាប់៦នាក់ទៀត ព្រោះយកដុំថ្មគប់សមត្ថកិច្ច ពេលចុះទៅបើកផ្លូវ
× ប្រជាពលរដ្ឋ៦នាក់ទៀត ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ អះអាងថា អ្នកទាំង៦នាក់នោះ គឺជាជនសង្ស័យ ដែលយកដុំថ្មគប់សមត្ថកិច្ច ឲ្យរងរបួស។
លោក ជួន ណារិន្ទ រៀបរាប់ថា ប្រជាពលរដ្ឋ បាននាំគ្នាបិទផ្លូវជាតិលេខ៤សាជាថ្មី ហើយសមត្ថកិច្ច ក៏ចុះទៅសម្របសម្រួល ដើម្បីសុំបើកផ្លូវឲ្យធ្វើចរាចរណ៍ឡើងវិញ។ លោក បន្តថា ខណៈនោះ ស្រាប់តែមានការគប់ដុំថ្មទៅលើក្រុមសមត្ថកិច្ច ដែលបណ្តាលឲ្យសមត្ថកិច្ច៤នាក់រងរបួសធ្ងន់និង២នាក់រងបួសស្រាល ព្រមទាំងធ្វើឲ្យខូចខាតរថយន្ត៣គ្រឿងថែមទៀត។ លោក បន្ថែមថា បន្ទាប់ពីអំពើហិង្សាកើតឡើង សមត្ថកិច្ច ក៏ចាប់ជនសង្ស័យទាំង៦នាក់តែម្តង។
សរុបទាំងអស់ មានជនសង្ស័យ៨នាក់ហើយ ដែលត្រូវបានចាប់ខ្លួន ហើយបច្ចុប្បន្ន កំពុងស្ថិតក្នុងស្នងការខេត្តព្រះសីហនុ។ ២នាក់ទៀត ត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃទី១៨ខែមេសា ដោយរងការចោទថា ពួកគេ គឺជាមេខ្លោងបំផុសបំផុលប្រជាពលរដ្ឋ ឲ្យបិទផ្លូវ។
លោកស្នងការ បានចាត់ទុកការបិទផ្លូវ ដែលបង្កឲ្យកកស្ទះចរាចរារណ៍ និងរហូតដល់ប្រើអំពើហិង្សាលើសមត្ថកិច្ចបែបនេះថា ជាអំពើខុសច្បាប់។ លោក លើកឡើងថា ប្រជាពលរដ្ឋ អាចរកមេធាវី ដើម្បីប្តឹងផ្តល់រកយុត្តិធម៌ចំពោះសំណុំរឿងដីធ្លីនិងការរុះរើលំនៅដ្ឋានរបស់ពួកគាត់ តែពួកគាត់ មិនត្រូវនាំគ្នាទៅបិទផ្លូវនោះទេ។
លោក ប្រាប់សារព័ត៌មានថ្មីៗ បែបនេះថា «បើយើងពិនិត្យទៅ ឃើញថា អំពើនោះ មានលក្ខណៈធ្ងន់ធ្ងរ ពួកគាត់ ត្រូវប្រឈមចំពោះមុខច្បាប់ តែបើមើលទៅស្រាល យើងនឹងអប់រំ»។
មកដល់ពេលនេះ សមត្ថកិច្ច បានយកដើមឈើនិងដុំថ្មទាំងនោះចេញពីផ្លូវ និងបើកឲ្យធ្វើចរាចរណ៍ឡើងវិញហើយ។
ប្រជាពលរដ្ឋ នាំគ្នាបិទផ្លូវម្តងរួចមកហើយ នៅថ្ងៃទី១៨ ខែមេសា។ ពួកគាត់ ខឹងអាជ្ញាធរ ដែលចុះទៅរុះរើលំដ្ឋានរបស់ពួកគាត់ប្រមាណជា៦០០ខ្នង ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមេសា។
រដ្ឋបាលខេត្តព្រះសីហនុ បកស្រាយថា មូលហេតុដែលអាជ្ញាធរ សម្រេចរុះរើ គឺដោយសារតែលំនៅដ្ឋានទាំងនោះ ត្រូវបានសាងសង់លើដីរបស់អ្នកដទៃ ដែលមានកម្មសិទ្ធិស្របច្បាប់។ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា កន្លងមកអាជ្ញាធរ ធ្លាប់ណែនាំប្រជាពលរដ្ឋទាំងនោះដែរ ឲ្យរុះរើលំនៅដ្ឋានរបស់ខ្លួនចេញ តែពួកគាត់ មិនព្រមធ្វើតាម៕
Tag:
ព្រះសីហនុ
ជម្លោះដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com