អន្តរជាតិ
មេដឹកនាំ​៣៧​ប្រទេស ចូលរួម​កិច្ចប្រជុំ «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​វិថី​» នៅ​ប៉េកាំង​
19, Apr 2019 , 10:19 pm        
រូបភាព
​មេដឹកនាំ​ប្រទេស​ចំនួន​៣៧ នឹងធ្វើ​ទៅកាន់​រដ្ឋធានី​ប៉េកាំង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ​។ កិច្ចប្រជុំ​នេះ នឹងធ្វើ​ចាប់ពី​ថ្ងៃទី​២៥ ដល់ទី​២៧ ខែមេសា ដោយ​មេដឹកនាំ​បរទេស​ភាគច្រើន​ត្រូវបាន​គេ​មើល​ឃើ​ថា ជា​សម្ព័ន្ធមិត្ត​ស្និទ្ធ​របស់​ក្រុង​ប៉េកាំង​។ អាមេរិក​ដែល​រិះគន់​គម្រោង​របស់​ចិន​មិន​ដាច់​ពី​មាត់​នោះ ក៏​ទទួលបាន​ការអញ្ជើញ​ផងដែរ ប៉ុន្តែ​នឹង​បញ្ជូន​ត្រឹម​មន្ត្រី​ថ្នាក់ទាប​ទៅ​ចូលរួម​ប៉ុណ្ណោះ​។

 
​មហា​យក្ស​ចិន កំពុង​ញាប់​ដៃជើង​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ​នៅ​សប្ដាហ៍​ក្រោយ​។ មេដឹកនាំ​ប្រទេស​ចំនួន​៣៧ នឹងចូលរួម​កិច្ចប្រជុំ​លើក​ទី​ពីរ​នេះ ខណៈ​ប្រទេស​ចំនួន​១៥០ គ្រោង​នឹង​បញ្ជូន​ប្រតិភូ​ឲ្យ​ចូលរួម​តាម​ការអញ្ជើញ​របស់​ម្ចាស់ផ្ទះ ឯ​ភ្ញៀវ​ទាំងអស់​អាចមាន​ដល់​ទៅ​ប្រាំ​ពាន់​នាក់​ឯណោះ​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី​១៩ ខែមេសា​នេះ​។ 
 
​មេដឹកនាំ​ប្រទេស​ដែល​អាច​ចាត់ទុកថា ស្និទ្ធ​នឹង​ចិន​មាន​រុស្ស៊ី និង​ប៉ា​គី​ស្ថាន នឹងមាន​វត្ត​មាននៅ​ទីក្រុង​ប៉េកាំង ស្រប​ពេលដែល​មេដឹកនាំ​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ដូចជា​អ៊ីតាលី ស្វ៊ី​ស និង​អូទ្រីស​ដែរនោះ ក៏​នឹងចូលរួម​ដែរ​។ ចំណែក​អាមេរិក​វិញ ទោះ​រិះគន់​គម្រោង​ទឹកប្រាក់​មហាសាល​នេះ​ក៏​ចុះ ក៏ត្រូវ​បាន​ចិន​អញ្ជើញ​ដែរ​។ ប៉ុន្តែ​អាមេរិក​មិន​បញ្ជូន​ប្រតិភូ​ថ្នាក់ខ្ពស់​ចូលរួម​ឡើយ ក្រៅពី​មន្ត្រីការទូត អ្នកជំនួញ​និង​ក្រុម​បញ្ញវន្ត​ខ្លះ​។​
 
​ប្រមុខ​ការទូត​ចិន មិន​អាក់អន់ចិត្ត​អ្វី​នឹង​កម្រិត​របស់​ប្រតិភូ​អាមេរិក​ឡើយ​។ លោក វ៉ាង ប្រាប់​អ្នកសារព័ត៌មាន​ថា ចិន​ស្វាគមន៍​ជនជាតិ​អាមេរិក​ចូលរួម​កិច្ចប្រជុំ​ដ៏​ធំ​នេះ ហើយ​បើ​អាមេរិក​មក​ឬ​មិន​មក វា​អាស្រ័យ​លើ​អាមេរិក​ផ្ទាល់​។ 
 
​គ្មាន​វត្តមាន​មន្ត្រីជាន់ខ្ពស់​អាមេរិក​ក្នុង​កម្មវិធី​របស់​ចិន មិនមែនជា​រឿង​ប្លែក​ឡើយ ព្រោះ​អាមេរិក​មិន​ពេញ​ចិត្តនឹង​គំនិត​ផ្ដួចផ្ដើម​នេះ​បន្តិច​សោះ​។ ដាក់ចេញ​នៅ​ឆ្នាំ​២០១៣ គំនិត​ផ្ដួចផ្ដើម​របស់​ចិន មាន​គោលដៅ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​តាម​បណ្ដោយ​ផ្លូវ​សូត្រ​បុរាណ​ចាប់ពី​អាស៊ី អាហ្វ្រិក ទៅដល់​អឺរ៉ុប​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​វិញ​ចាត់ទុក​គម្រោង​នេះ ជា​ល្បិច​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ពង្រីក​ឥទ្ធិពល ហើយ​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ជាប់បំណុល​ទៅវិញ​។​
 
​តប​នឹង​ពាក្យរិះគន់​ដដែល​នេះ លោក វ៉ាង អះអាងថា គំនិត​ផ្ដួចផ្ដើម​របស់​ចិន​ពិតជា​បាន​បង្កើត​ផលប្រយោជន៍​ដល់​ប្រទេស​ចូលរួម ហើយក៏​មិនមែនជា​ឧបករណ៍​បម្រើ​ភូមិសាស្ត្រ​នយោបាយ​អ្វី​ដែរ​។ ប្រមុខ​ការទូត​ចិន​ទទួលស្គាល់ថា ក្រោម​គម្រោង​នេះ ការ​អភិ​វ​ឌ្ឈ​មាន​ដំណាក់កាល​របស់​វា ហើយ​មិនអាច​ដើរ​មួយ​ជំហាន​សម្រេច​គោលដៅ​នោះដែរ ម្យ៉ាង​ក៏​ព្រួយបារម្ភ​ក៏​អាច​កើតមាន​ដូចគ្នា​។ ដូចនេះ​ចិន​ស្វាគមន៍​មតិ​រិះគន់​ទាំងអស់​៕

Tag:
 ចិន​
  អាមេរិក​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com