Van Dijk សារភាពថា​ខ្លួន​ម្នាក់ឯង​​ពិ​បាក​បិទ Messi ណាស់​
កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk សារភាពថា​ខ្លួន​ម្នាក់ឯង​​ពិ​បាក​បិទ Messi ណាស់​
19, Apr 2019 , 5:19 pm        
រូបភាព
Virgil van Dijk ខ្សែការពារ​ឆ្នើម Liverpool សារភាពថា​ខ្លួន​មិនអាច​បិទ Lionel Messi តែម្នាក់ឯង​ជាប់​នោះទេ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់នឹង Barcelona​។​


 
Van Dijk កំពុងស្ថិត​ក្នុង​បញ្ជី​បេក្ខភាព​ដណ្តើមពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​អង់គ្លេស​ដោយសារ​ទម្រង់​ការពារ​ដ៏​អ​ស្ចារ​របស់គេ​សម្រាប់ Liverpool ចាប់តាំងពី​ក្លាយជា​ខ្សែការពារ​ថ្លៃ​បំផុត​លើ​លោក​ក្រោយ​ផ្លាស់​ពី Southampton ក្នុងតម្លៃ ៩៨​លាន​ដុល្លារ​អាមេរិក កាលពី​ខែមករា ឆ្នាំមុន​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី ខ្សែការពារ​សញ្ចា​តិ​ហូ​ឡង់ វ័យ​២៧​ឆ្នាំ​រូបនេះ​ជឿជាក់ថា​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​បញ្ឈប់​កីឡាករ​ឆ្នើម​ដូចជា Messi ដែល​ស៊ុត​បញ្ចូល​ទី ៤៥ គ្រាប់​រដូវ​កាល​នេះ​គឺជា​រឿង​ចាំបាច់​បំផុត​។ Messi បាន​ជួយ Barca ទម្លាក់ Manchester United ដើម្បី​ឈានដល់​វគ្គ ៤​ក្រុម​ចុង​ក្រោយនេះ​។​
 
«​ខ្ញុំ​គិតថា Messi ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​។ ជំនួប Liverpool និង Barca នឹង​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើងទាំងអស់គ្នា​។ យើង​និយាយ​ពី​ការធ្វើ​អ្វីមួយ​រួមគ្នា ព្រោះនេះ​មិនមែន​ការប្រឈមមុខគ្នា​រវាង​ខ្ញុំ និង Messi នោះទេ​។ នេះ​ជាការ​លើកឡើង​របស់ Van Dijk ដែល​រកបាន​១​គ្រាប់​ឲ្យ​ហង្ស​ក្រហម​ក្នុង​ជ័យជម្នះ ៤-១ លើ​ក្រុម FC Porto នា​ការប្រកួត​ជើង​ទី​២​។​
​ដើម្បី​ពង្រឹង​តំបន់​ការពារ​របស់ Liverpool ក្នុងការ​តទល់​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​នេះ Van Dijk ជឿជាក់ថា​ការវិល​ត្រលប់​របស់​ខ្សែការពារ Joe Gomez នឹង​បង្កើត​ភាពជា​ដៃគូ​ដ៏​ល្អ​ដើម្បី​នាំ​ក្រុម​លោក Jurken Klopp ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជាថ្មី​ម្តងទៀត​៕

Tag:
 បាល់ទាត់​
  UEFA Champions League
  Virgil van Dijk
© រក្សាសិទ្ធិដោយ thmeythmey.com