អន្តរជាតិ
ក្សត្រ​ថៃ​ចេញ​ក្រមសីលធម៌​តឹងរ៉ឹង​ជំរុញ​មន្ត្រីរាជការ​ឲ្យ​ស្ម័គ្រស្មោះ​នឹង​ជាតិ និង​ទុក​ប្រយោជន៍​រដ្ឋ​ជាធំ​
20, Apr 2019 , 10:29 am        
រូបភាព
ដោយ:
​ក្រម​ប្រតិបត្តិ​ដ៏​តឹងរ៉ឹង​បំផុត​មួយ​សម្រាប់​មន្ត្រីរាជការ​ថៃ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០១៩ ។ ច្បាប់​ស្តង់ដារ​ក្រមសីលធម៌ នឹងដាក់​ឲ្យ​អនុវត្ត​នៅ​ស្ទើរ​គ្រប់​ភ្នាក់ងាររដ្ឋ​ទាំងអស់ និង​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​មួយ ដែលមាន​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​។ គណៈកម្មាធិការ​នេះ មាន​កាតព្វកិច្ច​ធានា​ឲ្យ​បាន​ថា មន្ត្រី​ទាំងនោះ ប្រព្រឹត្ត​កិច្ចការ​នានា​ដោយ​អនុលោម​តាម​គោលការណ៍​ដែល​រៀបចំឡើង​ដោយ​ច្បាប់​នេះ​។

 
​ក្នុង​កថាខណ្ឌ ៥ នៃ​ច្បាប់​ស្តង់ដារ​ក្រមសីលធម៌​ដែល​បាន​ចុះ​ក្នុង​សៀវភៅ​រាជកិច្ច មន្ត្រីរាជការ​ដែល​ស្ថិតក្រោម​អំណាចច្បាប់​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ជាច្រើន ពិសេស​ត្រូវ​ស្ម័គ្រស្មោះ​នឹង​ជាតិ សាសនា រាជាធិបតេយ្យ និង​របប​ប្រជាធិបតេយ្យ ដោយមាន​មហាក្សត្រ​ជា​ប្រមុខរដ្ឋ​។ លើសពីនោះ មន្ត្រី​ទាំងអស់ ក៏ត្រូវ​តែ​ធ្វើ​តែ​អំពើ​ល្អ មាន​ទំនួល​ខុសត្រូវ​លើ​រាល់​ភារកិច្ច និង​ផ្ដល់​អាទិភាព​លើ​ផលប្រយោជន៍​រួម​ច្រើនជាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ព្រមទាំង​រក្សា​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​ប្រពៃ​របស់​អង្គភាព​។​
 
​ដោយឡែក កថាខណ្ឌ ៣ នៃ​ច្បាប់​នេះ ចែងថា ច្បាប់​ស្តីពី​ក្រម​ប្រតិបត្តិ​ដ៏​តឹងរ៉ឹង​នេះ ដាក់​ឲ្យ​អនុវត្ត​គ្រប់​ក្រសួង នាយកដ្ឋាន រដ្ឋបាល​មូលដ្ឋាន និង​សហគ្រាស​រដ្ឋ​ទាំងអស់​។ ប៉ុន្តែ ច្បាប់​នេះ លើកលែង​ការអនុវត្ត​ចំពោះ ការិយាល័យ​របស់​សភា តុលាការ និង​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​នានា ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ឯករាជ្យ​។ 
 
​បើតាម​សារព័ត៌មាន​ថៃ Khaosod គណៈកម្មាធិការ​មួយ​មាន​សមាជិក​១២​នាក់​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​នាយករដ្ឋមន្ត្រី​ថៃ នឹង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ត្រួតពិនិត្យ​លើ​ភ្នាក់ងាររដ្ឋ​នានា​ជុំវិញ​ស្តង់ដារ​ក្រមសីលធម៌​ដែល​បានលើកឡើង លើកកម្ពស់​គុណ​តម្លៃ​សីលធម៌ ដោះស្រាយ​ជម្លោះ​ដោយ​ប្រើ​ច្បាប់ និង​ផ្តល់យោបល់​ឲ្យ​រដ្ឋាភិបាល​លើ​បញ្ហា​ពាក់ព័ន្ធ​។​
 
​យ៉ាងណាមិញ គេ​ពុំ​ឃើញ​មាន ការលើកឡើង​ពី​កម្រិត​នៃ​ការដាក់ទោសទណ្ឌ​ក្នុង​ច្បាប់​ស្តី​ក្រម​ប្រតិបត្តិ​នេះឡើយ​។ បុព្វកថា​នៃ​ច្បាប់​នេះ គូសបញ្ជាក់ថា ស្តេច Vajiralongkorn បានសម្រេច​ចុះ​ព្រះ​ហ​ស្ថ​លេខា​អនុម័ត​ច្បាប់​នេះ ដោយ​ទទួល​បានការ​ផ្តល់យោបល់​ពី​សភាជាតិ ក្រោយ​ទ្រង់​បានចេញ​ព្រះរាជក្រឹត​បង្គាប់​ឲ្យ​មានការ​តាក់តែង​ច្បាប់ ដើម្បី​គ្រប់គ្រង​លើ​ស្តង់ដារ​ក្រមសីលធម៌​៕

Tag:
 ថៃ​
  មហាក្សត្រ​
  មន្ត្រីរាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com