ជាតិ
សង្គមជាតិ
នៅផ្ទះ​គ្មាន​ភ្លើង ក្មេង​ប៉េ​រូ​ម្នាក់​ធ្វើ​កិច្ចការ​សាលា​ដោយ​ពឹង​អំពូល​ភ្លើង​តាមផ្លូវ​
20, Apr 2019 , 6:29 pm        
រូបភាព
ដោយ: ធីតា
​នៅ​ប៉េ​រូ ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ត្រូវ​បង្ខំចិត្ត​ទៅធ្វើ​កិច្ចការ​សាលា​របស់ខ្លួន​តាម​ចិញ្ចើមផ្លូវ ដោយសារតែ​ឪពុកម្តាយ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង់ថ្លៃ​អគ្គិសនី​ចូល​ផ្ទះ​។ សកម្មភាព​របស់​ក្មេងប្រុស​នោះ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព (CCTV) ហើយ​បាន​ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា​ពេញ​បណ្តាញ​សង្គម​។ អាជ្ញាធរ​មូលដ្ឋាន​ក៏​រអៀសខ្លួន​ផងដែរ ក្រោយ​ឃើញ​ទិដ្ឋភាព​បែបនេះ​។​

 
Victor Martin Angulo Cordoba រស់នៅ​ក្រុង Moche ប្រទេស​ប៉េ​រូ ខំប្រឹងប្រែង​ធ្វើ​កិច្ចការ​សាលា​របស់ខ្លួន ដោយ​ពឹង​ផ្អែកលើ​ពន្លឺ​អំពូល​ភ្លើង​នៅតាម​ផ្លូវ​។ យោងតាម​ការផ្សាយ​រប​ស់ Panamericana TV. កុមា​រវ័យ​១២​ឆ្នាំ​រូបនេះ មិនអាច​ធ្វើ​លំ​ហាត់​នៅផ្ទះ​របស់ខ្លួន​បាន​នោះឡើយ ដោយសារតែ​គ្មាន​ពន្លឺ​អគ្គិសនី​។​
 
​គ្រួសារ​របស់​កុមារ Victor ស្ថិតក្នុង​ចំណោម​គ្រួសារ​ជាច្រើន​ដែល​គ្មាន​លទ្ធ​ទិញ​កុង​ទ័​រ​អគ្គិសនី និង​សេវាកម្ម​អគ្គិសនី​ចូល​ផ្ទះ ដោយសារតែ​តម្លៃ​ខ្ពស់​។ រៀន​នៅ​ថ្នាក់​ទី​៦ កុមារ Victor តែងតែ​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​សិក្សា ហើយ​គេ​មិនដែល​ខកខាន​ធ្វើ​កិច្ចការ​សាលា​ម្តងណា​នោះឡើយ ដោយ​តែងតែ​ពឹងផ្អែក​ចិញ្ចើមថ្នល់ និង​អំពូល​ភ្លើង​សាធារណៈ​នៅពេល​យប់​។​


 
​ជា​កូនពៅ​ក្នុង​គ្រួសារ​ដែលមាន​កូន​បីនាក់ Victor បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​តំបន់​ថា គេច​ង់​ក្លាយជា​មន្ត្រីប៉ូលិស​ម្នា​ក់នា​ពេលអនាគត ព្រោះ​ចង់​ចូលរួម​លុបបំបាត់​អំពើពុករលួយ​ក្នុងប្រទេស​ប៉េ​រូ​ទាំងមូល​។​
 
​ម្តាយ​របស់ Victor បាន​អះអាងថា គាត់​គ្មាន​លទ្ធភាព​បង់ថ្លៃ​ភ្លើង​ឡើយ ប៉ុន្តែ​នៅផ្ទះ​កូន​គាត់​អាច​ប្រើ​ទៀន​បាន​។ ទោះបីជា​យ៉ាងណាក៏ដោយ Victor ជា​ញឹកញាប់ ចូលចិត្ត​ធ្វើ​កិច្ចការ​សាលា​នៅតាម​ចិញ្ចើមផ្លូវ ដោយ​ពឹង​លើ​អំពូល​សាធារណៈ​។​
 
​ក្រោយ​ការផ្សាយ​រូបភាព និង​វីដេអូ​ស្តីពី​សកម្មភាព​របស់ Victor លោក Arturo Fernadez Bazan ដែលជា​ចៅហ្វាយក្រុង Moche បាន​ទៅដល់​ផ្ទះ​របស់​កុមារ​រូបនេះ​។​
 
​ជាមួយនឹង​ការ​អ​ណិ​ត​អាសូរ លោក Arturo បាន​ជួយឧបត្ថម្ភ​សម្ភារ​សិក្សា ហើយ​ថែមទាំង​ជួយ​ត​បណ្តាញ​ភ្លើង​ចូល​ផ្ទះ​របស់ Victor ថែមទៀត​។ លោក Arturo រ៉ាប់រង​ការចេញ​ថ្លៃ​អគ្គិសនី ដែល​ធ្វើ​ឲ្យ Victor មិនចាំបាច់​ប្រញាប់​បញ្ចប់​កិច្ចការ​នៅក្នុង​បណ្ណាល័យ​របស់​សាលា ឬ​អង្គុយ​ធ្វើ​នៅតាម​ចិញ្ចើមផ្លូវ​ទៀត​នោះឡើយ​៕
 

Tag:
 អប់រំ​
  អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com