ជាតិ
សង្គមជាតិ
ហ្វាំ្រងឡានមិនស៊ី បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង២០នាក់នៅខេត្តព្រះសីហនុ
× ព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់ និង២០នាក់ទៀតរងរបួសធ្ងន់-ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសាររថយន្តមួយគ្រឿងចាប់ហ្រាំងមិនស៊ី ហើយបានទៅបុករបងផ្ទះប្រជាពលរដ្ឋ និងបុកបង្គោលភ្លើង កាលពីល្ងាចថ្ងៃទី១៩មេសា ឆ្នាំ២០១៩។ នេះបើយោងអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយខ្លួនឯងដោយរថយន្តមួយគ្រឿងម៉ាក SANGYON ពណ៌ស ស្លាកលេខ ភ្នំពេញ 2Q-8694 បានចុះចំណោទពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ រថយន្តចាប់ហ្វ្រាំងមិនស៊ី បានជ្រុលទៅបុកនឹងរបងផ្ទះ ព្រមទាំងបង្គោលភ្លើង។ អ្នកបើកបរឈ្មោះ អិត វិន ភេទប្រុស អាយុ២៩ឆ្នាំ បានដឹកអ្នកដំណើរ២១នាក់ (ស្រី៥នាក់) ជាកម្មករសំណង់ដែលមានទីលំនៅភូមិតាសាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
លោកបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្សស្លាប់២នាក់ ឈ្មោះ ទូច សុផាន់ ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ឯក ហេន ភេទស្រី អាយុ៥៣ឆ្នាំ។ រីឯអ្នករងរបួសធ្ងន់មនុស្ស ៧នាក់ និងរបួសស្រាល១៣នាក់។ អ្នករងរបួសទាំងអស់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត និងបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com