អន្តរជាតិ
គ្រាប់បែកអាតូមិចអាមេរិកបញ្ចប់សង្គ្រាមលោកទី២ តែបង្កើតសង្គ្រាមត្រជាក់ រូបភាព៖ Getty Image
× ការវាយហារលើកោះ ហាវ៉ៃរបស់សហរដ្ឋអាមេរិកយ៉ាងដំណំពីសំណាក់ជប៉ុនចុងឆ្នាំ ១៩៤១ ជំរុញឲ្យអាមេរិកចូលប្រឡូកចូលក្នុងសង្គ្រាមលោកលើកទីពីរ។ ក្នុងសង្គ្រាមនេះជប៉ុន និងអាមេរិកបានប្រើប្រាស់កម្លាំងយោធា និងចំណាយជីវិតទាហានរួមជាមួយធនធានយ៉ាងច្រើនដែរ។
បើតាមគេហទំព័រ nationalww2museum.org គ្រាន់តែនៅសមរភូមិកោះអូគីណាវ៉ាមួយ ការប្រយុទ្ធគ្នាបានឆក់យកជីវិតទាហានអាមេរិកដល់ទៅប្រមាណប្រាំម៉ឺននាក់ និងទាហានជប៉ុនប្រមាណ១សែននាក់។ ដោយសារបញ្ហានេះ ប្រធានាធិបតីអាមេរិកសម័យនោះលោក Harry Truman បានសម្រេចចិត្តមិនបញ្ជូនទ័ព និងសព្វាវុធបន្ថែមទៅច្បាំងប្រឆាំងជប៉ុនទៀតទេ។
អត្ថបទមួយមានចំណងជើងថា «Atomic Bomb Dropped on Hiroshima» ចុះផ្សាយនៅលើគេហទំព័រ History បានពន្យល់ថា លោក Truman បានសម្រេចប្រើប្រាស់មធ្យោបាយថ្មីដែលមានលក្ខណៈកាចសាហាវ តែមានប្រសិទ្ធភាពក្នុងការបញ្ចប់សង្គ្រាមឲ្យបានរហ័ស និងមិនចំណាយជីវិតទាហានច្រើន។ មធ្យោបាយនោះគឺការប្រើប្រាស់គ្រាប់បែកអាតូមិច។
ភ្លាមនោះ អាមេរិកចាប់ផ្តើមសាងសង់រោងចក្រ និងស្រាវជ្រាវបច្ចេកទេសដែលអាចបង្កើតអាវុធប្រភេទនេះបាន។ ក្នុងពេលតែមួយដែលអាល្លឺម៉ង់ក៏បានស្រាវជ្រាវដើម្បីផលិតគ្រាប់បែកអាតូមិចដែរ។
តែក្នុងខែកក្កដា ឆ្នាំ១៩៤៥ អាមេរិកបានសម្រេចការផលិតអាវុធនេះ ដែលធ្វើឲ្យអាល្លឺម៉ង់ខឹងសម្បារខ្លាំងដែរ។ មិនបង្អង់យូរ អាមេរិកបានទម្លាក់គ្រាប់បែកអាតូមិចពីរគ្រាប់ ដែលមានឈ្មោះក្រៅថា Fat Man និង Little Boy លើទីក្រុងជប៉ុនចំនួនពីរ។
ទីមួយគឺ ទីក្រុង Hiroshima ថ្ងៃទី៦ ខែសីហា ដែលបានសម្លាប់មនុស្សជាង៨ម៉ឺននាក់ភ្លាមៗ និងជាច្រើនអ្នកដទៃទៀតក្រោយពេលកើតហេតុ។ បីថ្ងៃក្រោយមក ទីក្រុង Nagasaki ក៏បានជួបប្រទះជោគវាសនាស្រដៀងគ្នាដែរ។ មនុស្សប្រមាណ៤ម៉ឺននាក់ទៀតបានបាត់បង់ជីវិត។ ប៉ុន្មានថ្ងៃក្រោយមក ជប៉ុនព្រមចុះចាញ់សង្គ្រាម។
គ្រាប់បែកអាតូមិច បានធ្វើឲ្យអាមេរិកមានអំណាចនិងឥទ្ធិពលយ៉ាងខ្លាំងលើពិភពលោក។ ប៉ុន្តែរឿងនេះក៏បានធ្វើឲ្យសហភាពសូវៀតមិនសប្បាយចិត្តឡើយ។ ទំនាក់ទំនងរវាងអាមេរិក និងសហភាពសូវៀតកាន់តែល្អក់កករបន្តិចម្តងៗ។ ក្នុងឆ្នាំ១៩៤៩ សូវៀតបានស្រាវជ្រាវផលិតគ្រាប់បែកអាតូមិចផ្ទាល់ខ្លួន ដើម្បីប្រកួតជាមួយនឹងលោកខាងលិច ហើយវាកជាពេលដែលសង្គ្រាមត្រជាក់រវាងមហាអំណាចនុយក្លេអ៊ែទាំងពីរចាប់ផ្តើមដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com