ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លោក ផាន ឈប់​ធ្វើ​ទាហាន មក​លក់​ផ្លែ​ត្នោត ដើម្បី​បាន​នៅ​មើលថែ​គ្រួសារ​
20, Apr 2019 , 9:59 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖​លោក ជៀម ផាន បាន​បោះបង់ចោល​ការងារ​ជា​យោធា មក​លក់​ផ្លែ​ត្នោត រយៈពេល​៦​ឆ្នាំ​មកហើយ​។ មាន​វ័យ ៥២​ឆ្នាំ លោក ផាន បាន​ប្រាប់ ThmeyThmey25 លោក​បោះបង់ចោល​តួនាទី​ជា​យោធា ព្រោះ​ចង់​រស់នៅ​ជួបជុំ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​គ្រួសារ​។​



​អតីត​ទាហាន​រូបនេះ រៀបរាប់ថា ជា​រៀងរាល់ថ្ងៃ លោក ត្រូវ​ឡើង​កាប់​ផ្លែ​ត្នោត​ពី​ព្រឹក​ព្រលឹម ហើយ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​អំឡុង​ម៉ោង ១១​ព្រឹក​។ បន្ទាប់ពី​បរិភោក​បាយ​រួច លោក ត្រូវ​ដឹក​ផ្លែ​ត្នោត​ទាំងនោះ​តាម​រ៉ឺម៉ក​ទាំង​ធ្លាយៗ​តែម្តង យកទៅលក់​នៅមុខ​សាលាបឋមសិក្សា​ទក្សិណ ក្នុង​ក្រុង​កំពង់ចាម​។ លោក ផាន អាច​លក់​គ្រាប់ត្នោត ដែលមាន​ប្រមាណ​ពី ១០​ទៅ​១២​គ្រាប់ មួយកញ្ចប់ ក្នុងតម្លៃ​៥​ពាន់​រៀល​។ នេះ​បើតាម​ការបញ្ជាក់​ពី​បុរស​វ័យ​៥២​ឆ្នាំ​រូបនេះ​។ លោក ឲ្យ ThmeyThmey25 ដឹង​ទៀតថា ក្នុង​មួយថ្ងៃ លោក​អាច​លក់បាន​ប្រាក់ ពី​៣​ម៉ឺន ទៅ​ប្រាំ​ម៉ឺន​រៀល​។ 


 
​តាមពិតទៅ លោក ផាន មិនមាន​ដើមត្នោត​ខ្លួនឯង​ឡើយ ប៉ុន្តែ​លោក​បាន​ជួល​ដើមត្នោត​ប្រមាណ​១០០​ដើម ពី​អ្នកភូមិ​ឲ្យ​ថ្លៃ​២​ម៉ឺន​រៀល ក្នុង​មួយ​ដើម  ដើម្បី​ទុក​ប្រមូល​ផល​ផ្លែ​ពេញ​មួយឆ្នាំ​។ ទោះជា​របរ​នេះ​នឿយ​បន្តិច​មែន ប៉ុន្តែ​លោក ផាន អះអាងថា លោក​សប្បាយចិត្ត ព្រោះ​បាន​នៅក្បែរ​គ្រួសារ​៕




 
 

Tag:
 ផ្លែ​ត្នោត​
 ​មុខរបរ​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com