ជាតិ
ប្រឡាយ​ទឹកស្អុយ​បឹងត្របែក ជា​ប្រធានបទ​ប្រកួត​ច្នៃប្រឌិត​គូរ​ប្លង់ របស់​ស្ថាបត្យករ​វ័យក្មេង​
21, Apr 2019 , 7:59 am        
រូបភាព
​សមាគម​ស្ថាបត្យករ​កម្ពុជា បានរៀបចំ​គម្រោង​ទីក្រុង​និង​ជីវិត​(City and Life) សម្រាប់​និស្សិត​ស្ថាបត្យករ​មកពី​សាលា​ផ្សេងៗ ចូលរួម​ប្រកួតប្រជែង​សរសេរ​គម្រោង​គូរ​ប្លង់​។ ប្រធានបទ​ប្រកួត​ច្នៃប្រឌិត​របស់​ស្ថាបត្យករ​វ័យក្មេង គឺ​ការ​គូរ​ប្លង់​ពី​«​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​»​។​

 
​សមាគម​ស្ថាបត្យករ​កម្ពុជា បាន​សម្រេចយក​ទីតាំង​ផ្លូវ​ប្រសព្វ​លេខ​៤៧១ និង​១០១ ជាទី​តាំង​ប្រកួតប្រជែង​ក្នុងការ​គូរ​ប្លង់​ច្នៃប្រឌិត ពី​ប្រព័ន្ធ​លូទឹកស្អុយ និង​ទីតាំង​តំបន់​នោះ ឲ្យ​មាន​បរិស្ថាន រួមទាំង​ដំណើរការ​រស់នៅ​ប្រកបដោយ​ផាសុខភាព​។ លោក តាំង សុចិត្រ​វិទូ នាយក​នៃ​Architecture Design Intelligence បាន​និយាយថា ការដាក់​ប្រធានបទ​បែបនេះ ដោយសារ​លោក​មើលឃើញថា​បញ្ហា​បរិស្ថាន និង​ប្រព័ន្ធ​ប្រឡាយ​ទឹកស្អុយ ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​កែប្រែ ជាមួយ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។  
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក តាំង សុចិត្រ​វិទូ ៖«​ពេល​ដាក់​តំបន់​នេះ ជាទី​តាំង​ប្រកួតប្រជែង យើង​នឹង​ឃើញ​ពី​គំនិត​ច្នៃប្រឌិត​កែប្រែ​តំបន់​ប្រឡាយទឹក​ស្អុយ​នេះ ដោយ​ស្នាដៃ​របស់​ស្ថាបត្យករ​វ័យក្មេង​កម្ពុជា​។ បន្ទាប់ពី​រកឃើញ​ជ័យលាភី​គម្រោង​គូរ​ប្លង់​នៅ​តំបន់​នេះ រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន ឬ​អ្នក​ដែលមាន​លទ្ធភាព អាច​នឹង​យក​គម្រោង​នោះ មក​អនុវត្ត​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​ទីតាំង​នេះ​ឲ្យ​មាន​ភាពប្រសើ​ឡើង​»​។ 
 
​បើតាម​គណៈកម្មការ​វាយតម្លៃ​រូបនេះ ប្រធានបទ​ខាងលើ គឺ​ដើម្បី​ស្វែងរក​អ្នកមាន​គំនិត​ច្នៃប្រឌិត​ក្នុងការ​គូរ​ប្លង់ និង​រួមចំណែក​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង និង​បរិស្ថាន​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ជាពិសេស ផ្ដោត​សំខាន់​លើ​កាកសំណល់ ទឹកស្អុយ និង​ប្រព័ន្ធ​លូ ដែល​បង្កដោយ​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​
 
​ក្រុម​ស្ថាបត្យករ​វ័យក្មេង​កម្ពុជា បានដាក់​ពាក្យ​ប្រកួត​៣២​ក្រុម មកពី​៥​សាកលវិទ្យាល័យ​។ សម្រាប់​អ្នកទទួលបាន​ជ័យលាភី​លេខ​មួយ ទទួលបាន​ប្រាក់​១៥០០​ដុល្លារ លេខ​ពីរ​ទទួលបាន​១០០០​ដុល្លារ និង​លេខ​បី​ទទួលបាន​៥០០​ដុល្លារ​។ ជ័យលាភី​ទាំងបី​នឹងត្រូវ​បាន​យកទៅដាក់​តាំងនៅ​កម្មវិធី Cambodia Architecture and Décor Exhibition នៅ​ថ្ងៃទី​៦​ដល់​៨ មិថុនា ឆ្នាំ​២០១៩៕ 

Tag:
 ​ស្ថាបត្យករ​
  ប្រកួត​គូរ​ប្លង់​
© រក្សាសិទ្ធិដោយ thmeythmey.com