ONE Championship
កីឡាជាតិ
ជាតិ
សុខ ធី នឹង​ឡើង​សង្វៀន ONE ទោះ​ជាប់​ពិន័យ​ពី​សហព័ន្ធ​ប្រដាល់​កម្ពុជា​
21, Apr 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​ប្រដាល់​កម្ពុជា សុខ ធី ហៅ កា​កា នៅតែ​ត្រូវផ្គូផ្គង​ឲ្យ​ប្រកួត​នៅក្រៅ​ប្រទេស​ជាពិសេស​លើស​ង្វៀន​កម្រិត​ពិភពលោក One Championship​។ នេះ​ជាការ​បង្ហើប​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ គ្រូបង្វឹក​ប្រចាំ​ក្លិប Cambodian Top Team បន្ទាប់ពី​សុខ ធី ប្រកាស​ឈប់​វាយ​ក្នុងស្រុក ដ្បិត​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ពិន័យ​រូបគេ​មិន​ឲ្យ​ឡើង​ប្រកួត​គ្រប់​កម្មវិធី រយៈពេល ៦ ខែ​។


 
​លោក ហ៊ុន ច័ន្ទ​រាជ្យ បញ្ជាក់ថា ៖«​មិន​អី​ទេ សុខ ធី នៅ​វា​បាន​លើ​ឆាក​អន្តរជាតិ ហើយ​គេ​ជា​កីឡាករ​ប្រចាំ​នៅ One Championship ដែរ​។ ផុត​បម្រាម គឺ​ឡើង​វ​បាន​ហើយ​។ ការពិន័យ​របស់ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មិន​ខុស​ទេ ព្រោះ​បើ​យើង​ឈប់​វ៉ៃ និង ដកខ្លួន​ចេញពី​ការប្រកួត​ដែលមាន​ចុះ​កុងត្រា គឺ ខូច​កម្មវិធី​គេ​ពេល​ប្រកួត​វគ្គ​ជម្រុះ​នៅ​សង្វៀន ស៊ី​អិន​ស៊ី​។ យ៉ាងណាក្ដី​យើង​មាន​ទំនាក់ទំនង​ទៅ​ប្រកួត​ក្រៅប្រទេស​សម្រាប់ សុខ ធី ដដែល​»​។​
 
​លើសពីនេះទៅទៀត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ដដែល​សង្កត់ធ្ងន់​ថា សហព័ន្ធ​មាន​ទំនាក់​ទំនងជា​ហូរហែ​ជាមួយ​ដៃគូ​ក្រៅប្រទេស​សម្រាប់​កីឡាករ​ទាំងអស់​ទៅ​ប្រកួត​មិនមែន​តែ កា​កា មួយ​នោះទេ​ហើយ​កីឡាករ​ល្អៗ​ប្រចាំ​កម្ពុជា​នឹង​ទទួលបាន​ឱកាស​ទៅ​ប្រកួត​លំដាប់​អន្តរជាតិ​ដូចគ្នា​។ កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ​នៅតែ​ចេញចូល​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team និង​ពេល​ខ្លះទៅ​ហាត់​នៅ​ក្លិប​ប្រទេស​ថៃ ដើម្បី​ត្រៀម​ប្រកួត​កម្រិត​អន្តរជាតិ​នានា​។ 
 
​កា​កា​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ ជា​កីឡាករ​ប្រដាល់​ដ៏​លេចធ្លោ​ម្នាក់​នៅក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការចាប់​ទៅ​វ៉ៃ​នៅ​ប្រទេស​លើស​ង្វៀន​ល្បីៗ ដូចជា ប៉ុស្តិ៍ ៧ និង ប៉ុស្តិ៍ លេខ​៨​ថៃ​ជាដើម​។ 
 
​កា​កា ឡើង​ប្រកួត​លើស​ង្វៀន​កម្រិត​អន្តរជាតិ One Championship បាន​ចំនួន ២ ដង​។ ការប្រកួត​លើក​ទី​១ កា​កា ចាញ់​ជើង​ខ្លាំង​កីឡាករ​ថៃ Leardsila ដោយ​ពិន្ទុ កាល​ពាក់កណ្ដាល​ឆ្នាំ ២០១៨​។ ក្រោយមកទៀត សង្វៀន​ដដែល​នេះ​ចាប់​គូ​ឲ្យ​មានការ​ប្រកួត​សងសឹក ប៉ុន្តែ កា​កា នៅតែ​ចាញ់​ពិន្ទុ លើ​កីឡាករ​ថៃ​ដដែល ក្នុងជំនួប​សងសឹក​កាល​ចុងឆ្នាំ ២០១៨​។ គួររំលឹកថា កាល​ខែ មេសា ឆ្នាំ ២០១៨ កា​កា ជា​ម្ចាស់​ជើងឯក​គុន​ខ្មែរ​គូ​បូ​តា​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​បាយ័ន បន្ទាប់ពី​ឈ្នះ ពិន្ទុ ឡុង ជិន​៕ 
 
 

Tag:
 សុខ ធី​
  ប្រដាល់​
© រក្សាសិទ្ធិដោយ thmeythmey.com