ជាតិ
ភូមិ​ចំនួន​៥​របស់​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប​កំពុង​ខ្វះ​ទឹក​ប្រើ​
20, Apr 2019 , 4:25 pm        
រូបភាព
​សៀមរាប​៖ អាកាសធាតុ​នៅ​ឆ្នាំនេះ​មានការ​ប្រែប្រួល​គួរឱ្យកត់សម្គាល់​។ ដោយ​ទទួលរង​នូវ​កម្ដៅ​ខ្លាំង​នៅ​ឆ្នាំនេះ ធ្វើឱ្យ​តំបន់​ខ្លះ​នៃ​ប្រទេស​កម្ពុជា ជួប​គ្រោះរាំងស្ងួត ខ្វះ​ទឹក ក្នុងនោះ​អ្នកភូមិ​ចំនួន​៥ របស់​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ក៏​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ដែរ​។ អ្នកភូមិ​និយាយថា អណ្ដូងទឹក​របស់​ពួកគេ​បាន​ខះ​ជាង​មួយខែ​មកហើយ​។​

 
​ជា​រឿង​ដែល​គួរឱ្យ​បារម្ភ​មួយ​របស់​អ្នកភូមិ​នៅ​សង្កាត់​ទឹក​វិល ដែល​នៅ​កៀក​បារាយណ៍​ខាងលិច កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើ​។ នៅ​ឆ្នាំ​២០១៦ អ្នកភូមិ​នេះ​ធ្លាប់​ជួប​បញ្ហា​ដូចគ្នានេះ​រួច​ម្ដង​ហើយ ដោយនៅ​ឆ្នាំ​នោះ​អាកាសធាតុ​ប្រហាក់ប្រហែល​ដូច​ឆ្នាំ​នេះដែរ រីឯ​ទឹក​ក្នុង​បារាយណ៍​ខាងលិច ដែលជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​មួយ​របស់​ក្រុង​អង្គរ បាន​គោក​រីងស្ងួត​អស់​គ្មាន​សល់​។ សម្រាប់​នៅ​ឆ្នាំនេះ បរិមាណ​ទឹក​នៅ​តិចតួច​បំផុត​។​


 
​លោក ហ៊​ន ហ៊​ត អ្នកភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ពេល​ចុះ​យក​ព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែមេសា​ថា អណ្ដូង​របស់លោក​បាន​ស្ងួត បូម​លែងចេញ​ទឹក​ជាង​មួយខែ​មកហើយ គឺ​នៅ​អំឡុង​ខែមីនា​មក​។ សព្វថ្ងៃ លោក ហ៊​ត ត្រូវ​ទៅយក​ទឹក​នៅ​អណ្ដូងស្នប់​ឯ​សាលាឆទាន​ខាងកើត​ភូមិ​ជា​អណ្ដូង​ធំ ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៦០០​ម៉ែត្រ ហើយ​ក្នុង​មួយថ្ងៃ​លោក​ត្រូវ​ដឹក​ទឹក​ពី​ទីនោះ​ចំនួន ៤​ប៉ី​ដុង​ធំៗ សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​។​


 
​ផ្ទះ​លោក ហ៊​ត នៅមុខ​អណ្ដូង​ធំ​របស់​រដ្ឋាករ​ទឹកស្អាត​ក្រុង​សៀមរាប​។ ហេតុ​ដូច្នេះហើយ ទើប​ទាញ​ការ​សន្និដ្ឋានថា មកពី​អណ្ដូង​ទឹកតូច​របស់លោក​ដែលមាន​ជម្រៅ​ត្រឹម​២០​ម៉ែត្រ មិនអាច​ទាញ​ទឹក​ឈ្នះ​អណ្ដូង​ធំ​នោះបាន​។ តាម​ការលើកឡើង​រប​ស់លោក ហ៊​ត អណ្ដូងទឹក​អ្នកភូមិ​ដែល​នៅតាម​បណ្ដោយ​ផ្លូវធំ​ជាប់​អណ្ដូង​ទឹកធំ​របស់​រដ្ឋា​ករ​ទឹក គឺ​គ្មាន​ទឹក​ទាំងអស់ លើកលែងតែ​អណ្ដូង​ណា​ដែលមាន​ជម្រៅ​ជ្រៅៗ ចាប់ពី​៥០​ទៅ​៧០​ម៉ែត្រ​ឡើង​។ លោក ហ៊​ត ថា គ្រួសារ​លោក​មិនទាន់មាន​លទ្ធភាព​បុក​អណ្ដូង​ខ្នាត​ធំ​នេះ​ទេ​។​


 
​អ្នកភូមិ​ព្រៃ​ថ្មី​មួយរូប​ទៀត គឺ​អ្នកស្រី ព្រំ សុ​កាន ក៏​ជួប​បញ្ហា​ដូច​លោក ហ៊​ត ដែរ​។ អណ្ដូង​របស់​អ្នកស្រី សុ​កាន មាន​ជម្រៅ​ត្រឹម​១៥​ម៉ែត្រ​តែប៉ុណ្ណោះ ទើប​បណ្ដាលឱ្យ​រីង​ទឹក​មុនគេ​។ ជា​អ្នកលក់ដូរ ហើយ​ត្រូវ​ប្រើប្រាស់​ទឹក​ច្រើន​ផង និង​ទ្រាំ​ពី​ការខ្វះ​ទឹក​ប្រើ​មិនបាន អ្នកស្រី សុ​កាន បាន​យកលុយ​អង្គការ​ចំនួន ៨០០​ដុល្លារ​ដើម្បី​បុក​អណ្ដូង​ខ្នាត​ធំ​ដែលមាន​ជម្រៅ​ជ្រៅ​អាច​ទាញ​ទឹកបាន​ក្នុង​រដូវប្រាំង​នេះ​។​
 
​លោក ហាយ យង់ ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង​នៃ​រដ្ឋបាល​ក្រុង​សៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន​មាន​ត្រឹម​មួយ​សង្កាត់​ប៉ុណ្ណោះ​ក្នុង​ក្រុង​សៀមរាប​ដែល​ប្រឈម​នឹង​ការខ្វះ​ទឹក​នេះ គឺ​សង្កាត់​ទឹក​វិល​តែម្ដង​។ លោក​បន្ដថា ភូមិ​ចំនួន​៥​ក្នុង​សង្កាត់​ទឹក​វិល ដែល​នៅតាម​បណ្ដោយ​ផ្លូវ​ជាប់​អណ្ដូង​ទឹកធំ​របស់​រដ្ឋា​ករ​ទឹកស្អាត ប្រឈមមុខ​ខ្លាំង​លើ​បញ្ហា​នេះ​។ យ៉ាងណា​លោក ហាយ យង់ ថា​គ្រួសារ​ខ្លះ​ដែលមាន​ធនធាន បាននាំគ្នា​បុក​អណ្ដូង​ខ្នាត​ធំ ដែលមាន​ជម្រៅ​ពី​៦០​ទៅ​៧០​ម៉ែត្រ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​
 
​ជាមួយគ្នានេះ ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង​បាន​បញ្ជាក់ថា រដ្ឋបាល​ក្រុងមាន​ផែនការ​ត្រៀម​ចុះ​ចែក​ទឹក​ដល់​ភូមិ​ដែល​ប្រឈម​នឹង​កង្វះ​ទឹក​នេះ​រួចហើយ​ដែរ ដើម្បីឱ្យ​ពលរដ្ឋ​អាច​យក​ទឹកស្អាត​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លែ​។ យ៉ាងណា​លោក ហាយ យង់ មិនបាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការចុះ​ចែក​នៅឡើយ តែ​លោ​កថា អាជ្ញា​ធរមាន​ផែនការ​ចុះ​ចែក​នៅ​ចំណុច​គោលដៅ​២​កន្លែង​ក្នុង​សង្កាត់​ទឹក​វិល​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com