អន្តរជាតិ
អាជ្ញាធរក្រុង Hai Phong របស់វៀតណាម គ្រោងធ្វើផ្លូវដោយប្រើសំណល់ប្លាស្ទិកកែច្នៃ
× អាជ្ញាធរក្រុង Hai Phong របស់វៀតណាម មានគម្រោងប្រើប្រាស់សំណល់ប្លាស្ទិកកែច្នៃដើម្បីសាងសង់ផ្លូវថ្នល់ដែលអាចជាប់ធន់ជាងមុន និងល្អសម្រាប់បរិស្ថាន ជំនួសការបណ្តែតបណ្តោយឲ្យវាក្លាយជាកន្លែងគំនរចាក់សំរាម។ អាជ្ញាធរ អះអាងថា គំនិតផ្តួចផ្តើមនេះ នឹងបង្កើតទីផ្សារសម្រាប់សំណល់ប្លាស្ទិក។
គម្រោងដ៏ប្រពៃនេះ នឹងក្លាយជាកិច្ចប្រឹងប្រែងលើកទីមួយបង្អស់របស់វៀតណាម ដោយទីក្រុងនេះ នឹងសហការជាមួយក្រុមហ៊ុនឯកជនចំនួនពីរ រួមមាន Dow Vietnam និង DEEP C Industrial Complex ដើម្បីសម្រេចគោលដៅនេះ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express ។
ផ្លូវប្រវែងមួយគីឡូម៉ែត្រដំបូង ដែលឆ្លងកាត់ក្នុងតំបន់ឧស្សាហកម្ម Deep C ក្នុងទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាម ត្រូវរំពឹងថា នឹងត្រូវបញ្ចប់ការធ្វើរួចរាល់នាខែកញ្ញា ឆ្នាំ២០១៩នេះ។ សម្រាប់កំណត់ផ្លូវនេះ វាត្រូវការប្លាស្ទិកប្រមាណ៤តោនដែលស្មើនឹង ១លានថង់ប្លាស្ទិក។ ប្លាស្ទិកទាំងនេះ នឹងត្រូវផ្គត់ផ្គង់ដោយក្រុមហ៊ុន Dow វៀតណាម។
បើតាមប្រភពដដែល ក្រោយបញ្ចប់ការសាងសង់ ផ្លូវនេះ នឹងត្រូវធ្វើពិសោធន៍សាកល្បងដោយសកលវិទ្យាល័យ Vietnam Maritime មុននឹងបន្តពង្រីកផ្លូវនេះបន្ថែមទៀត។ វត្ថុធាតដើមចម្បងដែលយកទៅប្រើប្រាស់ក្នុងផលិតកម្មផ្លូវថ្នល់នេះ ជាប្រភេទប្លាស្ទិកម្យ៉ាងដែលងាយស្រួលបត់បែនក្រោយមនុស្សប្រើប្រាស់រួច។
និយាយអំពីដំណើរការនៃផលិតកម្មរបស់វា។ បន្ទាប់ពីត្រូវយកទៅសម្អាត ធ្វើឲ្យស្ងួត និងកាត់ជាដុំតូចៗ ប្លាស្ទិកនេះ នឹងត្រូវយកទៅលាយបញ្ចូលជាមួយកៅស៊ូធ្វើថ្នល់នៅសីតុណ្ហភាពចាប់ពី ១៥០ ទៅ ១៨៩ អង្សា។ នៅកម្រិតកម្តៅនេះ វត្ថុធាតុដើមនេះ នឹងរលាយចូលគ្នាទាំងស្រុងជាមួយកៅស៊ូធ្វើថ្នល់ ដែលធានាពីគុណភាពជាប់បានយូរនៃផ្លូវប្រភេទនេះ។
ជាមួយការកែច្នៃប្លាស្ទិកសម្រាប់គោលដៅបែបនេះ គម្រោងនេះ ក៏នឹងជួយកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ថែមទៀតផង។ ត្រង់ចំណុចនេះ អគ្គនាយកក្រុមហ៊ុន Dow លោក Ekkasit Lakkananithiphan គូសបញ្ជាក់ថា ផ្លូវថ្នល់ដែលផលិតចេញពីប្លាស្ទិកកែច្នៃបែបនេះ គឺជាភស្តុតាង បង្ហាញថា សំណល់ប្លាស្ទិក ទំនងជាក្លាយជាប្រភពថាមពលកកើតឡើងវិញដ៏មានតម្លៃមួយ ដែលនឹងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចបែបរង្វង់ប្លាស្ទិករបស់វៀតណាម។
លោក Ekkasit និយាយបន្តទៀតថា ក្រុមហ៊ុនលោក ធ្លាប់មានបទពិសោធន៍ ជួយសាងសង់ផ្លូវប្រវែងជាង ៩០គីឡូម៉ែត្រ ពីសំណល់ប្លាស្ទិក ក្នុងប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ថៃ និងសហរដ្ឋអាមេរិក។ យោងតាមតួលេខផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ប្រទេសនេះ បោះចោលសំណល់ប្លាស្ទិកប្រមាណ ២៥០០តោនក្នុងមួយថ្ងៃ៕
Tag:
វៀតណាម
សំណល់ប្លាស្ទិក
ផ្លូវជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com