ជាតិ
សេដ្ឋកិច្ច
៥​ឆ្នាំ​ចុងក្រោយ ចំណូល​ពន្ធ​កើនឡើង​៣​ដង​
21, Apr 2019 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​ពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ចំណូល​ពន្ធ​មានការ​កើនឡើង​៣​ដង បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៣ ដែល​គ្រានោះ​រដ្ឋ​ប្រមូល​ពន្ធ បានតែ​៨៨១​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ AKP​។​

 
​លោក គុណ ញឹម ជា​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ បាន​និយាយថា ការប្រមូល​ថវិកាជាតិ​ឆ្នាំ​២០១៨ ប្រមាណ​២៥០០​លាន​ដុល្លារ ដែលជា​ឆ្នាំ​ដែល​ប្រមូល​ពន្ធ​បាន​ខ្ពស់បំផុត បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ឆ្នាំ​នានា ក្នុងពេល​ចុងក្រោយ​នេះ​។ តួលេខ​នេះ បង្ហាញ​ពី​ការកើនឡើង​ប្រមាណ​៣២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​កើនឡើង​៣​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។​


 រូបភាពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP
 
​បើតាម​លោក គុណ ញឹម ប្រភព​ពន្ធអាករ​សំខាន់ៗ ដែល​ប្រមូលបាន​គឺ ពន្ធគយ​ឬ​ពន្ធ​នាំចូល ដែលមាន​ការកើនឡើង​២០​ភាគរយ​, ពន្ធអាករ​លើ​តម្លៃបន្ថែម​(VAT)​កើនឡើង​ជាង​៣០​ភាគរយ និង​ពន្ធអាករ​ពិសេស​លើ​ទំនិញ​មួយចំនួន​៣៥​ភាគរយ​។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បែង​ចែង​មុខទំនិញ សម្រាប់​ងាយស្រួល​ក្នុងការ​តាមដាន​ក្នុងការ​គ្រប់គ្រង​ប្រភព​ចំណូល​ដែល​ប្រមូល​បានជា​បី​ក្រុម រួមមាន​ទី​១ គឺ​ក្រុម​យានយន្ត និង​គ្រឿងចក្រ ហើយ​ក្រុម​នេះ​បាន​ចំណូល​ខ្ពស់​ជាងគេ ក្នុង​ឆ្នាំ​២០១៨ គឹ​បាន​ចំណូល​ប្រមាណ​៤៦​ភាគរយ​នៃ​ចំណូល​សរុប​។ ក្រុមទី​២ គឺ​ទំនិញ​ចម្រុះ រួមមាន​ទាំង​គ្រឿងសំណង់ ដែល​ប្រមូល​ចំណូល​បាន​ជាង​៣៦​ភាគរយ នៃ​ចំណូល​សរុប​ក្នុង​ឆ្នាំ​២០១៨​។ ក្រុមទី​៣ គឺ​ប្រេងឥន្ធនៈ​និង​ថាមពល ដែលមាន​ចំណូល​សរុប​១៩​ភាគរយ​។​
 
​កត្តា​ដែល​ធ្វើ​ឲ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រមូល​ចំណូល​ពន្ធ​កើនឡើង គឺ​ស្ថិរភាព​នយោបាយ ដែល​បង្ក​ឲ្យ​លក្ខខណ្ឌ​ដំណើរការ​ពាណិជ្ជកម្ម រួមជាមួយ​ការវិនិយោគ មានដំណើរ​ការល្អប្រសើ​រ​។ ទន្ទឹមនឹងនេះ លោក គុណ ញឹម ក៏​បញ្ជាក់​ពី​តួនាទី​និង​ភារកិច្ច​ស្នូល​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បី​ចំនុច​សំខាន់ៗ គឺ​ទី​១ ការប្រមូល​ពន្ធអាករ​ពី​ពាណិជ្ជកម្ម​អន្តជាតិ គឺ​ការនាំចេញ​នាំចូល ដើម្បី​ប្រមូល​ថវិការ​ជាតិ​។ ទី​២ ជាការ​ផ្ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​នៅ​កម្ពុជា និង​ទី​៣ ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ការ​គេចពន្ធ​ជាដើម​៕ 
 

Tag:
 ​ចំណូល​ពន្ធ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com