អា​យ៉ៃ​ឆ្លើយ​ឆ្លងតាម​ហ្វេ​ស​ប៊ុ​ករ​វាង​ទូត​អាមេរិក និង​ចិន ជុំវិញ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​
ជាតិ
សេដ្ឋកិច្ច
អា​យ៉ៃ​ឆ្លើយ​ឆ្លងតាម​ហ្វេ​ស​ប៊ុ​ករ​វាង​ទូត​អាមេរិក និង​ចិន ជុំវិញ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​
20, Apr 2019 , 5:00 pm        
រូបភាព
ដោយ: រួបរួម
ស្ថានទូត​មហាអំណាច​អាមេរិក និង​ចិន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករៀងៗ​ខ្លួន បាន​ឌឺដង​ដាក់គ្នា​ទាក់ទង​សកម្មភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ កាលពី​ថ្ងៃទី​១៩ ខែមេសា ទូត​អាមេរិក​បានសរសេរថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​នៅ​កម្ពុជា តែ​ទំនាក់ទំនង​នេះ ចិន​ចំណេញ​ខ្លាំង​ជាង​។ មួយថ្ងៃ​ក្រោយ ពោលគឺ​នៅ​ថ្ងៃទី​២០ ខែមេសា ទូត​របស់​មហា​យក្ស​ចិន បាន​ក្រើនរំលឹក​មិត្ត​កម្ពុជា​ថា អាមេរិក​កំពុងតែ​បង្កបញ្ហា​ម្តងទៀត​ជាមួយនឹង​អ្វីដែល​គេ​ហៅថា​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​។​



​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចុះផ្សាយ​តារាង​ប្រៀបធៀប​តួលេខ​មួយ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន និង​កម្ពុជា​-​អាមេរិក កាលពី​ឆ្នាំ​២០១៧​។ នៅលើ​តារាង​បង្ហាញថា កម្ពុជា​នាំចូល​ពី​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​៥២៨៦​លាន​ដុល្លារ​អាមេរិក ហើយ​នាំ​ចេញទៅ​ចិន​វិញ​តែ​៧៥៣​លាន​ដុល្លារ​តែប៉ុណ្ណោះ​។​

«​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន​។ ប្រហែល ៨៧% នៃ​ទំនិញ​ដោះដូរ​គ្នា​គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការធ្វើអោយមាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ​»​។ នេះ​បើតាម​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ទូត​អាមេរិក ដោយ​បង្ហាញថា ការនាំ​ចូល​ពី​អាមេរិក មាន​ទំហំ​តែ​៤០០​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​កម្ពុជា​បាន​ផល​ពី​ការនាំ​ចេញទៅ​អាមេរិក​វិញ រហូតដល់​ទៅ​៣០៦៦​លាន​ដុល្លារ​ឯណោះ​។​



ជាមួយនឹង​សំណេរ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដោយ​ភ្ជាប់ Hashtag #fullpictureKH ទូត​អាមេរិក​បាន​បញ្ជាក់ថា​៖«​នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែលមាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅរក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែលមាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន​»​។​

​មួយថ្ងៃ​ក្រោយមក សារ​របស់​ទូត​អាមេរិក មិនអាច​ធ្វើ​ឲ្យ​ចិន​នៅ​ស្ងៀម​បាន​នោះឡើយ​។  «​មិត្ត​កម្ពុជា​ទាំងអស់​ចូរ​ប្រុងប្រយ័ត្ន​! សហរដ្ឋអាមេរិក​កំពុងតែ​បង្កបញ្ហា​ម្តងទៀត​ជាមួយនឹង​អ្វីដែល​គេ​ហៅថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​»​។ នេះ​ជា​សារ​នៅ​ឃ្លា​ដំបូង​របស់​ទូត​ចិន​ប្រចាំ​កម្ពុជា ដែល​សរសេរ​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​។​

​ស្ថានទូត​ចិន បាន​បញ្ជាក់ថា វា​ជា​រឿង​ធម្មតា​ទេ ព្រោះ​នៅក្នុង​ពិភព​នៃ​សកលភាវូបនីយកម្ម សកម្មភាព​ពាណិជ្ជកម្ម​តែងតែ​ធ្វើដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី​។ នៅក្នុង​ករណី​កម្ពុជា​វិញ ប្រទេស​កម្ពុជា​បាន​នាំចូល​នូវ​វត្ថុធាតុដើម​វាយ​ន​ភណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយ​ន​ភណ្ឌ​យ៉ាងច្រើន​ពី​ប្រទេស​ចិន សម្រាប់​បម្រើ​វិស័យ​កាត់ដេរ​ខណៈដែល​ខ្លួន​បាន​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផងដែរ​។​



«​វា​គឺជា​ភាព​សកម្ម​បំផុត​របស់​កម្មករ​ខ្មែរ ដែល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ក្រៅពីនេះ ទំនាក់ទំនង​រវាងរ​ដ្ឋ និង​រដ្ឋ គឺ​មិនមែន​ត្រឹមតែ​ដើម្បី​ពាណិជ្ជកម្ម​នោះឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​៨ សម្រាប់​ប្រទេស​កម្ពុជា ដែលមាន​ប្រវែង​សរុប​ជាង ៣,០០០​គីឡូម៉ែត្រ​»​។ នេះ​ជាការ​រំលឹក​របស់​ស្ថានទូត​ចិន ដោយ​ចោទសួរ​ទៅវិញ​ថា​៖ «​ចុះ​តើ​សហរដ្ឋអាមេរិក​វិញ​ធ្លាប់បាន​ជួយ​ធ្វើ​អ្វីខ្លះ​ដល់​កម្ពុជា​សម្រាប់​វិស័យ​មួយ​នេះ​? ចិន​បាន​ជួយ​កសាង​ស្ថានីយ​វា​រី​អគ្គិសនី​ទាំងអស់​នៅ​កម្ពុជា (​ស្មើនឹង ៨០%​នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែលមាន​ដំណើរការ​នៅ​កម្ពុជា​)​។ ចុះ​តើ​សហរដ្ឋអាមេរិក​បានធ្វើ​អ្វីខ្លះ​ដែរ​»?​។​

​មិនមែនជា​សង្គ្រាម​ពាណិជ្ជកម្ម តែ​ជា​អា​យ៉ៃ​ឆ្លើយឆ្លង​។ ពលរដ្ឋ​ខ្មែរ ដែល​អ្នកខ្លះ​មាន​និន្នាការ​ទៅខាង​ចិន អ្នកខ្លះ​មាន​និន្នាការ​ទៅខាង​អាមេរិក បាន​បញ្ចេញ​ទស្សនៈ និង​ការយល់ឃើញ​រៀងៗ​ខ្លួន​ផងដែរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​ទាំងពីរ​៕



Tag:
 ពាណិជ្ជកម្ម
  ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com