ជាតិ
សៀវភៅ​រូបភាព​រឿង​«​រាមកេរ្តិ៍​» នឹង​ក្លាយជា​ឯកសារ​ស្រាវជ្រាវ​សម្រាប់​អ្នកជំនាន់ក្រោយ​
20, Apr 2019 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ លោក អា​ជេ​យ៍ ស្ទេ​វិ​នស៍ បាន​ចំណាយពេល​២២​ឆ្នាំ​ក្នុងការ​ស្រាវជ្រាវ និង​ដើរ​ថតរូប​គំនូរ​រឿង​រាមកេរ្តិ៍​ចេញពី​ជញ្ជាំង​ប្រាសាទ និង​វត្ត​អារាម​នានា​ទៅ​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ចងក្រង​ជា​សៀវភៅ​រូបភាព ដែលមាន​ចំណងជើង​ថា «​រាមកេរ្ដិ៍​ខ្មែរ អាទិទេព យក្ស និង​វីរជន​» ឬ​ជា​ភាសារ​អង់គ្លេស «Reamker The Cambodian Ramayana’s God Demons and Heroes»​។

 
​ថ្លែង​ទាំង​លើកសរសើរ​ពី​ភាព​វិសេស​លើសគេ​របស់​គំនូរ​ខ្មែរ ក្នុងចំណោម​ប្រទេស​ប៉ែក​អាស៊ី​មួយចំនួន​លោក អា​ជេ​យ៍ ស្ទេ​វិ​នស៍ ថា​គោលបំណង​ធំ​នៃ​ការស្រាវជ្រាវ​នេះ ដើម្បី​ស្រង់​ភាព​អស្ចារ្យ​របស់​គំនូរ​នៅតាម​វត្ត​អារាម​និង​ប្រាសាទ​នានា សម្រាប់​ទុកជា​ឯកសារ​ស្រាវជ្រាវ​ទៅ​ថ្ងៃ​អនាគត​។ លោ​កថា​សៀវភៅ​រូបភាព​រឿង «​រាមកេរ្ដិ៍​ខ្មែរ អាទិទេព យក្ស និង​វីរជន​» មានតម្លៃ​កាត់ថ្លៃ​មិនបាន​។​


 
​ភាព​កោតស្ញប់ស្ញែង​នឹង​អរិយធម៌​ខ្មែរ​តាមរយៈ​គំនូរ និង​ក្ដី​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដោយសារ​អាកាសធាតុ ភ្លៀង ខ្យល់ កម្ដៅ ឬ​ការ​សឹក​រេច​រិល ដោយ​ប្រការ​ណាមួយ​ផង​នោះ ញ៉ាំង​ចិត្ត​បុរស​ជនជាតិ​អាឡឺម៉ង់​រូបនេះ ដើរ​ថត​គំនូរ​រឿង​រាមកេរ្ដិ៍​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា​។​
 
​ការងារ​បែប​ដំណើរ​ផ្សងព្រេង​មួយ​នេះ ពិតជា​លំបាក​ណាស់​សម្រាប់​លោក ស្ទេ​វិ​នស៍  ព្រោះ​លោក​ត្រូវធ្វើ​ដំណើរ​ស្វែងរក​ទីតាំង​មាន​គំនូរ​ល្អៗ​ទាំងនោះ ដោយ​សួរ​អ្នក​ធ្លាប់​ស្គាល់  ឬ​តាមរយៈ​អ៊ី​ធើ​ណេ​ត រួមទាំង​មធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​ចុះទៅ​ដល់ទី​តាំង​ដែល​លោក​មិនដែល​ស្គាល់​សោះ​។ 
 
​រូបភាព​ក្នុង​សៀវភៅ​រឿង «​រាមកេរ្ដិ៍​ខ្មែរ អាទិទេព យក្ស និង​វីរជន​» ត្រូវបាន​សម្រិតសម្រាំង​យកតែ​រូប​ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ និង​ល្អផ្ដាច់គេ ចេញពី​រូប​រាប់លាន​សន្លឹក មក​បញ្ចូល​តែប៉ុណ្ណោះ​។ ការណ៍​នេះ​ទាមទារ​ឱ្យ​លោក ស្ទេ​វិ​នស៍ វិភាគ​យ៉ាង​ស៊ីជម្រៅ​។ តាមពិតទៅ​ពីដំបូង​ឡើយ បុរស​រូបនេះ​មិនសូវ​យល់​ពី​គំនូរ​ទាំង​នោះឡើយ តែ​ក្រោយ​ធ្វើការ​ទាំងនេះ​អស់​២២​ឆ្នាំ ទើប​ធ្វើឱ្យ​លោក​ដឹង​ពី​ដំណើររឿង​ទាំងមូល​របស់​គំនូរ​។​
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« កន្លែង​មួយចំនួន​ងាយស្រួល​ស្រាវជ្រាវ​និង​ស្វែងរក តែ​កន្លែង​មួយចំនួនទៀត​ពិតជា​លំបាក​ខ្លាំងណាស់​។ ខ្ញុំ​ត្រូវ​ធ្វើដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា ទៅ​ស្វែងរក​នៅ​កន្លែង​ដែល​ខ្ញុំ​មិនដែល​ស្គាល់​សោះ​។ ខ្ញុំ​ស្រាវជ្រាវ​តាមរយៈ​ការសម្ដែង​សិល្បៈ​នៅលើ​ឆាក តែ​គេ​មិនអាច​បង្ហាញ​រឿង​ច្រើន​ក្នុងពេល​តែមួយ​នោះទេ ដូច្នេះ​ខ្ញុំ​ពិបាក​ថត​បាន​រូបល្អ​។ ខ្ញុំ​បាន​ស្រាវជ្រាវ​រូប​ពី​សៀវភៅ​មួយចំនួន តែ​សៀវភៅ​ទាំងនោះ​ពិតជា​ចាស់​ខ្លាំងណាស់ មិនអាច​បង្ហាញ​អ្វី​ច្រើន​ឱ្យ​ច្បាស់លាស់​នោះទេ​។ កិច្ចការ​នេះ​ពិតជា​លំបាក តែ​ក៏​ពិតជា​មានតម្លៃ​ខ្លាំងណាស់ សម្រាប់​ខ្ញុំ និង​មនុស្ស​ជំនាន​ក្រោយ​»​។​
 
​លោក អា​ជេ​យ៍ ស្ទេ​វិ​នស៍ មានបំណង​ផ្សព្វផ្សយ​សៀវភៅ​រូបភាព​រឿង «​រាមកេរ្ដិ៍​ខ្មែរ អាទិទេព យក្ស និង​វីរជន​» ឬ​ជា​ភាសារ​អង់គ្លេស «Reamker The Cambodian Ramayana’s God Demons and Heroes» ជា​លក្ខណៈ​អន្តរជាតិ​។ បន្ថែម​ពីនេះ លោក​នឹង​តម្កល់​សៀវភៅ នៅក្នុង​បណ្ដា​ល័យ​ណា ដែល​គេ​គិតថា​សៀវភៅ​នេះ​មាន​សារៈសំខាន់​ទៀតផង​។ 
 
​សៀវភៅ​កម្រង​រូបភាព​រឿង​«​រាមកេរ្ដិ៍​ខ្មែរ អាទិទេព យក្ស និង​វីរជន​» ឬ​ជា​ភាសារ​អង់គ្លេស «Reamker The Cambodian Ramayana’s God Demons and Heroes» នេះ​លក់​ក្នុងតម្លៃ​៩០​ដុល្លារ​អាមេរិក​។ បើសិនជា​យក​ទាំង​ប្រអប់​សម្រាប់​ដាក់​សៀវភៅ គឺ​តម្លៃ​៩៥​ដុល្លារ​អាមេរិក​៕
 
 

Tag:
 រាមកេរ្តិ៍​
  រូបថត​
  គំនូរ​
  សិល្បៈ​
  វប្បធម៌​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com