ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល​ព្រមាន​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​ពីរ​ដែល​លក់​គ្រឿងសម្អាង​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​
20, Apr 2019 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពី​ពិនិត្យឃើញថា ផលិតផល​គ្រឿងសម្អាង​ដែល​បាន​ផ្សព្វផ្សាយ​លក់​ដោយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ប៊ូ សា​អែម និង Zey Neang មិនមាន​ចុះ​ត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក្រសួងសុខាភិបាល​បានសម្រេច​ហាមឃាត់​ម្ចាស់​គណនី​ខាងលើ​មិន​ឲ្យ​បន្ត​ការផ្សាយ​លក់​បន្ត​ទៀតឡើយ​។ ការហាមឃាត់​នេះ គឺ​ដោយសារតែ​ក្រសួង​មិន​ចង់​ឲ្យ​ពលរដ្ឋ​ខាត​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​។​

 
​ក្រសួងសុខាភិបាល​បាន​ព្រមាន​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា ប៊ូ សា​អែម និង Zey Neang ដោយសារ ម្ចាស់​គណនី​ទាំងពីរ​នេះ ផ្សាយ​លក់​គ្រឿងសម្អាង​ដូចជា ឈុត​ព្យាបាល​មុខ NNP សាប៊ូ​កំទេចមាស Swiss Gold,​ឡេ​ការពារ​កម្តៅថ្ងៃ NNP UV 60,​ឈុត​ព្យាបាល​សក់ NNP, ឡេ​លាប​ស្បែក Dr.White body lotion,​ឡេ​លាប​ក្លៀក Dr.White armpit night cream, Dr.white armpit scrub, ឡេ​លាប​ក្លៀក Dr.White armpit day cream, ឡេ​លាបមុខ Dr.white skincare និង​ផលិតផល​គ្រឿងសម្អាង​ដទៃ​។ ផលិតផល​ទាំងនោះ សុទ្ធតែ​មិនមាន​ការអនុញ្ញាត និង​ត្រួតពិនិត្យ​ត្រឹមត្រូវ​។ 
 
​ដើម្បី​ជៀសផុត​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​ការបាត់​បង់ជីវិត ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឈប់​ប្រើប្រាស់​គ្រឿងសម្អាង​របស់​ម្ចាស់​គណនី​ទាំងនោះ​។ «​ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់​គណនី​នេះ​បញ្ឈប់​ការផ្សព្វផ្សាយ ការនាំ​ចូល លក់ ចែកចាយ និង​ប្រមូល​ផលិតផល​មកវិញ​ដើម្បី​កំទេចចោល​។ ប្រសិនបើ​នៅតែ​ឃើញ​ម្ចាស់​គណនី​ទាំងពីរ​នេះ​ផ្សព្វផ្សាយ​បន្តទៀត ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាមច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​។​
 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ប្រសិនបើ​ពលរដ្ឋ​បាន​ជួបប្រទះ​ឃើញ​ជន​ណា​ដែល​ផ្សព្វផ្សាយ​លក់​ផលិត​គ្រឿងសម្អាង​ដូចខាងលើ​នេះ ត្រូវ​រាយការណ៍ និង​ផ្តល់ព័ត៌មាន​ទៅ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​ជាបន្ទាន់​ផងដែរ​៕ 

Tag:
 ក្រសួងសុខាភិបាល​
 ​ហ្វេ​ស​ប៊ុ​ក​
 ​គ្រឿងសម្អាង​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com