កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ពាន​លី​គ​កំពូល​នៅ​អង់គ្លេស អេ​ស្ប៉ា​ញ និង​អ៊ីតាលី​
21, Apr 2019 , 10:42 am        
រូបភាព
Ronaldo អបអរក្រោយ Juventus មានពិន្ទុគ្រប់គ្រាន់សម្រាប់តំណែងជើងឯក Serie A។ រូបថត AFP
Ronaldo អបអរក្រោយ Juventus មានពិន្ទុគ្រប់គ្រាន់សម្រាប់តំណែងជើងឯក Serie A។ រូបថត AFP
ដោយ: រួបរួម
​មិនមែន​១០០​ភាគរយ គឺ​១០០០​ភាគរយ​ឯណោះ ចំពោះ​ការតាំង​ចិត្ត​របស់ Cristiano Ronaldo បន្ត​លេង​ឲ្យ Juventus​។ ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​អះអាង​បន្ទាប់ពី​សេះបង្កង់ មាន​ពិន្ទុ​គ្រប់គ្រាន់​សម្រាប់​តំណែង​ជើងឯក Serie A ៨​លើក​ជាប់ៗ​គ្នា ក្រោយ​ឈ្នះ Fiorentina ២-១​។​

 
​ជំនួប​នៅលើ​ទឹក Allianz Stadium ក្រុម​ភ្ញៀវ Fiorentina មាន​គ្រាប់​បាល់​នាំមុខ​១​គ្រាប់ ក្រោយ​ប្រកួត​បាន​៦​នាទី ដែល​សម្រេចបាន​ដោយ Nikola Milenkovic មុនពេល​ដែល Alex Sandro តាម​ស្មើ ១-១ ឲ្យ Juventus នៅ​នាទី​៣៧​។​
 
​ទីបំផុត សេះបង្កង់​ទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត តាមរយៈ​ការ​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ German Pezzella នៅ​នាទី​៥៣​។ ជ័យជម្នះ​នេះ នាំ​ឲ្យ Juventus ឈ្នះ​ពាន Serie A ដោយ​ស្វ័យប្រវត្តិ ហើយ​មាន​រហូតដល់​ទៅ​២០​ពិន្ទុ​លើស Napoli ខណៈ​ពួកគេ​នៅសល់​ការប្រកួត​៥​លើក​ទៀត មុន​បញ្ចប់​រដូវ​កាល​។​
 
​ទោះបីជា​នៅតែ​រង​ការខកចិត្ត ក្រោយ Juventus ក្រោម​ការដឹកនាំ​របស់ លោក Massimiliano Allegri​ធ្លា​ក់ពាន Champions League ដោយសារ Ajax ក៏ដោយ ប៉ុន្តែ Ronaldo អះអាងថា គេ​ពិតជា​រីករាយ​ដែល​បានឈ្នះ​ពាន​នៅ​អ៊ីតាលី នា​ការ​បង្ហាញខ្លួន​នៅ​រដូវ​កាល​ដំបូង ហើយ​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ពាន​អឺរ៉ុប​នៅ​ឆ្នាំក្រោយ​។​
 
​ការ​ឈ្នះ​ពាន Serie A លើក​ទី​៣៥ របស់ Juventus នាំ​ឲ្យ Ronaldo ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ពាន​ជើងឯក​នៅ​លី​គ​កំពូល​របស់​អង់គ្លេស អេ​ស្ប៉ា​ញ និង​អ៊ីតាលី​។ ខ្សែប្រយុទ្ធ​អាយុ​៣៤​ឆ្នាំ និង​ជា​ម្ចាស់​ពាន Ballon d’Or ៥​លើក​រូបនេះ បាន​ផ្ទេរ​ពី Real Madrid កាលពី​រដូវ​កាល​មុន ហើយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​២៦​គ្រាប់ ក្នុងនោះ​១៩​គ្រាប់​ក្នុង​លី​គ​។ 
 
​សរុប​ជារួម Ronaldo ឈ្នះ​ពាន​អាជីព​ចំនួន​២៨ ក្នុងនោះ​លី​គ​កំពូល​៦​លើក (Manchester United ៣​លើក Real Madrid ២​លើក និង Juventus ១​លើក​) Champions League ៥​លើក (១​លើក​ជាមួយ Manchester United និង​៤​លើក​ជាមួយ Real Madrid) រួមទាំង​ការ​ឈ្នះ​ពាន Euro ឆ្នាំ​២០១៦ ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Ronaldo
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com