ជាតិ
ប្រាសាទបន្ទាយទ័ព​ដែល​នៅមាន​បន្សល់​ពិ​ដាន​ឈើ​ជាប់​រហូតមកដល់​សព្វ​ថ្ងៃ​
21, Apr 2019 , 6:59 pm        
រូបភាព
​បន្ទាយមានជ័យ​៖ ប្រាសាទបន្ទាយទ័ព​សព្វ​ថ្ងៃ​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​ដាច់ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នា​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ​ស្ថិតនៅ​ខាងជើង​ស្រុក​ថ្មពួក​ចម្ងាយ ៨​គ​.​ម នៅ​ខាងកើត​ផ្លូវ​លេខ​៥៦ ចម្ងាយ​៦​គ​.​ម​.​។​



​តាមរយៈ​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​គឺ​លោក អេ​ជេន អៃ​ម៉ូ​នី​ញ៉េ កាលពី​ឆ្នាំ​១៩០០ អ្នកស្រុក​ហៅថា ប្រាសាទបន្ទាយទាប  ( ពាក្យ «​បន្ទាយ​» ចំពោះ​ខ្មែរ​ជា​អ្នកស្រុក​នៅ​អង្គរ​មានន័យថា «​កំពែង​» ទោះជា​ធ្វើ​ពី​ថ្ម ឬក៏​លើកដី​ធ្វើជា​ទំនប់​ព័ទ្ធ​ក៏ដោយ​)​។  គឺជា​ការពិត​ប្រាសាទ​នេះ​មាន​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម និង​កំពែង​ដី មាន​កម្ពស់​ទាប​ពិតមែន ប៉ុន្តែ​សព្វថ្ងៃនេះ​អ្នកស្រុក​ហៅ​ក្លាយទៅជា «​បន្ទាយទ័ព​» ទៅហើយ​។​


 
​ប្រាសាទ​នេះ​ពុំមាន​សិលាចារឹក​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​រាជ្យ​ស្ដេច​សាងសង់​ទេ ប៉ុ​ន្ត អ្នកស្រាវជ្រាវ​ខ្មែរ និង​បរទេស សិក្សា​តាមរយៈ​សំណង់​ស្ថាបត្យកម្ម​, រចនាបថ​សិល្បៈ​, និង​សំណល់​បដិមា​មាននៅ​ក្នុង​បរិវេណ​ប្រាសាទ​លោក​យល់ថា​៖ ប្រាសាទ​នេះ​ប្រហែលជា​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នៅ​អំឡុង​ដើម​សតវត្ស​ទី​១៣ ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន​។​


 
​ប្រាសាទ​កសាង​នៅក្នុង​កំពែង​ចំនួន​៤​ជាន់​៖ ១. កំពែង​ខាងក្រៅ​ជា​ដី (​កំពែង​ទី​៤) មាន​រាង​ស្ទើរ​ជា​ចតុកោណស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​២២០០​ម៉ែត្រ ២. កំពែង​ទី​៣ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​បណ្ដោយ​ប្រវែង​៨០០​ម៉ែត្រ ទទឹង​ប្រវែង​៥០០​ម៉ែត្រ ៣. កំពែង​ទី​២ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង​១៥០​ម៉ែត្រ ទទឹង​ប្រវែង​១១០​ម៉ែត្រ កម្ពស់​ប្រវែង​១​ម៉ែត្រ គឺជា​ខឿន​ទី​១​របស់​ប្រាសាទ ព័ទ្ធ​ពី​ក្រៅ​ដោ​យក​សិន្ធុ​ធំ​មួយ​។ និង​ទី​៤. កំពែង​ទី​១​មាន​រាង​ចតុកោណស្មើ មាន​ជ្រុង​នីមួយៗ​ប្រវែង​៧០​ម៉ែត្រ កម្ពស់​ប្រវែង​២,៥​ម៉ែត្រ គឺជា​ខឿន​ទី​២​របស់​ប្រាសាទ​។​


 
​ប្រាសាទ​នេះ​កសាង​ដោយ​ប្រើប្រាស់​ថ្ម​មាន​ក្បាច់ចម្លាក់​ស្រាប់ គឺជា​ថ្ម​របស់​ប្រាសាទ​ចាស់​ណាមួយ​នៅក្បែរនោះ មាន​ប្រាង្គ​ធំៗ ហើយ​ខ្ពស់ៗ​មាន​កម្ពស់​ប្រហែល​៣៥​ម៉ែត្រ​។ ប្រាសាទ​មាន​ប្រា​ង​ចំនួន​៥ ប្រាង្គ​ធំ​នៅ​កណ្ដាល រីឯ​ប្រាង្គ​តូច​បួន​ផ្សេងទៀត​នៅ​ចំ​ទិស​ទាំង​បួន មាន​នាទី​ជា​ខ្លោងទ្វារ ហើយ​ភ្ជាប់​មក​ប្រាង្គ​កណ្ដាល​ដោយ​រោងទង​។ ប្រាសាទ​នេះ​មាន​នៅសល់​ធ្នឹម និង​ពិ​ដាន​ធ្វើ​ពី​ឈើ​មាន​ឆ្លាក់​ក្បាច់​ត្របកឈូក​ជា​លំអ ពិ​ដាន​ឈើ​នេះ​បាន​បាត់បង់​ខ្លះ​នៅពេល​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ខែកក្កដា ឆ្នាំ​១៩៩៧៕





































​អត្ថបទ​ស្រាវជ្រាវ​៖ លោក ខៀវ ច័ន្ទ​

Tag:
 ប្រាសាទបន្ទាយទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com