ONE Championship
កីឡាជាតិ
ជាតិ
ONE៖ ហ៊ុន ច័ន្ទ​រាជ្យ និយាយ​អ្វីខ្លះ​មុន​ជំនួប​រវាង នៅ ស្រី​ពៅ ទល់នឹង Priscilla ?
21, Apr 2019 , 7:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី
  
​ការប្រកួត​រវាង​កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol និង កីឡា​កា​រិ​និជ​ម្រើ​ស​ជាតិ​កម្ពុជា នៅ ស្រី​ពៅ  កាន់តែ​ខិតជិត​មកដល់​ហើយ​នៅ​សង្វៀន ONE: FOR HONOR នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខ​នៅ​ប្រទេស ឥណ្ឌូណេស៊ី​។



​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ ប្រចាំ​ក្លិប Cambodian Top Team ដែល​ត្រូវ​ដឹកនាំ នៅ ស្រី​ពៅ ទៅកាន់​ការប្រកួត​បាន​រៀបរាប់​ពី​ចំណុចខ្លាំង និង​ខ្សោយ​មួយចំនួន​រវាង​កូនក្រុម និង​គូប្រជែង​។
 
​លោក ហ៊ុន ច័ន្ទ​រាជ្យ សង្កត់ធ្ងន់ថា ៖« Priscilla គេ​មានបទពិសោធន៍​ច្រើន​ដល់ ៩ ដង​នៅ​សង្វៀន One Championship និង កម្លាំង​ខ្លាំង​ជាង​កីឡាការិនី​ថៃ Riga ដែល ស្រី​ពៅ បំបាក់​រួចហើយនោះ​។ កម្លាំង​កាច់ បោក ក្លេរ​គេ​ខ្លាំង ដូច្នេះ យើង​ត្រូវការពារ​កុំ​ឲ្យ​គេ​ក្លេរ​បាន និង បោក​បាន​»​។ 
 
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​រូបនេះ​ទទួលស្គាល់​ដែរ​ថា ចំណុចខ្សោយ ស្រី​ពៅ នៅត្រង់​ក្លេរ គាប កាច់ និង បោក ដែល​ត្រូវតែ​បន្ថែម​ចំណុច​នេះ​។ បែបណា​ក្ដី​គ្រូបង្វឹក​គុន​ចម្រុះ​ដដែល​នេះ សង្ឃឹមថា ស្រី​ពៅ នឹង​ហ្វឹកហាត់​ផ្នែក​កម្លាំង ក្បាច់​ក្លេរ​-​ចាប់ និង ក្បាច់​ការពារ​កុំ​ឲ្យ​គេ​ផ្ដួល​បាន​។ លោក​នៅតែមាន​ជំនឿ លើ ស្រី​ពៅ ថា​នឹងធ្វើ​បានល្អ ព្រោះ​កីឡា​កា​រិ​និជ​ម្រើ​ស​ជាតិ​រូបនេះ​ខំ​ហ្វឹកហាត់​ត្រៀម​រហូតមក ហើយ អំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ក៏​បន្ត​ហ្វឹកហាត់​ខ្លាំងក្លា​ដូចគ្នា​។ 


 
​លោក​បន្ថែមទៀតថា កូនសិស្ស​របស់ខ្លួន​នឹងធ្វើ​ឲ្យ​ការប្រកួត​ស្រួចស្រាល់ ហើយ​ទស្សនិកជន​ច្បាស់​ជា​ចង់​តាមដាន​ជាក់​ជាមិនខាន​។ ថ្មីៗ​នេះ កីឡាការិនី​ជួរមុខ​នៅ​កម្ពុជា បាន​ចេញទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ​ប្រដាល់​ជម្រើសជាតិ​នៅ​ប្រទេស​ថៃ កាល​ថ្ងៃ​អង្គារ រហូតដល់​ថ្ងៃទី ២៧ មេសា ទើប​ត្រលប់​មកវិញ ដែលជា​ការពង្រឹង​សមត្ថភាព មុន​ចេញទៅ​ប្រកួត​នៅ ឥណ្ឌូណេស៊ី នា​ដើមខែ ឧសភា ខាងមុខ​។​
 
​កីឡាការិនី​វ័យ ២៤ រូបនេះ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​នាពេល​កន្លងទៅ​ផងដែរ​ថា គេ​ប្រឹង​ហាត់​ក្បាច់​គាប ក្លេរ និង ផ្ដួល​ឲ្យ​បានល្អ​ប្រសើរ​ព្រោះ​នៅ​ខ្សោយ​ត្រង់ចំណុច​នេះ​។ ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​ល្អ​នោះ ស្រី​ពៅ មិន​ឲ្យ  Priscilla ផ្ដួល​បាន​ងាយៗ​ឡើយ​ដើម្បី​បង្ការ​គ្រោះថ្នាក់​។ ប្អូនស្រី​របស់ នៅ ស៊ីថា នឹង​នៅតែ​រក្សា​ជំហរ​វ៉ៃ​ប្រយោល និង វ៉ៃ​ដោះខ្លួន​ការពារ​មិនអាច​ឲ្យ​ដៃគូ​ចូល​កៀក​ពេក​បានទេ​។ 
 
​គួរ​ដឹង​ដែរ​ថា កីឡាការិនី Priscilla Hertati Lumban Gaol មាន​វ័យ ៣០ ឆ្នាំ ជា​តារា​ប្រចាំ​សង្វៀន One Championship  តាំងពី​ឆ្នាំ ២០១៧ មក​។ Priscilla ប្រកួត​លើស​ង្វៀន​កម្រិត​ពិភពលោក​នេះ​បាន​ចំនួន ៩ ដង ដែល​ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៤ ដង​។ ការប្រកួត​ចុងក្រោយ Priscilla  ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌា Puja Tomar ទាំង​មិន​អស់ចិត្ត​ដោយមាន​ទឹកភ្នែក​ស្រក់​ក្រោយ​ការប្រកាស​លទ្ធផល​។ រីឯ នៅ ស្រី ដែលជា កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ឆ្នាំ​កន្លងទៅ ទើបតែ​ឡើង​សង្វៀន One Championship បាន​ម្ដងគត់​ពេល​យកឈ្នះ​កីឡាការិនី​ថៃ Rika Ishige កាលពី​ពាក់​កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៩​នៅ​ប្រទេស​ថៃ​៕ 

Tag:
 នៅ ស្រី​ពៅ​
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com