កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាគមន៍ភ្នំពេញក្រោន ខណៈបឹងកេត ការពារជាតិ ណាហ្គា សុទ្ធតែជាក្រុមភ្ញៀវ ក្រោយឈ្នះអគ្គិសនីកម្ពុជា ក្រុមកំពង់ចាមចាញ់អង្គរថាយហ្គឺរ និងការពារជាតិ ១១-០ ដូចគ្នា មុនជំនួបជាមួយបឹងកេតនៅថ្ងៃនេះ។ រូបថត CNCC
× ព្រះខ័នរាជស្វាយរៀង បើកកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវភ្នំពេញក្រោន បន្ទាប់ពីក្រសួងការពារជាតិ បឹងកេត និងណាហ្គាវើល សុទ្ធតែធ្វើដំណើរទៅប្រកួតនៅក្រៅទឹកដី សម្រាប់ជំនួបសប្តាហ៍ទី៤ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នាអាទិត្យនេះ។
ខេត្តកំពង់ចាម vs បឹងកេត នៅកីឡដ្ឋានប៊ុនរ៉ានី ហ៊ុន សែន មេមត់ វេលាម៉ោង៣ និង៣០នាទី
ក្រោយឈ្នះអគ្គិសនីកម្ពុជានាសប្តាហ៍បើកឆាក ខេត្តកំពង់ចាម បានរងគ្រោះយ៉ាងដំណំនាការប្រកួតពីរលើកចុងក្រោយ ដោយចាញ់ អង្គរថាយហ្គឺរ និងក្រសួងការពារជាតិ ១១-០ ដូចគ្នា។ សម្រាប់ជំនួបជាមួយបឹងកេត ក្រុមចំណូលថ្មីមួយនេះ ត្រូវប្រឈមធ្លាយគ្រាប់បាល់ជាច្រើនទៀត ពីព្រោះបឹងកេតពិតជាត្រូវការ៣ពិន្ទុយ៉ាងខ្លាំង បន្ទាប់ពីចាញ់អគ្គិសនីកម្ពុជា និងស្មើអង្គរថាយហ្គឺរ។
អគ្គស្នងការដ្ឋានគនរបាលជាតិ vs ក្រសួងការពារជាតិ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នាវេលាម៉ោង៣ និង៣០នាទី
អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា រងការខកចិត្តយ៉ាងខ្លាំង ដោយចាញ់ណាហ្គាវើល ដល់ទៅ ៦-០ កាលពីសប្តាហ៍ទីបី ។ ការរំពឹង៣ពិន្ទុនៅថ្ងៃនេះ ក៏ស្ថិតនៅភាពស្រពិចស្រពិលផងដែរ ដោយក្រសួងការពារជាតិ ប្រៀបដូចជាភ្នំមួយដ៏ខ្ពស់ដែលពិបាកឡើងរំលង។ ការពារជាតិមិនទាន់ស្គាល់ចាញ់នោះឡើយ ខណៈ រ៉ឹង ប៊ុនហៀង ជាកីឡាករខ្មែរដំបូងដែលរកបាន Hat-trick នាពេលពួកគេឈ្នះកំពុងចាម ១១-០។
ណាហ្គាវើល ជួបម្ចាស់ផ្ទះ សូលទីឡូអង្គរ នៅម៉ោង៣ និង៣០នាទី
អ្នកចាំទីដៃទី១ណាហ្គាវើល ស៊ូ យ៉ាទី បានរងរបួសឆ្អឹងជំនី និងខ្សែការពារ ឡេង មករា របួសកំភួនជើងយ៉ាងដំណំ នាជំនួបតទល់ជាមួយក្រុម Tampines Rovers របស់សិង្ហបុរី នាការប្រកួតវគ្គជម្រុះ AFC Cup 2019 នៅសិង្ហបុរីកាលពីថ្ងៃទី១៧ មេសា។ បញ្ហារបួសនេះ អាចធ្វើឲ្យពួកគេទាំងពីរអវត្តមានជាមួយក្រុមណាហ្គាវើល ពេលប៉ះម្ចាស់ផ្ទះសូលទីឡូអង្គរ សម្រាប់ជំនួបក្របខណ្ឌខេមបូឌានលីគសប្តាហ៍នេះ។
គ្រូបង្វឹកក្រុមណាហ្គាវើល លោក មាស ចាន់ណា បានបញ្ជាក់ថា កីឡាករ ស៊ូ យ៉ាទី បានរងរបួសឆ្អឹងជំនីផ្នែកខាងមុខ និងរងរបួសកដៃផងដែរ។ គ្រូបង្វឹករូបនេះបានបន្ថែមថា បញ្ហារបួស ស៊ូ យ៉ាទី បានកើតឡើងក្នុងអំឡុងពេលរូបគេ លោតទៅសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Tampines Rovers ហើយទៅប៉ះនឹងបង្គោលទី។ ភ្លាមៗនោះ យ៉ាទី ដែលទទួលបានការសរសើរពីអ្នកគាំទ្រតាមរយៈការសង្គ្រោះបាល់បានច្រើន ត្រូវបានប្តូរជំនួសដោយអ្នកចាំទីដៃទី២ សំរឹទ្ធ សីហា នៅនាទី៨៥ ដោយពេលនោះណាហ្គាវើលស្មើ ១-១ ជាមួយម្ចាស់ផ្ទះ Tampines Rovers។
តែយ៉ាងណា គ្រូបង្វឹករូបនេះ មិនបានបញ្ជាក់លម្អិតពីស្ថានភាពរបួស និងរយៈពេលដែលត្រូវការព្យាបាលនោះទេ។ តែបច្ចុប្បន្នអ្នកចាំទីដៃទី១ខាងលើ អាចចូលរួមហ្វឹកហាត់ជាមួយក្រុមបានហើយ។ បញ្ហារបួសនេះ បានធ្វើឲ្យវត្តមានរបស់ ស៊ូ យ៉ាទី ជាមួយក្រុមណាហ្គាវើល ស្ថិតក្នុងភាពស្រពេចស្រពិល ពេលប៉ះជាមួយម្ចាស់ផ្ទះសូលទីឡូអង្គរ នាជំនួបសប្តាហ៍ទី៤នៃក្របខណ្ឌខេមបូឌានលីគនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
នាជំនួបដែលណាហ្គាវើលចាញ់ Tampines Rovers ក្នុងលទ្ធផល ៤-២ នោះដែរ ខ្សែការពារ ឡេង មករា ក៏បានរងរបួសកំភួនជើងយ៉ាងដំណំដែរ ខណៈបច្ចុប្បន្នរូបគេមិនទាន់អាចចូលហ្វឹកហាត់ជាមួយក្រុមបាននោះទេ។ នេះបើតាមការបញ្ជាក់របស់លោក មាស ចាន់ណា ដែលបានអះអាងបន្ថែមថា បញ្ហានេះនឹងធ្វើឲ្យរូបគេអវត្តមានជាមួយក្រុមណាហ្គាវើលពេលប៉ះជាមួយសូលទីឡូអង្គរ។
គ្រូបង្វឹកក្រុមណាហ្គាវើលមានជំនឿចិត្តថា ក្រុមលោកនឹងទទួលបាន៣ពិន្ទុពីម្ចាស់ផ្ទះសូលទីឡូអង្គរសម្រាប់ជំនួបសប្តាហ៍ទី៤នៅកីឡដ្ឋានខេត្តសៀមរាប ទោះបីទីលានពុំសូវមានស្មៅអាចក្លាយជាបញ្ហាចោទសម្រាប់ណាហ្គាវើលក៏ដោយ។ តែយ៉ាងណា លោក ទទួលស្គាល់ថា សូលទីឡូអង្គរជាក្រុមមានកីឡាករពោរពេញដោយសមត្ថភាព និងខ្លាំងនៅក្នុងទឹកដី។
ព្រះខ័នរាជស្វាយរៀង ឈ្នះបីប្រកួតជាប់គ្នា និងមិនទាន់ធ្លាយសំណាញ់ទី តើអាចទៅរួចទៀតទេ នៅពេលពួកគេប៉ះភ្ញៀវភ្នំពេញក្រោន នាម៉ោង៦ល្ងាចនេះ?
ព្រះខ័នរាជស្វាយរៀង បានចាប់ផ្តើមរដូវកាលដ៏អស្ចារ្យ ដោយបើកឆាកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ ឈ្នះសូលទីឡូអង្គរ ១-០ និងឈ្នះគិរីវង់សុខសែនជ័យ ២-០។ សម្រាប់ជំនួបនេះ ពួកគេព្យាយាមរក្សាកំណត់ត្រាឈ្នះ ដើម្បីដណ្តើមយកលេខមួយពីវិសាខាវិញ ដោយអ្នកចាំទី អាំ សុវណ្ណារ៉ាត់ នឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីរារាំងការស៊ុតបាល់បញ្ចូលទីរបស់គូប្រជែង។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗនឹងមិនងាយស្រួលឡើយ ដោយភ្នំពេញក្រោន ត្រូវការលុបលាងការខកចិត្តរបស់ខ្លួនឡើងវិញនៅក្រៅដី។ ភ្នំពេញក្រោនខកចិត្តយ៉ាងខ្លាំងដោយចាញ់ទាំងពីរប្រកួតនៅទឹកដី RSN របស់ខ្លួន ដោយសារបឹងកេត ៣-២ និងវិសាខា ៣-១ ប៉ុន្តែឈ្នះយុវជនបាទី ២-០ នៅក្រៅដីវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com