កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន ខណៈ​បឹងកេត ការពារជាតិ ណាហ្គា សុទ្ធតែជា​ក្រុម​ភ្ញៀវ​
21, Apr 2019 , 1:56 pm        
រូបភាព
ក្រោយឈ្នះអគ្គិសនីកម្ពុជា ក្រុម​កំពង់ចាមចាញ់អង្គរថាយហ្គឺរ និងការពារជាតិ ១១-០ ដូចគ្នា មុនជំនួបជាមួយបឹងកេតនៅថ្ងៃនេះ។ រូបថត CNCC
ក្រោយឈ្នះអគ្គិសនីកម្ពុជា ក្រុម​កំពង់ចាមចាញ់អង្គរថាយហ្គឺរ និងការពារជាតិ ១១-០ ដូចគ្នា មុនជំនួបជាមួយបឹងកេតនៅថ្ងៃនេះ។ រូបថត CNCC
ដោយ:
​ព្រះខ័ន​រាជ​ស្វាយរៀង បើក​កីឡដ្ឋាន​របស់ខ្លួន​ទទួលភ្ញៀវ​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ក្រសួងការពារជាតិ បឹងកេត និង​ណាហ្គា​វើ​ល សុទ្ធតែ​ធ្វើដំណើរ​ទៅ​ប្រកួត​នៅក្រៅ​ទឹកដី សម្រាប់​ជំនួប​សប្តាហ៍​ទី​៤ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នា​អាទិត្យ​នេះ​។​



អត្ថបទទាក់ទង


​ខេត្តកំពង់ចាម vs បឹងកេត នៅ​កីឡដ្ឋាន​ប៊ុនរ៉ានី ហ៊ុន សែន មេមត់ វេលា​ម៉ោង​៣ និង​៣០​នាទី​


​ក្រោយ​ឈ្នះ​អគ្គិសនី​កម្ពុ​ជានា​សប្តាហ៍​បើកឆាក ខេត្តកំពង់ចាម បាន​រងគ្រោះ​យ៉ាងដំណំ​នា​ការប្រកួត​ពីរលើក​ចុងក្រោយ ដោយ​ចាញ់ អង្គ​រថា​យ​ហ្គឺ​រ និង​ក្រសួងការពារជាតិ ១១-០ ដូចគ្នា​។ សម្រាប់​ជំនួប​ជាមួយ​បឹងកេត ក្រុម​ចំណូល​ថ្មី​មួយ​នេះ ត្រូវ​ប្រឈម​ធ្លាយ​គ្រាប់​បាល់​ជាច្រើន​ទៀត ពីព្រោះ​បឹងកេត​ពិតជា​ត្រូវការ​៣​ពិន្ទុ​យ៉ាងខ្លាំង បន្ទាប់ពី​ចាញ់​អគ្គិសនី​កម្ពុជា និង​ស្មើ​អង្គ​រថា​យ​ហ្គឺ​រ​។​

​អគ្គស្នងការដ្ឋាន​គន​របាល​ជាតិ vs ក្រសួងការពារជាតិ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា នា​វេលា​ម៉ោង​៣ និង​៣០​នាទី​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា រង​ការខកចិត្ត​យ៉ាងខ្លាំង ដោយ​ចាញ់​ណាហ្គា​វើ​ល ដល់​ទៅ ៦-០ កាលពី​សប្តាហ៍​ទី​បី ។ ការរំពឹង​៣​ពិន្ទុ​នៅថ្ងៃនេះ ក៏​ស្ថិតនៅ​ភាពស្រពិចស្រពិល​ផងដែរ ដោយ​ក្រសួងការពារជាតិ ប្រៀបដូចជា​ភ្នំ​មួយ​ដ៏​ខ្ពស់​ដែល​ពិបាក​ឡើង​រំលង​។ ការពារជាតិ​មិនទាន់​ស្គាល់​ចាញ់​នោះឡើយ ខណៈ រ៉ឹង ប៊ុន​ហៀ​ង ជា​កីឡាករ​ខ្មែរ​ដំបូង​ដែល​រកបាន Hat-trick នាពេល​ពួកគេ​ឈ្នះ​កំពុងចាម ១១-០​។​

​ណាហ្គា​វើ​ល ជួប​ម្ចាស់ផ្ទះ សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៣ និង​៣០​នាទី

​អ្នកចាំទី​ដៃ​ទី​១​ណាហ្គា​វើ​ល ស៊ូ យ៉ា​ទី បាន​រងរបួស​ឆ្អឹងជំនី និង​ខ្សែការពារ ឡេង មករា របួស​កំភួនជើង​យ៉ាងដំណំ នា​ជំនួប​តទល់​ជាមួយ​ក្រុម Tampines Rovers របស់​សិង្ហ​បុរី នា​ការប្រកួត​វគ្គ​ជម្រុះ AFC Cup 2019 នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១៧ មេសា​។ បញ្ហា​របួស​នេះ អាចធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ​អវត្តមាន​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ពេល​ប៉ះ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ សម្រាប់​ជំនួប​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​នេះ​។

​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល លោក មាស ចាន់ណា បាន​បញ្ជាក់ថា កីឡាករ ស៊ូ យ៉ា​ទី បាន​រងរបួស​ឆ្អឹងជំនី​ផ្នែក​ខាងមុខ និង​រងរបួស​កដៃ​ផងដែរ​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា បញ្ហា​របួស ស៊ូ យ៉ា​ទី បាន​កើតឡើង​ក្នុងអំឡុងពេល​រូបគេ លោ​តទៅ​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ Tampines Rovers ហើយ​ទៅ​ប៉ះ​នឹង​បង្គោល​ទី​។ ភ្លាមៗ​នោះ យ៉ា​ទី ដែល​ទទួលបាន​ការសរសើ​រ​ពី​អ្នកគាំទ្រ​តាមរយៈ​ការសង្គ្រោះ​បាល់​បាន​ច្រើន ត្រូវបាន​ប្តូរ​ជំនួស​ដោយ​អ្នកចាំទី​ដៃ​ទី​២ សំរឹទ្ធ សីហា នៅ​នាទី​៨៥ ដោយ​ពេលនោះ​ណាហ្គា​វើ​ល​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ Tampines Rovers​។ 

​តែ​យ៉ាងណា គ្រូបង្វឹក​រូបនេះ មិនបាន​បញ្ជាក់​លម្អិត​ពី​ស្ថានភាព​របួស និង​រយៈ​ពេលដែល​ត្រូវការ​ព្យាបាល​នោះទេ​។ តែ​បច្ចុប្បន្ន​អ្នកចាំទី​ដៃ​ទី​១​ខាងលើ អាច​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ហើយ​។ បញ្ហា​របួស​នេះ បានធ្វើ​ឲ្យ​វត្តមាន​របស់ ស៊ូ យ៉ា​ទី ជាមួយ​ក្រុម​ណាហ្គា​វើ​ល ស្ថិតក្នុង​ភាពស្រពេចស្រពិល ពេល​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ នា​ជំនួប​សប្តាហ៍​ទី​៤​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩​។​

​នា​ជំនួប​ដែល​ណាហ្គា​វើ​ល​ចាញ់ Tampines Rovers ក្នុង​លទ្ធផល ៤-២ នោះដែរ ខ្សែការពារ ឡេង មករា ក៏បាន​រងរបួស​កំភួន​ជើង​យ៉ាងដំណំ​ដែរ ខណៈ​បច្ចុប្បន្ន​រូបគេ​មិនទាន់​អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក មាស ចាន់ណា ដែល​បាន​អះអាង​បន្ថែមថា បញ្ហា​នេះ​នឹងធ្វើ​ឲ្យ​រូបគេ​អវត្តមាន​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ពេល​ប៉ះ​ជាមួយ​សូល​ទី​ឡូ​អង្គរ​។

​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​មាន​ជំនឿ​ចិត្ត​ថា ក្រុម​លោក​នឹង​ទទួលបាន​៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​សម្រាប់​ជំនួប​សប្តាហ៍​ទី​៤​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ទោះបី​ទីលាន​ពុំ​សូវ​មាន​ស្មៅ​អាច​ក្លាយជា​បញ្ហា​ចោទ​សម្រាប់​ណាហ្គា​វើ​ល​ក៏ដោយ​។ តែ​យ៉ាងណា លោក ទទួលស្គាល់ថា សូល​ទី​ឡូ​អង្គរ​ជា​ក្រុម​មាន​កីឡាករ​ពោរពេញ​ដោយ​សមត្ថភាព និង​ខ្លាំង​នៅក្នុង​ទឹកដី​។​

ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​បី​ប្រកួត​ជាប់​គ្នា និង​មិនទាន់​ធ្លាយ​សំណាញ់​ទី តើ​អាចទៅរួច​ទៀត​ទេ នៅពេល​ពួកគេ​ប៉ះ​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន នា​ម៉ោង​៦​ល្ងាច​នេះ​?

​ព្រះខ័ន​រាជ​ស្វាយរៀង បានចាប់ផ្តើម​រដូវ​កាល​ដ៏​អស្ចារ្យ ដោយ​បើកឆាក​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-០ ឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០ និង​ឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ២-០​។ សម្រាប់​ជំនួប​នេះ ពួកគេ​ព្យាយាម​រក្សា​កំណត់ត្រា​ឈ្នះ ដើម្បី​ដណ្តើមយក​លេខ​មួយ​ពី​វិសាខា​វិញ ដោយ​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ នឹង​ព្យាយាម​គ្រប់បែបយ៉ាង​ដើម្បី​រារាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​គូប្រជែង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្វីៗ​នឹងមិន​ងាយស្រួល​ឡើយ ដោយ​ភ្នំពេញ​ក្រោ​ន ត្រូវការ​លុបលាង​ការខកចិត្ត​របស់ខ្លួន​ឡើងវិញ​នៅក្រៅ​ដី​។ ភ្នំពេញ​ក្រោ​ន​ខកចិត្ត​យ៉ាងខ្លាំង​ដោយ​ចាញ់​ទាំងពីរ​ប្រកួត​នៅ​ទឹកដី RSN របស់ខ្លួន ដោយសារ​បឹងកេត ៣-២ និង​វិសាខា ៣-១ ប៉ុន្តែ​ឈ្នះ​យុវជន​បាទី ២-០ នៅក្រៅ​ដី​វិញ​៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com