អន្តរជាតិ
UN៖ ការកើនឡើង​នៃ​កម្រិត​បំណុល​នៅ​ប្រទេស​ក្រីក្រ​មិនអាច​មើលរំលង​បានឡើយ​
21, Apr 2019 , 7:29 pm        
រូបភាព
រូបភាព៖ UNDP
រូបភាព៖ UNDP
ដោយ:
​អ្នកជំនាញ​អង្គការសហប្រជាជាតិ ក្រើនរម្លឹក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការកើនឡើង​នៃ​កម្រិត​បំណុល​របស់​ប្រទេស​ក្រីក្រ ឬ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​លើ​ពិភពលោក​។ សេចក្តីថ្លែងការណ៍​រប​ស់​អ្នកជំនាញ ធ្វើឡើង​ស្រប​ជាមួយនឹង​ការព្រមាន​របស់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ដែល​ព្រួយបារម្ភ​ដូចគ្នា​ផង​ថា ប្រទេស​ទាំងនេះ អាច​ធ្លាក់​ចូលក្នុង​វិបត្តិ​បំណុល​ដកខ្លួន​មិន​រួច​។

 
​តាមរយៈ​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ភាពផុយស្រួយ នៃ​បំណុល​របស់​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​របស់​ពិភពលោក​នាពេល​ថ្មីៗ​នេះ ប្រធាន​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner បាន​ទទួលស្គាល់ថា បំណុល គឺជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ការអភិវឌ្ឍ​របស់​ក្រុម​ប្រទេស​ក្រីក្រ ក៏ប៉ុន្តែ​លោក អះអាង​ផងដែរ​ថា​ទំនោរ​ចុងក្រោយ​របស់​បំណុល ក៏​ស្ថិត​ដល់​ដំណាក់កាល​ព្រួយបារម្ភ​មួយ​ផងដែរ​។ 
 
​តាម​សេចក្តីថ្លែងការណ៍​ដែល​ចុះផ្សាយ​ដោយ​គេហទំព័រ UNDP លោក Achim Steiner បានកំណត់​សម្គាល់ថា កម្រិត​នៃ​បំណុល​ជា​សកល​បច្ចុប្បន្ន បាន​កើនឡើង​គួរ​ព្រួយបារម្ភ និង​លើសពី​ស្ថានភាព​វិបត្តិ​បំណុល​ក្នុងអំឡុង​ទសវត្សរ៍​១៩៨០​ទៅទៀត​។ លោក មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ចំពោះ​ប្រទេស​ក្រីក្រ ឬ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​លើ​ពិ​ព​ភ​លោក​។ 
 
​តាម​មន្ត្រីជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​រូបនេះ ផ្នែក​មួយ​នៃ​កំណើន​គួរ​ឲ្យ​ព្រួយបារម្ភ​នៃ​បំណុល​នេះ គឺ​ដោយសារ​កម្ចី​របស់​រដ្ឋា​ភិ​បាល​ក្នុង​គោលដៅ​បង្កើន ការវិនិយោគ​សាធារណៈ ជាពិសេស​នោះ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​តែម្តង​។ លោក សង្កត់ធ្ងន់ថា ខណៈពេលដែល​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល កាន់តែ​មានការ​ប្រែប្រួល​ខ្លាំង ប្រទេស​ក្រីក្រ​មួយចំនួន នឹងត្រូវ​ជួយ​ហ​និ​ភ័យ​ខ្ពស់​នៃ​អន្ទាក់​បំណុល ពោលគឺ​ប្រទេស​ទាំងនោះ អាច​នឹងត្រូវ​វណ្ឌ​ក ដោយសារតែ​បំណុល​នោះ​តែម្តង​។ 
 
​សម្រាប់​លោក ការខិតខំ​ប្រែង​ប្រែង និង​ការ​ជ្រោមជ្រែង​ជា​លក្ខណៈ​សមូហភាព គឺជា​កត្តា​សំខាន់​ណាស់​ក្នុងស្ថានភាព​នេះ​។ លោក បាន​ទទូច​ឲ្យ​ប្រទេស​ក្រីក្រ ត្រូវមាន​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ និង​កម្មវិធី​គាំទ្រ​ច្បាស់លាស់​ដើម្បី​ធានា​ពី​ភាព​កាន់តែ​ល្អប្រសើរ​នៃ​ការគ្រប់គ្រង​បំណុល និង​ការអភិវឌ្ឍ​ក្នុង​លក្ខណៈ​ម៉ាក្រូ​ទៀត​។ 
 
​លោក ក៏បាន​អះអាង​ពី​ការ​ប្តេ​ជា​ចិត្ត​របស់​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​បន្តការងារ​រឹងមាំ ជាមួយនឹង​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ភ្នាក់ងារ​អង្គការសហប្រជាជាតិ វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​នាំយក​ការអភិវឌ្ឍ និង​ដើម្បី​ជួយ​សម្រាល​បន្ទុក​បំណុល​របស់​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​ផងដែរ​៕ 
 

Tag:
 បំណុល​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com