អន្តរជាតិ
ក្រោយ​ទទួល​ភ្លើង​ខៀវ វៀតណាម​នាំចេញ​ផ្លែស្វាយ​ជំហាន​ដំបូង​ចូល​ផ្សារ​អាមេរិក
21, Apr 2019 , 2:38 pm        
រូបភាព
រូបភាព៖ Vnexpress
រូបភាព៖ Vnexpress
ដោយ:
​វៀតណាម បាន​នាំចេញ​ស្វាយ​ជំហាន​ដំបូង​ចំនួន ៨ តោន​ទៅកាន់​ទីផ្សារ​អាមេរិក ក្រោយពី​ទទួល​ភ្លើង​ខៀវ​ពី​ភាគី​អាមេរិក​។ វៀតណាម បានទទួល​សិទ្ធិ​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ទៅកាន់​អាមេរិក​នេះ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ចរចា​គ្នា​អស់​រយៈពេល​មួយ​ទសវត្សរ៍​។

 
​ផ្លែស្វាយ​រាប់​តោន ដែល​ដឹកជញ្ជូន​តាម​នាវា​ពី​ខេត្ត  Dong Thap ក្នុង​តំបន់​ដីសណ្តរ​ទន្លេមេគង្គ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨ ខែមេសា ត្រូវបាន​ផ្តល់ Barcode ដើម្បី​ត្រួតពិនិត្យ​ប្រភពដើម​នៃ​ទំនិញ ដោយ​ភ្នាក់ងារ​ត្រួតពិនិត្យ​សុខភាព​សត្វ និង​ផ្លែឈើ​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express ។​
 
​ផ្លែស្វាយ​ទាំងនេះ ត្រូវបាន​ដាំ​ដុះ​ដោយ​ពុំ​ប្រើប្រាស់​សារធាតុ​គីមី​ការពារ​ណាមួយ ដើម្បី​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​អនាម័យ និង​គុណភាព​របស់​អាមេរិក​។ ខេត្ត Dong Thap ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​ក្នុង​តំបន់​ដីសណ្តរ​ទន្លេមេគង្គ មាន​ផ្ទៃដី​ដាំ​ដុះ​ផ្លែស្វាយ​ចំនួន ៩៣០០ ហិកតា និង​ទទួល​ទិន្នផល​ផ្លែស្វាយ​ប្រមាណ ១២៧ ០០០​តោន​ក្នុង​មួយឆ្នាំៗ​។ 
 
​កាលពី​ខែកុម្ភៈ​កន្លងទៅ សហរដ្ឋអាមេរិក បានផ្តល់​ភ្លើង​ខៀវ​ដល់​វៀតណាម​ក្នុងការ​មាន​សិទ្ធិ​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ទីផ្សារ​ដ៏​ធំ​របស់ខ្លួន ក្រោយ​ចរចា​អស់​ពេល​១០​ឆ្នាំ​។ នេះ គឺជា​សម​ទ្ធិ​ផល​ធំ​មួយ​របស់​វៀតណាម ក្នុងការ​ស្វែងរក​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ ខណៈ​ទីផ្សារ​អាមេរិក មិន​ងាយ​ទទួលយក​ការនាំ​ចូល​ពី​បរទេស​នោះ​។​
 
 
​ផ្លែស្វាយ គឺ​ផ្លែឈើ​ស្រស់​ទី​ប្រាំ​ហើយ ដែល​ទទួលបាន​អាជ្ញា​បណ្ណ និង​សិទ្ធិ​ផ្លូវការ​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​អាមេរិក បន្ទាប់ពី ផ្លែ​ស្រកានាគ ផ្លែ​សាវម៉ាវ ផ្លែ​មៀន ផ្លែ​គូលែន និង​ផ្លែ​ម្ខុ​ត​។ សហរដ្ឋអាមេរិក គឺ​អតិថិជន​ដែល​បញ្ជា​ទិញ​ផលិតផល​កសិកម្ម​ធំ​បំផុត​លំដាប់​ទី​បួន​របស់​វៀតណាម កាលពី​ឆ្នាំ​២០១៨ ដែល​ស្មើនឹង ១០,៧​ភាគរយ នៃ​ការនាំចេញ​សរុប តាម​ពីក្រោយ​ចិន សហភាព​អឹ​រ៉ុ​ប និង​អាស៊ាន​។​
 
​បើតាម Vietnam Express ផលិតកម្ម​ផ្លែស្វាយ​ប្រមាណ​៩៦​ភាគរយ​របស់​វៀតណាម ត្រូវបាន​ចែកចាយ និង​ទទួលទាន​នៅក្នុង​ស្រុក​។ ហើយ​មក​ត្រឹម​ពេលនេះ វៀតណាម បាន​នាំចេញ​ផ្លែស្វាយ​ទៅកាន់​៤០​ប្រទេស​រួចហើយ ក្នុងនោះ​រួមមាន​កូរ៉េខាងត្បូង​, ជប៉ុន​, សិង្ហ​បុរី , អូស្ត្រាលី​, អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​, ចិន និង​ថៃ ជាដើម​៕

Tag:
 វៀតណាម​
  សហរដ្ឋអាមេរិក​
  ពាណិជ្ជកម្ម​
  ស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com