ជាតិ
ជប៉ុន​បើក​ការប្រលង​វាស់​ស្ទង់​សមត្ថភាព​កម្មករ​ជំនាញ​ដែល​ចង់​ធ្វើការ​ក្នុងប្រទេស​ខ្លួន​
21, Apr 2019 , 9:29 pm        
រូបភាព
រូបភាព៖ Asia Nikkei Review
រូបភាព៖ Asia Nikkei Review
ដោយ:
​រដ្ឋាភិបាល​ជប៉ុន នៅ​ចុង​សប្តាហ៍​មុន​បាន​បើក​ឲ្យ​មាន​ការប្រលង​សមត្ថភាព សម្រាប់​បេក្ខជន​ជា​ពលករ​បរទេស នៃ​ប្រទេស​ដៃគូ​មួយចំនួន ដែល​មានបំណង​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន​លើ​វិស័យ​ជាច្រើន​។ នេះ គឺជា​ការអនុវត្ត​ផែនការ​សកម្មភាព​លើកដំបូង​ហើយ​របស់​រដ្ឋាភិបាល​ជ​ប៉ុន បន្ទាប់ពី​គោលនយោបាយ​ថ្មី​ក្នុងការ​ទទួល​ពលករ​បរទេស បាន​ចូល​ជាធរ​មាននៅ​ដើមខែ​មេសា​កន្លងមក​នោះ​។​

 
​តាមរយៈ​កម្មវិធី​ប្រលង​សមត្ថភាព​ដើម្បី​ពិនិត្យមើល​កម្រិត​នៃ​ការប្រើប្រាស់​ភាសា​ជប៉ុន ចំណេះដឹង និង​ជំនាញ មាន​បេក្ខជន​ដែលជា​ពលរដ្ឋ​បរទេស​ប្រមាណ​ជិត​៤០០​នាក់ បាន​ចូលរួម​ប្រលងប្រជែង​សម្រាប់​ការងារ​លើ​វិស័យ​បដិសណ្ឋារកិច្ច​នៅក្នុង​ទីតាំង​ចំនួន​ប្រាំពីរ​នៅក្នុង​ក្រុង​តូ​ក្យូ​, ណា​ហ្គូ​យ៉ា និង​អូ​សា​កា​។ បេក្ខជន​ដែល​ចូលរួម​នេះ​មួយចំនួន ត្រូវបាន​គេ​ជឿជាក់ថា ជា​និស្សិត​បរទេស​ដែល​សិក្សា​នៅ​ទីនោះ​ស្រាប់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Japan Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្រៅពី​ការបើក​ឲ្យ​មានការ​ប្រលង​ធ្វើតេស្ត​សមត្ថភាព​នៅក្នុង​ប្រទេស រដ្ឋាភិបាល​ជប៉ុន នៅក្នុង​ថ្ងៃ​ដដែល​នោះ ក៏បាន​ចាប់ផ្តើម​បើក​ឲ្យ​បេក្ខជន​ប្រលងប្រជែង​នៅក្រៅ​ប្រទេស​សម្រាប់​ការងារ​លើ​វិស័យ​ថែទាំ​នៅ​រដ្ឋធានី​ម៉ានីល​របស់​ហ្វីលីពីន ដែលជា​ប្រទេស​ដៃគូ​ផងដែរ​។  
 
​គួរ​ជម្រាប​ផងដែរ​ថា ដោយសារតែ​បញ្ហា​អត្រា​ប្រជាជន​ដែលជា​មនុស្ស​ចាស់​កាន់តែ​កើនឡើង ខណៈ​អត្រា​ប្រជាជន​កើត​ថ្មី កាន់តែ​ទាប ជប៉ុន ត្រូវ​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ការងារ​។ ហើយ​ដើម្បី​ជា​ដំណោះស្រាយ​ទាន់ពេល រដ្ឋាភិបាល​ជប៉ុន បានសម្រេច​អនុវត្ត​គោលនយោបាយ​ថ្មី​ក្នុង​ការទទួល​កម្លាំង​ពលកម្ម​បរទេស​ពី​ប្រទេស​ប្រទេស​ដៃគូ​ចំនួន​ប្រាំបី ដែល​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែមេសា​នេះ​តទៅ​។ 
 
​ប្រទេស​ទាំង​ប្រាំបី​នេះ​រួមមាន វៀតណាម ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មី​យ៉ាន់​ម៉ា កម្ពុជា និង​នេ​ប៉ាល់​។ ប្រទេស​ទាំងបី​នេះ ត្រូវមាន​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយនឹង​ជប៉ុន​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ពលរដ្ឋ​ខ្លួន​ឲ្យ​ទៅ​បម្រើការ​នៅ​ជប៉ុន​ដាច់ដោយឡែក​ពីគ្នា​។ 
 
​តាម​ផែនការ​ថ្មី​នេះ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៅមុខ រដ្ឋាភិបាល​ជប៉ុន រំពឹងថា នឹង​អាច​ទទួលបាន​ពលករ​បរទេស​ជាង ៣០ ម៉ឺន​នាក់ ដើម្បី​បំពេញការងារ​លើ​វិស័យ​ពាក់ព័ន្ធ​ចំនួន​១៤ រួមមាន បដិសណ្ឋារកិច្ច​, ថែទាំ​, សំណង់ និង​កសិដ្ឋាន​ជាដើម​។ ពលករ​ទាំងនោះ នឹង​ទទួលបាន​ទិដ្ឋាការ​ការងារ​រហូតដល់​ប្រាំ​ឆ្នាំ ឬ​លើសពីនេះ អាស្រ័យ​លើ​ប្រភេទ​នៃ​ជំនាញ​ដែល​គេ​មាន​៕ 
 

Tag:
 ជប៉ុន​
  អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com