ជាតិ
ពីនេះ ពីនោះ
«​ផ្លែ​អំពិល​» សរសេរ​ជា​ព្យាង្គ​រាយ ឬ​«​ផ្លែ​អម្ពិល​» សរសេរ​ជា​ព្យាង្គ​តម្រួត​?
22, Apr 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​នៅក្នុង​វចនានុក្រម​ខ្មែរ​រួចហើយ ថា​សរសេរ «​ផ្លែ​អម្ពិល​» ជា​ព្យាង្គ​តម្រួត បើទោះបី​ជាមាន​ពាក្យ អំពិល ជា​ព្យាង្គ​រាយ​ក៏ដោយ ក៏​ពាក្យ​នេះ​មិន​បញ្ជាក់ថា​ជា​ឈ្មោះ​ផ្លែ​ម្យ៉ាង​ដែលមាន​រសជាតិ​ជូរ​ដែរ​។ ពាក្យ «​អំពិល​»​ប្រើ​ជា​ពាក្យ អំពិលអំពែក ទៅវិញ​ទេ​ទើប​មក​ន័យ​ថា សុខុមសត្ត​ពួក​ដង្កូវ មាន​ពន្លឺ​ព្រាកៗ​នៅក្រោម​ពោះ​ត្រង់​ចុងកន្ទុយ វា​ចេញ​ពន្លឺ​នៅពេល​យប់​ងងឹត​។



​ពាក្យ «​អម្ពិល​» មានន័យថា ជូរ រសជូរ​។ ខ្មែរ​យើង​ប្រើ សម្រាប់​ហៅ​ឈ្មោះ​ឈើ​ពួក​មួយ មាន​ដើម​ធំ​សាច់​ស្វិត ស្លឹក​ល្អិតៗ​មាន​រសជូរ​,​ផ្លែ​វែងៗ​ផ្លែ​មួយៗ ហៅថា មួយ​កួរ សម្រាប់​ប្រើ​ជា​ម្ជូរ​។ ខ្លះ​មាន​រសជាតិ​ជូរ​បន្តិចៗ​សម្រាប់​ប្រើ​ជា​បង្អែម ហើយ​ស្លឹក​ខ្ចី និង​ផ្កា​ប្រើ​ជា​បន្លែ​ស្ល​។ អម្ពិល​មាន​៣​ប្រភេទ​គឺ អម្ពិលក្តារ ផ្លែ​ធំៗ​សំប៉ែតៗ​មាន​រសជូរ​, អម្ពិល​កា្តម ឬ​អម្ពិលអាចម៍ឆ្មា ផ្លែ​តូចៗ​មូលៗ​ច្រើន​តែមាន​រសជាតិ​ជូរអែម​ល្មម​ឆ្ងាញ់ និង​អម្ពិលផ្អែម ច្រើន​តែមាន​ផ្លែ​តូចៗ មាន​រសជាតិ​ជូរ​បន្តិច​។ 
 
​អម្ពិល​ទាំង​៣​ប្រភេទ​នេះ មាន​ដើម និង​ស្លឹក​តែមួយ​បែប តែ​ផ្សេងគ្នា​តែ​ផ្លែ និង​រសជាតិ​។ អម្ពិល ច្រើន​ដុះ​នៅក្បែរ​ចិញ្ចើមថ្នល់​ជាដើម ដែលជា​ដើមឈើ​ងាយស្រួល​ដាំ និង​រស់នៅ​បានយូរ​អង្វែង​ផងដែរ​។ នេះ​បើ​យោងតាម​ការបកស្រាយរ​បស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com