អន្តរជាតិ
តារាចម្រៀងអង់គ្លេស Adele លែងលះប្តី ប៉ុន្តែភាគីទាំងពីរសន្យាចិញ្ចឹមកូនប្រុសរួមគ្នា
×
តារាចម្រៀងលំដាប់ពិភពលោក Adele និងស្វាមី Simon Konecki បានចែកផ្លូវគ្នា ក្រោយចំណងស្នេហ៍អស់រយៈពេល៨ឆ្នាំ។ ដំណឹងនៃការលែងលះនេះ ត្រូវបានប្រកាសដោយតំណាងពីររូបរបស់ Adele គឺ Benny Tarantini និង Carl Fysh កាលពីថ្ងៃទី១៩ ខែមេសា។
Adele តារាចម្រៀងអង់គ្លេសអាយុ៣០ឆ្នាំ មានឈ្មោះល្បីល្បាញបំផុតជាមួយបទ «Hello» និងលោក Simon Konecki អាយុ៤៤ឆ្នាំ ដែលជាសហគ្រិនផ្នែកសប្បុរសធម៌អាមេរិក មានទំនាក់ទំនងស្នេហាកាលពីឆ្នាំ២០១១ ហើយរៀបអាពាហ៍ពិពាហ៍នៅដើមឆ្នាំ២០១៧។ អ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះ Angelo ដែលបានកើតកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។
ក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន AP តំណាងរបស់ Adele បានអះអាងថា អតីតគូស្នេហ៍ទាំងពីរតាំងចិត្តរួមគ្នាក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសរបស់ខ្លួន។ ចំណែកព័ត៌មានទាក់ទងនឹងការលែងលះ ភាគីពាក់ព័ន្ធសុំសិទ្ធិរក្សាការសម្ងាត់ និងស្នើឲ្យគោរពសិទ្ធិឯកជន។
Adele ជាតារាចម្រៀងម្នាក់ដែលមានអ្នកគាំទ្រចូលចិត្តច្រើនបំផុតនៅលើពិភពលោក ហើយចម្រៀងរបស់នាង ជាពិសេសបទ Hello ដែលចេញអាល់ប៊ុមកាលពីឆ្នាំ២០១៥ ឈរនៅចំណាត់ថ្នាក់លេខ១នៅ៣០ប្រទេស រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
VIDEO
បើតាមការផ្សាយរបស់ The Sun គូស្នេហ៍ទាំងពីរ បានរស់នៅដាច់ដោយឡែកពីគ្នាជាច្រើនខែមកហើយ ដោយគេតែងតែឃើញ Adele មានវត្តមានតែម្នាក់នៅការប្រគំតន្ត្រីធំៗ។ ការ
លែងលះនេះ ត្រូវបានគេប៉ាន់ស្មានថា ដោយសារតែអ្នកទាំងពីរមានសូវមានពេលវេលាឲ្យគ្នាទៅវិញទៅមក ជាពិសេស Adele ដែលតែងតែធ្វើដំណើរឆ្លងទ្វីប។
Adele ដែលប្រកបអាជីពតាំងពីឆ្នាំ២០០៦មក បានឈ្នះពានរង្វាន់ចំនួន១៣៦ផ្សេងៗគ្នាក្នុងឧស្សហកម្មតន្ត្រី ដែលក្នុងនោះមាន Brit Awards ៩លើក Academy Award ១លើក Golden Globe Award ១លើក Grammy Awards ១៥លើក Billboard Music Awards ១៨លើក American Music Awards ៥លើក និង Ivor Novello Awars ក្នុងនាមជា Songwriter of the Year ២លើកផងដែរ។
Adele ត្រូវបានគេសង្កេតឃើញថា មានទំនាក់ទំនងញឹកញាប់ជាមួយតារាចម្រៀងកាណាដា Drake ជាពិសេសនៅលើបណ្តាញសង្គម Twitter និង Instagram៕
© រក្សាសិទ្ធិដោយ thmeythmey.com