ជាតិ
ខេត្តភាគពាយ័ព្យត្រូវដាច់ភ្លើងនៅថ្ងៃទី២៤ ព្រោះថៃត្រូវសម្អាតដើមឈើក្រោមគន្លងខ្សែបណ្តាញ
× ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីថៃ (EGAT) នឹងផ្អាកចរន្តអគ្គិសនីដែលបញ្ជូនមកផ្គត់ផ្គង់ក្នុងខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ នៅថ្ងៃទី២៤មេសាខាងមុខ។ ការផ្អាកអគ្គិសនីនេះ នឹងធ្វើឡើងចាប់ពីម៉ោង៥ព្រឹកដល់៦ល្ងាច ដើម្បីផ្លាស់ប្តូរខ្សែបញ្ជូន (Transmission Line Conductor) នៅអនុអគ្គិសនី Watthananakorn ប្រទេសថៃ និងការកាប់សម្អាតដើមឈើក្រោមគន្លងខ្សែបណ្តាញបញ្ជូនតង់ស្យុងខ្ពស់(១១៥គីឡូវ៉ុល)ដែលបញ្ជូនមកកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានអគ្គិសនីនៃអគ្គិសនីកម្ពុជា កាលពីថ្ងទី១៩មេសា ឆ្នាំ២០១៩ក្នុងអំឡុងពេលសម្អាតដើមឈើ និងផ្លាស់ប្តូរខ្សែបញ្ជូនអគ្គិសនីទាំងនេះ ចរន្តអគ្គិសនីដែលផ្គត់ផ្គង់ដោយនៅអនុអគ្គិសនីWatthananakorn មកឱ្យអនុអគ្គិសនីប៉ោយប៉ែត បន្ទាយមានជ័យ បាត់ដំបង(CPTL) សៀមរាប១ និងសៀមរាប២ នឹងត្រូវដាច់ភ្លើងទាំងស្រុង។
ការដាច់ភ្លើងពេញមួយថ្ងៃនេះ នាយកដ្ឋានអគ្គិសនី បានស្នើឱ្យដាក់ដំណើរការម៉ាស៊ីនភ្លើងផ្ទៃក្នុងទាំងអស់ របស់អគ្គិសនីសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។
ជាមួយគ្នានេះ តំបន់ខ្លះនៅក្នុងទីក្រុងប៉ៃលិន ក៏នឹងដាច់ភ្លើងផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីបាត់ដំបង៕
Tag:
បាត់ដំបង
ប៉ៃលិន
សៀមរាប
បន្ទាយមានជ័យ
អគ្គិសនី
ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com