កីឡាជាតិ
ជាតិ
កីឡាករ​កម្ពុជា​៨​រូប​ត្រូវ​ប្រជែង​ជាមួយ​ថៃ ដណ្តើម​ថវិកា​១​ម៉ឺន​ដុល្លារ នៅ​ភី​អិន​អិន​
22, Apr 2019 , 8:29 am        
រូបភាព
កីឡាករ​កម្ពុជាទាំង៨នាក់ដែលត្រូវប្រជែងជាមួយថៃ
កីឡាករ​កម្ពុជាទាំង៨នាក់ដែលត្រូវប្រជែងជាមួយថៃ
ដោយ:
​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​៨​រូប នឹងត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ថៃ​៨​រូប​ផ្សេងទៀត ដើម្បី​ដណ្តើម​ខ្សែក្រវាត់​មាស​និង​ថវិកា​១​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ដែល​នឹង​បើក​រជ្ជកាល​ថ្មី​ឡើងវិញ​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​ខាងមុខ​។ លោក ស្រ៊ឺ ស្រេង (​សំណព្វ​) ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​របស់​ភី​អិន​អិន​អះអាងថា សមាសភាព​កីឡាករ​ថៃ ដែល​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​កម្ពុជា​សុទ្ធសឹង​ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ដែល​អាចធ្វើ​ឲ្យ​ការប្រកួត​កាន់​តែមាន​ភាពស្វិតស្វាញ​។​

 
​ក្រោយ​ផ្អាក​អស់​រយៈពេល​ជាង​១​ឆ្នាំ កម្មវិធី​ប្រកួត​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន នឹង​បើក​រជ្ជកាល​ថ្មី​របស់ខ្លួន​ឡើងវិញ​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​។ រជ្ជកាល​ថ្មី​នេះ នឹងមាន​ការផ្លាស់ប្តូរ​រូបមន្ត​ប្រកួត​មួយចំនួន ដែល​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ ប្លែក និង​មាន​ភាពស្វិតស្វាញ​ជាង​មុន​។ 
 
​ជាមួយ​ការបើក​រជ្ជកាល​ថ្មី​នេះ ភី​អិន​អិន​បានជ្រើសរើស​កីឡាករ​កម្ពុជា​ចំនួន​៨​រូប​រួមមាន ឃឹម ឌី​ម៉ា​, ឡៅ ចិ​ត្រា​, កូយ ឡាយ​, លន បញ្ញា​, សុខ សា​វិ​ន​, សារឿន ចន្ទ​, ឡុង ជិន​, និង ធន មករា ដោយ​ពួកគេ​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ថៃ​៨​រូប​ផ្សេងទៀត​។ តែ​យ៉ាងណា​សមាសភាព​កីឡាករ​ថៃ​ទាំង​៨​រូប មិនទាន់​ត្រូវបាន​បង្ហាញមុខ​នៅឡើយ​ទេ​។ តែ​លោក ស្រ៊ឺ ស្រេង ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​របស់​ភី​អិន​អិន​អះអាងថា ពួកគេ​មាន​សមត្ថភាព​ខ្ពស់ និង​ភាគច្រើន​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ឡើយ​។​
 
«​យើង​ប្រើ​ភាសា​ថា​ខ្លាំង​តែម្តង​ក៏​មិន​បានដែរ តែ​យើង​នឹង​ព្យាយាម​រក​កីឡាករ​ថៃ​ណា​ដែល​ថ្មីៗ​មិនសូវ​មក​វាយ​នៅ​ខ្មែរ ហើយ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​កីឡាករ​ខ្មែរ​យើង​។ និយាយ​រួម​ធ្វើ​យ៉ាងម៉េច​វាយ​ឲ្យ​ល្អមើល តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥»​។ នេះ​ជាការ​អះអាង​របស់លោក ស្រ៊ឺ ស្រេង​។  
 
​សម្រាប់​ការប្រកួត​ប្រើ​រូបមន្ត​ចាញ់​ធ្លាក់ ពោលគឺ​កីឡាករ​កម្ពុជា​ទាំង​៨​រូប​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​រៀងៗ​ខ្លួន ហើយ​អ្នកឈ្នះ​នឹង​ឡើងទៅ​ប្រកួត​វគ្គ​បន្ត ហើយ​រូបមន្ត​នេះ នឹង​អនុវត្ត​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ មុន​ឈានដល់​ប្រកួត​ដ​ណ្តើ​យក​ខ្សែក្រវាត់​មាស និង​ថវិកា​១​ម៉ឺន​ដុល្លារ គឺ​កីឡាករ​ទាំងនេះ​ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​ខ្សែក្រវាត់​ប្រចាំខែ​ជាមុនសិន​។ ហើយ​ម្ចាស់​ឯក​ប្រចាំខែ​នីមួយៗ​នឹង​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​តែម្តង​។ នេះ​បើតាម​ការ​បញ្ចាក់​របស់​លោក សំណព្វ​។​
 
​តាមរយៈ​ការផ្លាស់ប្តូរ​រូបមន្ត​ប្រកួត និង​ការបង្កើន​ប្រាក់រង្វាន់​លើកទឹកចិត្ត ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​រូបនេះ​ជឿជាក់ថា កីឡាករ​នឹង​វាយ​ឲ្យ​អស់ពី​សមត្ថភាព ដែល​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​មាន​ភាព​តានតឹង​និង​ស្វិតស្វាញ​។ សម្រាប់ លោក ការធ្វើ​បែបនេះ​មិន​ប្រាកដថា​កីឡាករ​កម្ពុជា​ជា​អ្នក​គ្រង​ជើងឯក​១០០​ភាគរយ​នោះទេ ពោលគឺ​អាច​កីឡាករ​កម្ពុជា​ប៉ះ​កម្ពុជា ឬ​ថៃ​ប៉ះ​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក៏មានដែរ​។​
 
​សម្រាប់​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់ ISI Palm ទម្ងន់​៦០​គីឡូក្រាម​អម​ជាមួយ​ថវិកា​១​ម៉ឺន​ដុល្លារ​របស់​ភី​អិន​អិន នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្នុង​មួយ​សប្តាហ៍​មានការ​ប្រកួត​ចំនួន​៤​គូ គឺ​ប្រកួត​មិត្តភាព​អន្តរជាតិ​៣ និង​គូ​ដណ្តើម​ខ្សែក្រវាត់​១​គូ​៕   
 
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ស្រ៊ឺ ស្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com