អន្តរជាតិ
​ការសិក្សា​មួយ​នៅ​ស្វី​ស​៖ រោម​ឆ្កែ ផ្ទុក​បាក់តេរី តិចជាង​ពុកចង្ការ​របស់​មនុស្ស​
21, Apr 2019 , 6:29 pm        
រូបភាព
ដោយ: ធីតា
​ពុក​ចម្ការ​របស់​មនុស្ស​ជា​ប្រភព​នៃ​បាក់តេរី ដែល​ប្រឈម​កើត​ជំងឺ​ជាច្រើន​។ នេះ​បើតាម​ការសិក្សា​របស់​ក្រុម​អ្នកជំនាញ​នៅ​គ្លីនិក Hisladen ក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស ដោយ​ប្រៀបធៀប​ឃើញ​ផងដែរ​ថា រោម​របស់​សត្វ​សុនខ មាន​ហា​នី​ភ័យ​ចំពោះ​សុខភាព​តិចជាង​។​
 
​ក្រុម​អ្នកសិក្សា បាន​យក​សំណាក​ពុកចង្ការ​របស់​មនុស្ស​ប្រុស​ចំនួន​១៨​នាក់ អាយុ​ចន្លោះ​ពី​១៨ ទៅ​៧៦​ឆ្នាំ ទៅ​ប្រៀប​រោម​ឆ្កែ ៣០​ក្បាល​។ លទ្ធផល​បាន​បង្ហាញថា ពុក​ចម្ការ​របស់​មនុស្ស​ទាំងអស់​សុទ្ធ​តែមាន​មេរោគ ក្នុងនោះ ៧​នាក់ ឈានដល់​ការ​ប្រឈម​ផ្នែក​សុខភាព​។ ចំណែក​សុនខ​វិញ មាន​២៣​ក្នុងចំណោម​៣០​ក្បាល​ដែលមាន​បាក់តេរី ប៉ុន្តែ​មិនមាន​កម្រិត​ដូច​ពុក​ចម្ការ​របស់​មនុស្ស​ឡើយ​។​
 
 
​លោក Andreas Gutzeit ដែល​ស្ថិត​ក្នុងចំណោម​អ្នកដឹកនាំ​ការសិក្សា បាន​អះអាងថា គោលដៅ​សំខាន់ ក្រុម​អ្នកសិក្សា​ចង់ដឹង​ពី​កម្រិត​នៃ​ការឆ្លង​មេរោគ តាមរយៈ​ទំនាក់ទំនង​រវាង​មនុស្ស និង​សត្វ​។ «​តាម​លទ្ធផល​មូលដ្ឋាន​នៃ​ការសិក្សា​នេះ យើង​បែរជា​រកឃើញថា រោម​ឆ្កែ​ត្រូវបាន​ចាត់ទុកថា ស្អាត​ជាង ប្រើ​ប្រៀបធៀប​ទៅនឹង​ពុក​ចម្ការ​របស់​មនុស្ស​»​។ នេះ​ជាការ​អះអាង​របស់លោក Gutzeit​។​
 
​លទ្ធផល​បែបនេះ មិនបាន​ធ្វើ​ឲ្យ​អ្នកមាន​ពុកមាត់ និង​ពុកចង្ការ​សប្បាយចិត្ត​នោះឡើយ​។ ពួកគេ​ទទួលស្គាល់ថា អ្នកខ្លះ​ពិតជា​មិនបាន​យកចិត្តទុកដាក់​សម្អាត​ពុក​ចម្ការ​របស់ខ្លួន ប៉ុន្តែ​ក៏​មិន​រហូត​ទៅដល់​អន់​ជាង​រោមសត្វ​ឆ្កែ​នោះដែរ​។​
 
​លោក Keith Flett ដែលជា​អ្នក​ចូល​ទុក​ពុកចង្ការ​ម្នាក់​បាន​និយាយប្រាប់ Daily Mail ថា អ្នកខ្លះ​មិនសូវ​សម្អាត​ពុក​ចម្ការ​របស់​ខ្លួន ដោយសារតែ​មានការ​រើសអើង​នៅ​កន្លែង​ការងារ​។ ប៉ុន្តែ​លោក​ចង់ឃើញ​ការសិក្សា​ឲ្យ​បាន​ស៊ីជម្រៅ មុននឹង​សន្និដ្ឋានថា ពុកចង្ការ​មនុស្ស​គ្មាន​អនាម័យ​។​
 
​កាលពី​ដើមឡើយ អ្នកមាន​ពុកមាត់ និង​ពុកចង្កា​រវែងៗ ត្រូវបាន​ចាត់ទុកជា​អ្នកសិក្សា​ខ្ពង់ខ្ពស់ ជា​អ្នកប្រាជ្ញ និង​ក្លៀវក្លា ប៉ុន្តែ​សម័យកាល​បច្ចុប្បន្ន ការ​ទុក​ពុកមាត់ ឬ​ពុកចង្ការ​ភាគច្រើន ជា​ផ្នែក​មួយ​នៃ​ការតុបតែង​ខ្លួន​៕
 

Tag:
 សុនខ​
  ពុកចង្ការ​
  រោម​ឆ្កែ​
© រក្សាសិទ្ធិដោយ thmeythmey.com