អន្តរជាតិ
អ៊ុយ​ក្រែ​ន មាន​ប្រធានាធិបតី​ថ្មី​ជាតា​រា​កំប្លែង​
22, Apr 2019 , 9:32 am        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអ៊ុយក្រែន Volodymyr Zelensky។ (រូបភាព AFP)
ប្រធានាធិបតីជាប់ឆ្នោតអ៊ុយក្រែន Volodymyr Zelensky។ (រូបភាព AFP)
​តារា​កំប្លែង​អ៊ុយ​ក្រែ​ន Volodymyr Zelensky ទទួល​ជ័យជម្នះ​ភ្លូក​ភ្លូក​ទឹកដី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​២១ ខែមេសា​។ បើតាម​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ដែល​កំពុង​ធ្វើឡើង តារា​កំប្លែង​រូបនេះ បាន​ផ្ដួល​គូប្រជែង​របស់ខ្លួន គឺ​លោក Petro Poroshenko ដែលជា​ប្រធានាធិបតី​បច្ចុប្បន្ន​។ លោក Zelensky មិន​ធ្លាប់មាន​បទពិសោធ​នយោបាយ​អ្វី​សោះឡើយ ហើយក៏​មិន​ធ្លាប់​កាន់តំណែង​រដ្ឋ​អ្វី​ដែរ​។

 
​ក្នុង​លទ្ធផល​បណ្ដោះអាសន្ន តារា​កំប្លែង Volodymyr Zelensky ទទួលបាន​សំឡេងគាំទ្រ​ដល់​ទៅ​៧៣​ភាគរយ​ឯណោះ ខណៈ​លោក Petro Poroshenko ទទួល​បានតែ​២៤​ភាគរយ​ប៉ុណ្ណោះ​។ ខណៈ​ការរាប់​សន្លឹកឆ្នោត​មិនទាន់​បញ្ចប់​នៅឡើយ លទ្ធផល​បែបនេះ គឺ​គ្រប់គ្រាន់​សម្រាប់​លោក Zelensky ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​អ៊ុយ​ក្រែ​ន ហើយ​ជ័យជម្នះ​បាន​វាយប្រហារ​យ៉ា​ខ្លាំង​លើ​កម្លាំង​នយោបាយ​របស់​ប្រទេស​នេះ​។​
 
​តាមពិតទៅ លទ្ធផល​បែបនេះ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដ្បិត​អ្នកនយោបាយ​ជើង​ថ្មី​គ្មាន​បទពិសោធ​អ្វី​សោះ​នោះ បែរជា​អាច​ផ្ដួល​ប្រធានាធិបតី​ក្នុង​តំណែង​បាន​ទៅវិញ​។ មាន​កត្តា​ជាច្រើន​នៅ​ពីក្រោយ​ការផ្លាស់ប្ដូរ​ដ៏​ធំ​បែបនេះ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​អ៊ុយ​ក្រែ​ន​ងាក​ទៅ​គាំទ្រ​តារា​កំប្លែង​វិញ​នោះ គឺ​ការមិន​ពេញចិត្ត​របស់​ពួកគេ​លើ​អយុត្តិធម៌​សង្គម អំពើពុករលួយ និង​ង​សង្គ្រាម​នៅ​តំបន់​ខាងកើត​ដែល​សម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់​ហើយ​នោះ​។​
 
​ទោះ​មិន​ធ្លាប់​ប្រឡូក​ក្នុង​នយោបាយ លោក Zelensky ធ្លាប់​ដើរតួ​ជា​ប្រធានាធិបតី​ក្នុង​កម្មវិធី​ទូរទស្សន៍​ដែលមាន​ចំណងជើង​ថា Servant of the People ។ ពេលនេះ លោក​ក៏​ក្លាយជា​ប្រធានាធិបតី​ដូចដែល​ធ្លាប់​សម្ដែង​អ៊ីចឹង​ដែរ ហើយ​មាន​តួនាទី​ដឹកនាំ​ប្រជាជន​អ៊ុយ​ក្រែ​ន​៤៥​លាន​នាក់​ទៀតផង​។ ថ្លែង​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​របស់ខ្លួន តារា​កំប្លែង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​រូបនេះ​និយាយថា លោក​នឹងមិន​ធ្វើ​ឲ្យ​ប្រជាជន​ខកចិត្ត​ឡើយ​។​
 
​ជ័យជម្នះ​របស់លោក Zelenzky ទទួល​បានការ​សាទរ​ខ្លាំង​ពី​ប្រទេស​ជាច្រើន​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda បាន​ទូរ​សព្ទ​ទៅកាន់​ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ុយ​ក្រែ​ន​ដោយផ្ទាល់​ដើម្បី​សាទរ​។ ចំណែក​អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ Jens Stoltenberg  និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk វិញ ក៏​ប្រកាស​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​លោក Zelensky ដែរ​។   
 
​ដោយឡែក​លោក Poroshenko ដែល​កំពុង​ប្រជែង​ដើម្បី​បន្ត​អាណ​ត្ត​ទី​ពីរ​នោះ បានទទួល​ស្គាល់​បរាជ័យ​របស់ខ្លួន​ដែរ​។ លោក​ចាត់ទុក​លទ្ធផល​ដាច់​ឆ្ងាយ​ខ្លាំង​នេះ ជា​មូលហេតុ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​លោក​ទូរ​សព្ទ​ទៅកាន់​គូប្រជែង ហើយ​អបអរ​លោក Zelensky ។ ពី​ទីស្នាក់ការ​របស់ខ្លួន លោក Poroshenko ប្រកាស​ដើរចេញ​ពី​កៅអី​ប្រធានាធិបតី​របស់ខ្លួន តែ​លោក​នឹងមិន​ចាកចេញ​ពី​ឆាកនយោបាយ​ឡើយ​៕ 
 

Tag:
 អ៊ុយ​ក្រែ​ន​
  Volodymyr Zelensky
© រក្សាសិទ្ធិដោយ thmeythmey.com