អន្តរជាតិ
អ៊ុយក្រែន មានប្រធានាធិបតីថ្មីជាតារាកំប្លែង ប្រធានាធិបតីជាប់ឆ្នោតអ៊ុយក្រែន Volodymyr Zelensky។ (រូបភាព AFP)
× តារាកំប្លែងអ៊ុយក្រែន Volodymyr Zelensky ទទួលជ័យជម្នះភ្លូកភ្លូកទឹកដីក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២១ ខែមេសា។ បើតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតដែលកំពុងធ្វើឡើង តារាកំប្លែងរូបនេះ បានផ្ដួលគូប្រជែងរបស់ខ្លួន គឺលោក Petro Poroshenko ដែលជាប្រធានាធិបតីបច្ចុប្បន្ន។ លោក Zelensky មិនធ្លាប់មានបទពិសោធនយោបាយអ្វីសោះឡើយ ហើយក៏មិនធ្លាប់កាន់តំណែងរដ្ឋអ្វីដែរ។
ក្នុងលទ្ធផលបណ្ដោះអាសន្ន តារាកំប្លែង Volodymyr Zelensky ទទួលបានសំឡេងគាំទ្រដល់ទៅ៧៣ភាគរយឯណោះ ខណៈលោក Petro Poroshenko ទទួលបានតែ២៤ភាគរយប៉ុណ្ណោះ។ ខណៈការរាប់សន្លឹកឆ្នោតមិនទាន់បញ្ចប់នៅឡើយ លទ្ធផលបែបនេះ គឺគ្រប់គ្រាន់សម្រាប់លោក Zelensky ក្លាយជាប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន ហើយជ័យជម្នះបានវាយប្រហារយ៉ាខ្លាំងលើកម្លាំងនយោបាយរបស់ប្រទេសនេះ។
តាមពិតទៅ លទ្ធផលបែបនេះ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដ្បិតអ្នកនយោបាយជើងថ្មីគ្មានបទពិសោធអ្វីសោះនោះ បែរជាអាចផ្ដួលប្រធានាធិបតីក្នុងតំណែងបានទៅវិញ។ មានកត្តាជាច្រើននៅពីក្រោយការផ្លាស់ប្ដូរដ៏ធំបែបនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកបោះឆ្នោតអ៊ុយក្រែនងាកទៅគាំទ្រតារាកំប្លែងវិញនោះ គឺការមិនពេញចិត្តរបស់ពួកគេលើអយុត្តិធម៌សង្គម អំពើពុករលួយ និងងសង្គ្រាមនៅតំបន់ខាងកើតដែលសម្លាប់មនុស្សជាច្រើនពាន់នាក់ហើយនោះ។
ទោះមិនធ្លាប់ប្រឡូកក្នុងនយោបាយ លោក Zelensky ធ្លាប់ដើរតួជាប្រធានាធិបតីក្នុងកម្មវិធីទូរទស្សន៍ដែលមានចំណងជើងថា Servant of the People ។ ពេលនេះ លោកក៏ក្លាយជាប្រធានាធិបតីដូចដែលធ្លាប់សម្ដែងអ៊ីចឹងដែរ ហើយមានតួនាទីដឹកនាំប្រជាជនអ៊ុយក្រែន៤៥លាននាក់ទៀតផង។ ថ្លែងទៅកាន់ហ្វូងអ្នកគាំទ្ររបស់ខ្លួន តារាកំប្លែងជាប់ឆ្នោតជាប្រធានាធិបតីរូបនេះនិយាយថា លោកនឹងមិនធ្វើឲ្យប្រជាជនខកចិត្តឡើយ។
ជ័យជម្នះរបស់លោក Zelenzky ទទួលបានការសាទរខ្លាំងពីប្រទេសជាច្រើន។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតីប៉ូឡូញ Andrzej Duda បានទូរសព្ទទៅកាន់ប្រធានាធិបតីជាប់ឆ្នោតអ៊ុយក្រែនដោយផ្ទាល់ដើម្បីសាទរ។ ចំណែកអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk វិញ ក៏ប្រកាសត្រៀមខ្លួនធ្វើការជាមួយលោក Zelensky ដែរ។
ដោយឡែកលោក Poroshenko ដែលកំពុងប្រជែងដើម្បីបន្តអាណត្តទីពីរនោះ បានទទួលស្គាល់បរាជ័យរបស់ខ្លួនដែរ។ លោកចាត់ទុកលទ្ធផលដាច់ឆ្ងាយខ្លាំងនេះ ជាមូលហេតុគ្រប់គ្រាន់សម្រាប់ឲ្យលោកទូរសព្ទទៅកាន់គូប្រជែង ហើយអបអរលោក Zelensky ។ ពីទីស្នាក់ការរបស់ខ្លួន លោក Poroshenko ប្រកាសដើរចេញពីកៅអីប្រធានាធិបតីរបស់ខ្លួន តែលោកនឹងមិនចាកចេញពីឆាកនយោបាយឡើយ៕
Tag:
អ៊ុយក្រែន
Volodymyr Zelensky
© រក្សាសិទ្ធិដោយ thmeythmey.com