ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ហើយ នៅព្រំប្រទល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ប្រទេសថៃ នៅព្រឹកថ្ងៃទី២២ មេសានេះ។
ក្រៅពីគម្រោងចាក់បេតុងភ្ជាប់ស្ពាននេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)ទៀតផង។
ទាក់ទងនឹងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ត្រូវបានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ។ ស្ពាននេះ ទទួលបានជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃជាង ១៩លានដុល្លារអាមេរិក ខណៈរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ស្ពាននេះជាស្ពានធំទីមួយ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។ ថ្លែងក្នុងពិធីតភ្ជាប់នេះ សម្ដេច ហ៊ុន សែន ចាត់ទុកស្ពាននេះ គឺជាការតភ្ជាប់និស្ស័យ និងការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងកម្ពុជា-ថៃ ក្នុងការជំរុញពាណិជ្ជកម្ម និងឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។
ងាកមកការបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ រាជរដ្ឋាភិបាលកម្ពុជា ក៏ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦.៤២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់, សំណង់អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ», ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។ ដំណើរការសាងសង់អគារនៅច្រកព្រំដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។
ក្នុងពិធីដដែលនេះ កម្ពុជា-ថៃ ក៏បើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសទាំងពីរជាផ្លូវការផងដែរ។ ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)ទៀតផង។ រដ្ឋាភិបាលថៃ ប្រគល់ក្បាលរថភ្លើងចំនួនមួយគ្រឿង ដោយមានទូចំនួន៤ ដល់រដ្ឋាភិបាលកម្ពុជា ។ ទូរថភ្លើងទាំង៤នេះ អាចផ្ទុកអ្នកដំណើរបាន៣២០នាក់។
ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ ហើយនៅឆ្នាំ១៩៧៣ កំណាត់ផ្លូវដែកក្រុងប៉ោយប៉ែត ត្រូវបានកាត់ផ្តាច់ នៅគ្រាដែលកម្ពុជាជួបបញ្ហាសង្គ្រាម។ តែយ៉ាងណាផ្លូវដែកមួយខ្សែនេះត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ និងដាក់ឱ្យដំណើរការឡើងវិញ កាលពីខែមេសា ឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ៨៤លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា តំបន់ប៉ោយប៉ែត នឹងក្លាយជាទីតាំងអភិវឌ្ឍន៍សំខាន់នាពេលបច្ចុប្បន្ន និងទៅអនាគត៕