ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បើក​ច្រកព្រំដែន​៤​បន្ថែមទៀត ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម
22, Apr 2019 , 10:11 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) នៅ​ព្រឹក​ថ្ងៃទី​២២ មេសា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ពិចារណា​បើក​ច្រកព្រំដែន​៤​បន្ថែមទៀត ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

 
​មុន​ឡើង​ថ្លែង​សន្ទរកថា ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ដើរ​ត្រួតពិនិត្យ​លើ​សំណង់​ស្ពាន និង​ការដ្ឋាន​​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​នោះ សម្ដេច ហ៊ុន សែន ក៏​ឆ្លៀតឱកាស​ប្រាប់​ទៅ​លោក ប្រា​យុទ្ធ ពី​បំណង​ចង់​បើក​ច្រកព្រំដែន​បន្ថែមទៀត ក្នុងការ​ទាញយក​ផលប្រយោជន៍​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​។​
 
​ច្រកព្រំដែន ដែល​សម្ដេច ហ៊ុន សែន ស្នើ​ប្រមុខ​រដ្ឋាភិបាល​ថៃ បើក​ដំណើរការ​នោះ​រួមមាន​ច្រក​អានសេស ខេត្តព្រះវិហារ -​និង​ច្រក​អាន​ម៉ា ខេត្ត​ឧប៊ុន ប្រទេស​ថៃ ។​ច្រក​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង និង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះកែវ ។ ច្រក​ថ្មដារ ក្នុង​ខេត្តពោធិ៍សាត់ និង​ច្រក​ថា​សេន ក្នុង​ខេត្ត​ស្រះកែវ និង​ច្រករបៀង​ជប់​គគី ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​បូរី​រ៉ាំ ។​
 
​តែ​យ៉ាងណា​សំណើ​របស់​សម្ដេច ហ៊ុន សែន មិនទាន់មាន​ការឆ្លើយ​តប​បែបណា​ពី​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅឡើយ​ទេ​។​
 
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ មាន​ជាង​៧​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ថៃ​នាំ​ចូលមក​កម្ពុជា មាន​ទំហំ​ជាង​៦​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំចេញ​ទៅ​ថៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ផលិតផល ដែល​កម្ពុជា នាំចេញ​ទៅ​ថៃ ភាគច្រើន​ជា​កសិផល រួមមាន​ដូចជា ពោត ដំឡូង​មី សណ្តែក​ជាដើម​។ ចំណែក​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ មានដូចជា គ្រឿងចក្រ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ប្រេងឥន្ធនៈ សម្ភារៈ​សំណង់ គ្រឿងឧបភោគ​បរិភោគ គ្រឿងសម្អាង សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជាដើម​។ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក៏​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើនឡើង​ដល់​១៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​ទៀតផង​៕

Tag:
 ហ៊ុន សែន​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com