កីឡាអន្តរជាតិ
អន្តរជាតិ
Premier League៖ ក្រុម​ប្រជែង​ជើងឯក​បន្ត​ឈ្នះ​រៀងៗ​ខ្លួន ឯ​ក្រុម​ប្រជែង Top 4 ចាញ់​ដូចគ្នា​
22, Apr 2019 , 10:32 am        
រូបភាព
Liverpool បាន​បន្ត​ជ័យ​ជ​មុះ្ន​របស់ខ្លួន​ដើម្បី​ឡើងទៅ​ឈរ​កំពូល​តារាង Premier League ក្រោយ​យកឈ្នះ Cardiff City ២-០ ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣៥​របស់ខ្លួន ដោយ​នាំមុខ​គូប្រជែង Manchester City ដែល​លេង​បាន​៣៤​ប្រកួត​ចំនួន​២​ពិន្ទុ​។ Spurs, Arsenal, Man Utd ដែល​ត្រូវ​ប្រជែង​គ្នា​យក​តំបន់ Top4 សុទ្ធតែ​បរាជ័យ​រៀងខ្លួន​នា​ការប្រកួត​សប្តាហ៍​ទី​៣៤​។​


 
​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ Georginio Wijnaldum និង James Milner បាន​ជួយ​ក្រុម​លោក Jurgen Klopp កើន​ដល់​៨៨​ពិន្ទុ​ពី​ការប្រកួត​៣៥​លើក​។ ហង្ស​ក្រហម​នាំមុខ​ក្រុម Man City ចំនួន​២​ពិន្ទុ ប៉ុន្តែ​ពួកគេ​ក៏​លើស​ការប្រកួត​១​លើក​ដែរ​។​
 
Liverpool ក្រៅពី​ត្រូវ​ប្រជែង​ពាន​កំពូល​អង់គ្លេស​ជាមួយ​មេឃ​ខៀវ​រដូវ​កាល​នេះ​ពួកគេ​ក៏មាន​ភារកិច្ច​ធំ​ដើម្បី​ដណ្តើមពាន Champions League ផងដែរ ដោយ​ក្នុងនោះ​ត្រូវ​ប៉ះ Barcelona នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​


 
​ដោយឡែក Tottenham Hotspur, Arsenal និង Manchester United ដែល​កំពុង​ប្រទាញប្រទង់​គ្នា​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​ទី​៣ និង​ទី​៤ ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ​ក្នុងជំនួប​សប្តាហ៍​ទី​៣៤​។​
 
Spurs បាន​ចាញ់ Man City ១-០ រីឯ បិសាច​ក្រហម​ត្រូវ Everton លត់​ដល់​ទៅ​៤-០ ហើយ Arsenal ចាញ់ Crystal Palace ៤-៣​។ Spurs ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ មាន​៦៧​ពិន្ទុ តាម​ពីក្រោយ​ដោយ Arsenal មាន​៦៦​ពិន្ទុ ខណៈ Man Utd នៅ​ចំណាត់ថ្នាក់​ទី​៦​មាន​៦៤​ពិន្ទុ​។ Chelsea ដែល​ឈរ​នៅ​លេខ​៥ មាន​៦៦​ពិន្ទុ ត្រូវ​តទល់​គ្នា​ជាមួយ Burnley ក្នុងជំនួប​លើក​ទី​៣៥​របស់គេ នៅ​រាត្រី​ថ្ងៃទី​២២ ខែមេសា​នេះ​។ 
 
​ចាប់ពី​ចំណាត់ថ្នាក់​ទី​៣ ដល់ទី​៦ មាន​គម្លាត​ពិន្ទុ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ការប្រកួត​នៅសល់​៤​ប្រកួត​ទៀត​៕

Tag:
 បាល់ទាត់​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com