អន្តរជាតិ
សហរដ្ឋអាមេរិក​សម្អាត​ការដ្ឋាន​ផ្ទុក​សារធាតុ​គីមី Agent Orange នៅ​ប្រទេស​វៀតណាម​
22, Apr 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការដែល​មានទឹក​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ដើម្បី​បោសសម្អាត​មូលដ្ឋាន​យោធា​មួយ​ក្នុងប្រទេស​វៀតណាម​ដែល​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​ក្នុងអំឡុង​សង្គ្រាម​វៀតណាម​ដើម្បី​ស្តុក​ទុក​សារ​ធាតុគីមី Agent Orange ដែលមាន​ជាតិពុល​ខ្លាំង​បំផុត​។

 
​ការសម្អាត​នេះ​នឹងត្រូវ​ចំណាយ​ប្រាក់​ចំនួន ១៨៣​លាន​ដុល្លារ​ហើយ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​នៅឯ​អាកាសយានដ្ឋាន Bien Hoa ដែល​ស្ថិតនៅ​ខាងក្រៅ​ទីក្រុង​ហូជីមិញ​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​រយៈពេល​ជាង​៤០​ឆ្នាំ​ក្រោយពី​សង្គ្រាម​បានបញ្ចប់​ហើយ​អាកាសយានដ្ឋាន​Bien Hoa គឺជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ជាច្រើន​ដែល​រក្សាទុក​សារធាតុពុល​នេះ​។​
 
​សហរដ្ឋអាមេរិក​បាន​បាញ់​សារធាតុ​គីមី Agent Orange អស់ ៨០​លាន​លីត្រ នៅ​តំបន់​វៀតណាម​ខាងត្បូង​នៅ​ចន្លោះ​ឆ្នាំ ១៩៦២ ដល់ ១៩៧១ ដើម្បី​កុំឱ្យ​កងទ័ព​ព្រៃ​កុម្មុយនីស្ត​វៀត​កុង​មានព្រៃ​ជ្រក​និង​បង្អត់អាហារ​ពួកគេ​។​
 
​សារធាតុ​គីមី Agent Orange ដែល​រក្សាទុក​នៅ​អាកាសយានដ្ឋាន Bien Hoa ត្រូវបាន​គេ​ជឿថា​បាន​ជ្រាបចូល​ទៅក្នុង​ដី កករ និង​ទន្លេ​ក្បែរ​ខាង​។​
 
​សារធាតុ​គីមី Agent Orange នេះ​មាន​ជាតិ Diaxin និង​បានធ្វើឱ្យ​ងាយ​កើត​ជំងឺមហារីក និង​កូនក្មេង​កើត​មិន​គ្រប់លក្ខណៈ​លើ​ពលរដ្ឋ​វៀតណាម​ជាច្រើន​ជំនាន់​។​
 
​កាលពី​ខែវិច្ឆិកា សហរដ្ឋអាមេរិក​បាន​បញ្ចប់​កម្មវិធី​បោសសម្អាត​ស្រដៀង​គ្នា​នេះ​នៅ​អាកាសយានដ្ឋាន Danang ដោយ​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ១១០​លាន​ដុល្លារ​។​
 
​ចំនួន​ជាតិពុល​នៅ Bien Hoa គឺ​ច្រើនជាង​នៅ Danang ចំនួន​បួន​ដង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com