ជាតិ
សម្ដេច ហ៊ុន សែន ហាម​សម្ដេច ស ខេង ឆ្លើយឆ្លង​ជាមួយ​អ្នក​ញុះញង់​ឲ្យ​ធ្វើ​បក្ស​ប្រហារ​
22, Apr 2019 , 11:18 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឭ​ដំណឹង​ថា មាន​អ្នក​នៅ​ខាងក្រៅ​ញុះញង់​ឲ្យ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្វើ​បក្ស​ប្រហារ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​បំណង​ទុច្ចរិត​បែបនេះ គឺជា​រឿង​ដែល​មិនអាច​កើតឡើង​ឡើយ​។

 
​ក្រោយពី​បាន​ឭ​ដំណឹង​នេះសម្ដេច ហ៊ុន សែន ហាក់​បង្ហាញ​អារម្មណ៍​មិន​ខឹងសម្បាអ្វី​ឡើយ ទៅលើ​ជួរ​ដឹកនាំ​គណបក្ស​ខ្លួន ដោយសារតែ​ពាក្យសម្តី​ពី​អ្នក​ខាងក្រៅ​នេះ​ទេ​។ មិន​ត្រឹមតែ​មិន​ខឹង ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​រូបនេះ ថែមទាំង​ហាម​សម្ដេច ស ខេង ឆ្លើយឆ្លង​ជាមួយ​អ្នក​ញុះញង់​ឲ្យ​ធ្វើ​បក្ស​ប្រហារ ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​ទៀតផង​។ សម្ដេច ហ៊ុន សែន យល់ឃើញថា ពាក្យសម្តី​ចាករុក​ពី​ខាងក្រៅ​នេះ គឺជា​រឿង​ដែល​មិនអាច​ទៅរួច​នោះឡើយ​។​
 
​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥​នៅ​ថ្ងៃទី​២២ មេសា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​និយាយ​នៅទីនេះ គឺ​មិន​ចង់​ឲ្យ​អ្នកណា​ឆ្លើយតប​ទេ សូម្បីតែ​សម្ដេច​ក្រឡាហោម ដែល​គេ​ប្រើ​គាត់​ឲ្យ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ខ្ញុំ​នោះ ក៏​មិនចាំបាច់​ឆ្លើយតប​ទៅ​អ្នកណា​ទេ​។ ឥឡូវ​យើង​សាក​គិត​ជាមួយគ្នា​មើល​ឧបនាយករដ្ឋមន្ត្រី ផ្តួល​នាយករដ្ឋមន្ត្រី មានន័យ​ស្មើ​រដ្ឋប្រហារ​។ ចេះ​ប្រើ​គេ​ទៅរួច​! រួចហើយ​ធ្វើ​រដ្ឋប្រហារ យក​អំណាច​ទៅ​ឲ្យ​អ្នកណា គឺ​យក​អំណាច​ទៅ​ឲ្យ​វា ។ វា​នឹក​ស្មានតែ​សម្ដេច​ក្រឡាហោម ល្ងង់​ណាស់​ទៅ​អី​? អ៊ីចឹង​មិនចាំបាច់​សម្ដេច​ក្រឡាហោម ឆ្លើយ​យ​តប​ទេ ព្រោះ​យើង​បាន​ឯកភាពគ្នា ថ្ងៃ​មុនពេល​ចូលប្រជុំ​គណៈរដ្ឋមន្ត្រី ខ្ញុំ​ប្រាប់ថា មិនបាច់​ឆ្លើយ​ជាមួយ​វា​ទេ​»​។​
 
​បន្ថែម​ពីនេះ សម្ដេច ហ៊ុន សែន ក៏​ហាម​មន្ត្រី​បក្ស​ខ្លួន​ទាំងអស់ ឆ្លើយឆ្លង​ជាមួយ​ក្រុម​អ្នកនយោបាយ​ដែល​ប្រើប្រាស់​ពាក្យសម្តី​ធ្ងន់ធ្ងរ​ប្រឆាំង​រដ្ឋាភិបាល​រដ្ឋាភិបាល​ទៀតផង​។ ដ្បិត​មិន​និយាយ​ចំឈ្មោះ តែ​ការលើកឡើង​ខាងលើ​របស់​សម្ដេច ហ៊ុន សែន នេះ គឺ​ចង់​សំដៅ​ទៅលើ​ក្រុម​របស់លោក សម រង្ស៊ី អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹកនាំ​ចលនា​ភ្លើងទៀន នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពីពេល​ថ្មីៗ​នេះ​៕ 

Tag:
 ហ៊ុន សែន​
  ស ខេង​
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com