ក្រុមព្រះខ័នរាជស្វាយរៀង ក្រសួងការពារជាតិ វិសាខា និងអង្គរថាយហ្គឺរបានបន្តបង្ហាញភាពខ្លាំងតាមរយៈមិនទាន់ស្គាល់ចាញ់ គិតត្រឹមសប្តាហ៍ទី៤ក្នុងការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ផ្ទុយទៅវិញក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទី និងសូលទីឡូអង្គរនៅតែមិនទាន់ស្គាល់ជ័យជម្នះ។
ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានបញ្ចប់ការប្រកួតសប្តាហ៍ទី៤របស់ខ្លួនហើយ ក្នុងនោះក្រុមខ្លាំងចំនួន៤រួមមានព្រះខ័នរាជស្វាយរៀង ក្រសួងការពារជាតិ វិសាខា និងអង្គរថាយហ្គឺរមិនទាន់ស្គាល់ចាញ់នោះទេ។ សម្រាប់៤ប្រកួតកន្លងមកព្រះខ័នរាជស្វាយរៀងឈ្នះទាំង៤ប្រកួតក្នុងនោះឈ្នះភ្នំពេញក្រោន ៥-១, គីរីវង់សុខសែនជ័យ ២-០, សូលទីឡូអង្គរ ១-០ និងអគ្គស្នងការនគរបាលជាតិ ២-០។
ចំណែកក្រសួងការពារជាតិឈ្នះ៣ស្មើ១ ក្នុងនោះឈ្នះអគ្គស្នងការនគរបាលជាតិ ៤-២, ឈ្នះកំពង់ចាម ១១-០, ឈ្នះណាហ្គាវើល ៤-២ និងស្មើ ១-១ ជាមួយអង្គរថាយហ្គឺរ។ រីឯក្រុមវិសាខាឈ្នះ៣និងស្មើ១ដូចគ្នា ដោយឈ្នះអគ្គិសនី ៤-០, ឈ្នះភ្នំពេញក្រោន ៣-១, ឈ្នះគីរីវង់សុខសែន ២-០ និងស្មើ ០-០ ជាមួយសូលទីឡូអង្គរ ខណៈអង្គរថាយហ្គឺរឈ្នះ២ ស្មើ២ ក្នុងនោះឈ្នះ U18 បាទី ៦-០, ឈ្នះកំពង់ចាម ១១-០ និងស្មើ ១-១ ជាមួយបឹងកេត និងក្រសួងការពារជាតិ។
នាជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ ទី២១ មេសា កីឡាករ សុក សំណាង បានសម្រេចគ្រាប់បាល់នាំមុខ ១-០ សម្រាប់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងនៅនាទីទី១៥ មុនកីឡាករ ប្រាក់ មុន្នីឧត្តម ទាត់បាល់ពិន័យ១១ម៉ែត្រសម្រេចបានមួយគ្រាប់បន្ថែម ដើម្បីបង្កើនការនាំមុខ ២-០ លើភ្ញៀវភ្នំពេញក្រោននៅនាទីទី២២។ ការប្រកួតដំណើរការបាន១៤នាទី ខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor បានទាត់បាល់ពិន័យ១១ម៉ែត្រសម្រេចឲ្យភ្ញៀវភ្នំពេញក្រោនតាមពីក្រោយ ២-១។
ខ្សែប្រយុទ្ធកាមេរូន Befolo Mbarga Privat សម្រេចបានមួយគ្រាប់បន្ថែមសម្រាប់ម្ចាស់ផ្ទះស្វាយរៀង ដើម្បីបង្កើនការនាំមុខ ៣-១ លើភ្ញៀវភ្នំពេញក្រោននៅនាទីទី៤៩។ ពីរនាទីក្រោយមកខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានសម្រេចគ្រាប់ទី២របស់ខ្លួន មុនខ្សែប្រយុទ្ធកាមេរូនបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៥៨ ដែលជាគ្រាប់បាល់ជ័យជម្នះ ៥-១ សម្រាប់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងលើភ្នំពេញក្រោន។ ជ័យជម្នះនេះ ជ័យឲ្យព្រះខ័នរាជស្វាយរៀបបន្តឈរកំពូលតារាងដោយមាន១២ពិន្ទុ។
សម្រាប់ការប្រកួតនៅកីឡដ្ឋាន EDC កាលពីថ្ងៃអាទិត្យនោះដែរ ក្រុមអគ្គស្នងការនគរបាលជាតិបានបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបញ្ចូលទីក្នុងតង់ទី១ជាមួយក្រសួងការពារជាតិ។ ប៉ុន្តែការប្រកួតតង់ទី២ដំណើរការបាន១០នាទី ខ្សែប្រយុទ្ធ Bisan George បានសម្រេចគ្រាប់បាល់នាំមុខ ១-០ សម្រាប់ភ្ញៀវក្រសួងការពារជាតិ មុនខ្សែប្រយុទ្ធ Debiro Dzarma Bata រកបាន Hat Trick ដើម្បីបង្កើនការនាំមុខ ៤-០ នៅនាទី៥៧, ៥៨ និង៧៧។
បីនាទីក្រោយមកកីឡាករ កូរណៃ អាន់សារី បានសម្រេចគ្រាប់បាល់តាមពីក្រោយ ១-៤ សម្រាប់អគ្គស្នងការនគរបាលជាតិ មុនខ្សែប្រយុទ្ធ Booysen Shane រកបានមួយគ្រាប់បន្ថែម ដើម្បីបង្កើនការតាមពីក្រោយ ២-៤ នៅនាទី៨៨។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត ទោះបីអគ្គស្នងការនគរបាលជាតិ ព្យាយាមវាយបកយ៉ាងណាក៏ដោយ។ ជ័យជម្នះនេះជួយក្រុមក្រសួងការពារជាតិក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ត្រា បន្តឈរលេខរៀងទី២ដោយមាន១០ពិន្ទុ។
សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យនោះដែរ ក្រុមណាហ្គាវើលបានយកឈ្នះម្ចាស់ផ្ទះសូលទីឡូអង្គរក្នុងលទ្ធផល ១-០ ដែលកីឡាករ Gurbani Amir ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះនេះ។ ចំណែកក្រុមបឹងកេតបានលត់ក្រុមចំណូលថ្មីកំពង់ចាមក្នុងលទ្ធផល ៧-០ ក្នុងនោះកីឡាករ Oiboh Julius សម្រេចបាន Hat Trick រួមចំណែកពីរគ្រាប់ពី Purcino Luiz Edardo និងម្នាក់មួយគ្រាប់ពី ម៉ាត់ យ៉ាមីន និង ឃួន ឡាបូរ៉ាវី។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ ក្រុមវិសាខាបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-០ ដែលគ្រាប់បាល់ជ័យជម្នះរួមចំណែកម្នាក់មួយគ្រាប់ពីកីឡាករ Pak Song Chol, ទិត្យ ឌីណា, Skraparas Evangelos និង Ideguchi Masski។ ចំណែកអង្គរថាយហ្គឺរយកឈ្នះម្ចាស់ផ្ទ U18 បាទី ៦-0 និងអាស៊ីអឺរ៉ុបឈ្នះគីរីវង់សុខសែនជ័យ ២-១។
ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទី និងក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបសូលទីឡូអង្គរមិនទាន់ស្គាល់ជ័យជម្នះនោះទេ។ ក្នុងនោះ U18 បាទីចាញ់ទាំង៤ប្រកួត ខណៈសូលទីឡូអង្គរស្មើ១ និងចាញ់៣៕