កីឡាអន្តរជាតិ
អន្តរជាតិ
Klopp លេងសើច​ចំអក​ដាក់ Man Utd ថា​ជួយ Liverpool រារាំង Man City មិន​បានទេ​
22, Apr 2019 , 8:59 pm        
រូបភាព
​លោក Jurgen Klopp បាន​ចំអក (Troll) ឲ្យ​ក្រុម Manchester United ថា​គ្មាន​គីឡូ​អ្វី​ប៉ះ​ជាមួយ Manchester City ដើម្បី​ជួយ Liverpool រក្សា​កំពូល​តារាង Premier League ទេ ក្រោយ​ពួកគេ​ចាញ់ Everton ដល់​ទៅ ៤-០ នា​ការប្រកួត​សប្តាហ៍​ទី​៣៤ ថ្ងៃទី​២១ ខែមេសា​។​


 
​ក្រុម​របស់លោក Klopp បាន​ត្រឡប់​ទៅកាន់​កំ​ពូ​តារាង​វិញ​បន្ទាប់ពី​យកឈ្នះ Cardiff City ២-០ ដោយ​នាំមុខ Man City ចំនួន​២​ពិន្ទុ​តែ​លើស​១​ប្រកួត ខណៈ​ក្រុម​មេឃ​ខៀវ​នេះ​ត្រូវ​តទល់​ជាមួយ Man Utd មួយ​ប្រកួត​ទៀត​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​ដើម្បី​បង្គ្រប់​ការប្រកួត​ទី​៣៥​ដូចគ្នា​។​
 
​មាន​អ្នកគាំទ្រ​ជាច្រើន​បានលើកឡើង​ថា​ការធ្វើដំណើរ​ទៅកាន់​ទឹកដី Old Trafford ក្នុងជំនួប Manchester derby គឺជា​ឧបសគ្គ​ចម្បង​ចុងក្រោយ​សម្រាប់​ក្រុម​លោក Peo Gardiola ក្នុងការ​ការពារ​តំណែង​ជើងឯក បន្ទាប់ពី​ពួកគេ​ឈ្នះ​ក្រុម​ខ្លាំង Tottenham Hotspur ១-០ កាលពី​ថ្ងៃទី​២០ ខែមេសា​រួចហើយនោះ​។​


Richarlison ដែលស៊ុតឲ្យ Everton នាំមុខ Man Utd មុន
 
​ប៉ុន្តែ​ក្រោយ​ក្រុម​បិសាច​ក្រហម​ដែលមាន​លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ ទទួលរង​ភាពអាម៉ាស់​ក្រោយ​ចាញ់​ម្ចាស់ផ្ទះ Everton ដល់​ទៅ ៤-០ នោះ​លោក Klopp បាន Troll ក្រុម Man Utd ថា​ក្រុម​នេះ​គ្មាន​ឥទ្ធិពល​អ្វី​លើ​ក្រុម Man City ដើម្បី​ជួយ​ដល់ Liverpool ឡើយ​។​
 
«​នៅពេលដែល​អ្នក​ពឹង​លើ​ក្រុម Man Utd ដើម្បី​ផ្តួល Man City ខណៈដែល​ពួកគេ​របូត​ដល់​ទៅ​៤​គ្រាប់​ក្រោម​ថ្វី​ជើង Everton វា​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ​»​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​និយាយ​ដូច្នេះ​។​
 
​ក្រោយ​ចាញ់ Everton រួច ក្រុម​លោក Solskjaer ត្រូវធ្វើ​យ៉ាងណា​យកឈ្នះ Man City ជា​ចាំបាច់​ដើម្បី​ប្រជែង​យក​តំណែង Top4 សម្រាប់​កៅអី Champions League រដូវ​កាល​ក្រោយ​។ Man Utd ឈរ​ចំណាត់ថ្នាក់​ទី​៦​បណ្តោះអាសន្ន មាន​៦៤​ពិន្ទុ ក្នុងការ​ប្រកួត​៣៤​លើក តាម​ពីក្រោយ Chelsea និង Arsenal ២​ពិន្ទុ និង Spurs ៣​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​៤​លើក​ទៀត​។​
 
​ដោយឡែក Man City ក៏ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់​ដូចគ្នា​ក្នុងការ​ប្រជែង​ពិន្ទុ​ជាមួយ Liverpool ដើម្បី​រក្សា​តំណែង​ជើងឯក​លី​គ​កំពូល​អង់គ្លេស​នេះ ដ្បិត​ពួកគេ​អស់​ឱកាស​ដណ្តើមពាន​កំពូល​អឺរ៉ុប​ទៅហើយ​៕

Tag:
 បាល់ទាត់​
  Jurgen Klopp
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com