របរលក់គ្រឿងបន្លាស់រថយន្តមួយទឹកដែលនាំចូលពីលោកខាងលិច កំពុងផុសផុលយ៉ាងខ្លាំងនៅប្រទេសអ៊ីរ៉ាក់។ បើតាមសារព័ត៌មាន DW មុខរបរនេះ ប្រៀបដូចជាម៉ាស៊ីនលុយ ដែលមានទំហំរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
លោក Karhi Bakr អាយុ៥៩ឆ្នាំ ជាម្ចាស់ហាងលក់គ្រឿងបន្លាស់រថយន្តនៅទីក្រុង Irbil តំបន់ឃឺត។ លោកបានបញ្ជាក់ថា ការនាំចូលគ្រឿងបន្លាស់រថយន្តមួយទឹក ហាក់ដូចជាកាក់កបយ៉ាងខ្លាំងនារយៈពេលចុងក្រោយនេះ ដោយលោកបានបញ្ជាក់ថា អ្នករកស៊ីប្រមាណ២០០នាក់នៅក្នុងតំបន់បានក្លាយជាអ្នកមានអស់ហើយ។
ក្នុងបទសម្ភាសជាមួយ DW លោក Bakr បានអះអាងថា ទំនិញត្រូវប៉ាន់បំផុតគឺគ្រឿងបន្លាស់រថយន្តលោកខាងលិចដែលបានជួបគ្រោះថ្នាក់ចរាចរណ៍។ អ្នកជំនួយមួយចំនួនបានទៅដល់អឺរ៉ុបដោយផ្ទាល់ដើម្បីប្រមូលទិញគ្រឿងបន្លាស់ទាំងនោះ។
បច្ចុប្បន្ន លោក Bakr បើកហាងលក់គ្រឿងបន្លាស់ក្នុងទំហំតូចតាចប៉ុណ្ណោះ ដោយលោកនាំចូលពីអាល្លឺម៉ង់។ លោកធ្លាប់រស់នៅដាណឺម៉ាក១៧ឆ្នាំ ហើយមានជំនាញជុសជុលរថយន្ត Mercedes។
លោកបានអះអាងថា អតិថិជនរបស់លោកភាគច្រើន សួររកតែគ្រឿងបន្លាស់មួយទឹកប៉ុណ្ណោះ ព្រោះពួកគេមិនអាចទិញគ្រឿងបន្លាស់ដើមដែលមានតម្លៃថ្លៃ ឬប្រើប្រាស់គ្រឿងបន្លាស់ចម្លងរបស់ចិន ដែលមានគុណភាពទាប។
ជនជាតិអ៊ីរ៉ាក់ ស្រឡាញ់រថយន្តខ្លាំងណាស់ ដោយគ្រួសារជាច្រើនមានរថយន្តលើសពីមួយ ប៉ុន្តែពួកគេមិនចង់ចំណាយច្រើនលើការជួសជុលនោះឡើយ ដូច្នេះគ្រឿងបន្លាស់មួយទឹក គឺជាទំនិញដ៏ពេញនិយមបំផុត។
លោក Umed Abdelaziz ម្ចាស់ហាងមួយកន្លែងទៀត ដែលលក់ភាគច្រើនគ្រឿងបន្លាស់រថយន្តតូយ៉ូតា បានអះអាងថា លោកទៅឌូបៃពីម្តងទៅពីរដងក្នុង១ឆ្នាំ ដោយទិញគ្រឿងបន្លាស់រថយន្ត។
លោកបានបញ្ជាក់ថា ក្រៅពីអឺរ៉ុប នៅទីនោះ មានរថយន្តនាំចូលពីអាមេរិក និងកាណាដា ហើយលោកទិញគ្រឿងបន្លាស់ដែលនៅជាប់នឹងរថយន្តផ្ទាល់ ពោលគឺមិនទាន់មានការដោះដូរចេញ។ ហាងរបស់គាត់ក៏មានលក់គ្រឿងបន្លាស់ចិនដែរ ប៉ុន្តែមិនសូវត្រូវបានប៉ាន់ដូចជាគ្រឿងបន្លាស់ជជុះនោះឡើយ។
ទំនិញនាំចូលទៅកាន់អ៊ឺរ៉ាក់មានច្រកពីសំខាន់ៗ គឺតាមឌូបៃ ដោយឆ្លងកាត់ផែ Bandar Abbas របស់អ៊ីរ៉ង់ និងតាមតួកគី។ ទំនិញអឺរ៉ុបដែលឆ្លងកាត់តួកគី មានតម្លៃថ្លៃបន្តិច។ ទំហំពាណិជ្ជកម្មនេះ មានទឹកប្រាក់ដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយក្រុង Irbil ហើយលក់បន្តទៅបាដាត, Mosul និង Basra ជាដើម។
ការទូទាត់ទំនិញនៅអឺរ៉ាក់ គឺតាមសាច់ប្រាក់នៅឡើយ។ ជារៀងរាល់ខែ លោក Omar Said ដែលជាម្ចាស់ហាង Car Quarter បានអះអាងថា លោកនាំចូលទំនិញគ្រឿងបន្លាស់ពីតុងតឺន័រ ដែលមានតម្លៃប្រមាណ១លានដុល្លារអាមេរិក។ មកដល់ភ្លាម ទំនិញរបស់លោកលក់ដាច់អស់ ក្នុង១កុងតឺន័រ លោកអាចចំណេញបាន ៣ម៉ឺនដុល្លារអាមេរិក។
តាមពិតទៅលោកចង់នាំចូលរហូតដល់៦កុងតឺន័រជារឿងរាល់ខែ ប៉ុន្តែមិនអាចទៅរួចឡើយ ដោយសារតែសេដ្ឋកិច្ចអឺរ៉ាក់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម និងការយាយីរបស់ក្រុម ISIS។
ទោះបីជាយ៉ាងណាក៏ដោយ អ្នករកស៊ីមួយចំនួនក៏ធ្លាប់ជួបបញ្ហាជាមួយដៃគូរកស៊ីនៅអឺរ៉ុបផងដែរ ដោយពេលខ្លះ ទំនិញក្នុងរូបភាព និងទំនិញដែលពួកគេបញ្ជូនដាក់កុងតឺន័រ មានគុណភាពខុសគ្នា។ លោក Said បានបញ្ជាក់ថា អ្នកបោកប្រាស់លោក មួយចំនួនធំគឺជាជនជាតិឃឺតដែលរកស៊ីនៅអឺរ៉ុប ប៉ុន្តែមិនសូវមានបញ្ហាឡើយជាមួយដៃគូនៅអាមេរិក និងកាណាដា។
ពីអឺរ៉ុប ទំនិញទៅក្រុង Irbil ដោយប្រើពេលប្រមាណ២០ថ្ងៃ ខណៈពីអាមេរិក ស៊ីពេលយ៉ាងហោច១ខែកន្លះ៕