រថយន្ត
អន្តរជាតិ
Tesla ទៅ​ចិន​ស៊ើបអង្កេត​វីដេអូ​បង្ហាញ​ពី​ការផ្ទុះ​ឆេះ​រថយន្ត​ខ្លួន​នៅ​ចំណត​ក្នុង​ក្រុង​សៀង​ហៃ​
22, Apr 2019 , 8:19 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាមេរិក Tesla Inc បាន​ឲ្យ​ដឹងថា ខ្លួន​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​មួយក្រុម​ទៅ​ស៊ើបអង្កេត​វីដេអូ​មួយ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ចិន​។ ក្នុង​វីដេអូ​នេះ បានបង្ហាញ​ពី​ទិដ្ឋភាព​រថយន្ត Tesla ម៉ូ​ដែល  S ផ្ទុះ​ឆេះ​ឡើង​នៅ​ចំណត​យានយន្ត​មួយកន្លែង​ក្នុង​ទីក្រុង សៀង​ហៃ​។

 
​វីដេអូ ដែលមាន​រយៈពេល​ត្រឹម ២៣​វិនាទី​មួយ ត្រូវបាន​ចែករំលែក​យ៉ាងច្រើន​លើ​បណ្តាញ​សង្គម Weibo របស់​ចិន ស្រដៀង​នឹង Twitter ដោយ​អម​ជាមួយនឹង #"Tesla self-ignites" ។ ភ្លាមៗ វីដេអូ​នេះ ក្លាយជា​ប្រធានបទ​ក្តៅគគុក​មួយ ដែលមាន​អ្នក​ចូល​មើល​ច្រើន​ដល់​ទៅ ៥​លាន​ដង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​យោងតាម​វីដេអូ​នេះ រថយន្ត Tesla ម៉ូ​ដែល  S មួយគ្រឿង ចាប់ផ្តើម​ហុយផ្សែង​ខ្មៅ​ចេញពី​ផ្នែក​ខាងក្រោម​របស់​វា មុននឹង​ផ្ទុះ និង​ឆេះ​ទៅជា​អណ្តាតភ្លើង ហើយ​ធ្វើ​ឲ្យ​ខូចខាត​ឡាន​នៅ​ជុំវិញ​នោះ​ផងដែរ​។ សម្រាប់​ពេលវេលា ដែល​បង្ហាញ​នៅលើ​វីដេអូ​នោះ ហេតុការណ៍​បានកើត​ឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី ២១ ខែមេសា​។ 
 
​សរសេរ​លើ​គណនី Weibo ផ្លូវការ​របស់ខ្លួន ក្រុមហ៊ុន Tesla លើកឡើងថា បន្ទាប់ពី​ដឹង​ពី​ហេតុការណ៍​ផ្ទុះ​នៅក្នុង​ក្រុង​សៀង​ហៃ​នេះ ក្រុមហ៊ុន​បាន​បញ្ជូន​ក្រុមការងារ​ភ្លាមៗ​ទៅកាន់​កន្លែងកើតហេតុ​។ ខណៈពេល​នេះ ក្រុមហ៊ុន ក៏​ទាក់ទង​ទៅកាន់​នាយកដ្ឋាន​ពាក់ព័ន្ធ ដើម្បី​រក​មូលហេតុ​នៃ​ការផ្ទុះ​ឆេះ​នេះ​។ យ៉ាងណាមិញ ដោយ​ផ្អែកលើ​ព័ត៌មាន​បច្ចុប្បន្ន ការផ្ទុះ​នេះ ពុំមាន​បង្ក​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​អ្វី​ឡើយ​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៣ មក រថយន្ត​អគ្គិសនី Tesla យ៉ាងហោចណាស់ ១៤​គ្រឿង បាន​ផ្ទុះ​ឆេះ​ឡើង ជាពិសេស កើតឡើង​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រួច​។ ក្រុមហ៊ុន​នេះ ធ្លាប់​អះអាងថា រថយន្ត​អគ្គិសនី Tesla ម៉ូ​ដែល EVs របស់ខ្លួន មិន​ងាយ​នឹង​បង្ក​ជាការ​ឆាបឆេះ​ល្អ​ជាង​រថយន្ត​ប្រើ​ឥន្ធនៈ​នានា ដល់​ជាង​១០​ដង​ឯណោះ​។ នេះ​បើ​យោងតាម​ការដកពិសោធន៍​លើ​រថយន្ត​ជាង ៥០​ម៉ឺន​គ្រឿង​របស់ខ្លួន ដែល​បាន​បើកបរ​ក្នុង​ចម្ងាយ​ផ្លូវ​រាប់លាន​គីឡូម៉ែត្រ​មកហើយ​នោះ​៕

Tag:
 ​ចិន​
  Tesla
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com