កីឡាអន្តរជាតិ
អន្តរជាតិ
Matic៖ Man Utd ខ្វះ​អ្នកដឹកនាំ​លើ​ទីលាន​ទើប​ចាញ់ Everton
22, Apr 2019 , 5:27 pm        
រូបភាព
Nemanja Matic ថា​ការខ្វះខាត​អ្នកដឹកនាំ​ក្រុម​នៅលើ​ទីលាន​ប្រកួត​ជាហេតុ​ធ្វើ​ឲ្យ Manchester United ចាញ់ Everton ដល់​ទៅ ៤-០ ក្នុង​ក្របខណ្ឌ Premier League​។ ចំពោះ​បរាជ័យ​នេះ ខ្សែបម្រើ​ដែលមាន​បទពិសោធន៍​នេះ​សុខចិត្ត​ទទួលខុសត្រូវ​ទាំងស្រុង​។​


 
​ក្រុម​របស់លោក Ole Gunnar Solskjaer បានទទួល​បរាជ័យ​ចំនួន ៦ ប្រកួត ក្នុងចំណោម ៨​ប្រកួត​ចុងក្រោយ​។ លទ្ធផល​ចាញ់​ច្រើនជាង​ឈ្នះ​របស់ Man Utd ជាពិសេស​បរាជ័យ​នៅ​ទឹកដី Goodison Park នៅ​ថ្ងៃទី​២១ ខែមេសា​ត្រូវបាន Matic គត់​សម្គាល់​ឃើញ​ពី​ចំណុច​ខ្វះខាត​មួយចំនួន​របស់​កីឡាករ​លើ​ទីលាន​។​
 
​ខ្សែបម្រើ​សញ្ញា​តិ​ស៊ែ​ប៊ី វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ប្រាប់​កាសែត Stadium Astro ថា បញ្ហា​ធំ​បំផុត​គឺថា Man Utd គ្មាន​អ្នកដឹកនាំ​នៅលើ​ទីលាន​ច្បាស់លាស់​។​
 
«​ក្នុងករណីនេះ​គឺ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែលមាន​បទពិសោធ​ច្រើនជាងគេ​ក្នុង​ក្រុម បើ​មាន​កំហុស​កើតឡើង​ពី​តំបន់​កណ្តាល​នោះ​នឹងធ្វើ​ឲ្យ​ក្រុម​ពិបាក​ក្នុង​ការលេង​។ ប្រសិនបើ​នរណាម្នាក់​ត្រូវ​ស្តីបន្ទោស​ចំពោះ​ការប្រកួត​នេះ នោះ​គឺជា​ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់ Matic​។​
 
​អតីត​សមាជិក​ក្រុម Chelsea បន្ថែមថា រូបគេ​ជា​អ្នកទទួលខុសត្រូវ​បំផុត ព្រោះ​ខ្លួន​ជា​មនុស្ស​ម្នាក់​ដែលមាន​បទពិសោធ​ច្រើនជាងគេ​លើ​ទីលាន និង​នៅក្នុង​បន្ទប់​ប្តូរ​សម្លៀកបំពាក់​។​
 
​ក្រុម​បិសាច​ក្រហម​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង Premier League បណ្តោះអាសន្ន មាន​៦៤​ពិន្ទុ​ពី​ការប្រកួត​៣៤​លើក តាម​ពីក្រោយ​ក្រុម​លេខ​៤ Arsenal ២​ពិន្ទុ​។ Man Utd ក៏ត្រូវ​បើកទ្វារ​កីឡដ្ឋាន Old Trafford ដើម្បី​ទទួល Manchester City ក្នុងជំនួប Manchester Derby នៅ​រាត្រី​ថ្ងៃទី​២៥ ខែមេសា​៕

Tag:
 ​បាល់ទាត់​
  Premier League
  Nemanja Matic
© រក្សាសិទ្ធិដោយ thmeythmey.com