អន្តរជាតិ
សាកលវិទ្យាល័យ​ស្កុ​តឡែ​ន ដក​សញ្ញាបត្រ​កិត្តិយស​ពី​ក្សត្រ​ព្រុយ​ណេ ព្រោះ​ច្បាប់​ប្រឆាំង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា
22, Apr 2019 , 10:19 pm        
រូបភាព
ដោយ:
​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​របស់​ស្កុ​តឡែ​ន បានសម្រេច​បញ្ចប់​សុពលភាព​សញ្ញាបត្រ​កិ​តិ្ត​យស​របស់​ព្រះមហាក្សត្រ​ព្រុយ​ណេ  Hassanal Bolkiah​។ សេចក្តីសម្រេច​របស់​សាកលវិទ្យាល័យ​មួយ​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការចេញ​ច្បាប់​ថ្មី​តឹង​រ៉ឺ​ង​ប្រឆាំងនឹង​«​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​»​របស់​ព្រះមហាក្សត្រ​ព្រុយ​ណេ​កាលពីពេល​ថ្មីៗ​នេះ​។


 
​អស់​រយៈពេល​ជិត​ពីរ​សប្តាហ៍​សម្រាប់​ការពិនិត្យ​លើ​ច្បាប់​ប្រឆាំងនឹង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​របស់​ព្រុយ​ណេ សាកលវិទ្យាល័យ Aberdeen របស់​ស្កុ​តឡែ​ន បានសម្រេច​ជា​ផ្លូវការ​ក្នុងការ​មោឃភាព​សញ្ញាបត្រ​កិត្តិយស​របស់​ព្រះមហាក្សត្រ​ព្រុយ​ណេ Hassanal Bolkiah ដែល​សាកលវិទ្យាល័យ​បានផ្តល់​តាំងពី​ឆ្នាំ​១៩៩៥​មក​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​១៧ មេសា​កន្លងទៅ​។ 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ Aberdeen គិត​ចាប់ពី​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ប្រឆាំង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ស​នេះ​មក មាន​ភាព​ប្រទាំង​ប្រទើស​អន្តរជាតិ​ខ្លាំង ហើយ​ជា​លទ្ធផល​សាកលវិទ្យាល័យ​តាមរយៈ​ការបោះឆ្នោត​ដោយមាន​ការចូលរួម​ពី​សមាជិក​ព្រឹស​ទ្ធ​ភា​, ក្រុមប្រឹក្សា​សាកលវិទ្យាល័យ និង​គណៈកម្មាធិការ​វាយតម្លៃ​សញ្ញាបត្រ​កិត្តិយស សម្រេច​មោឃភាព​សញ្ញាបត្រ​របស់​ប្រមុខរដ្ឋ​ព្រុយ​ណេ​ជា​ផ្លូវការ​។ 
 
​សេចក្តីប្រកាស បាន​បន្តថា សាកលវិទ្យាល័យ មាន​មោទកភាព ក្នុងការ​បង្កើត​មូលនិធិ​ក្នុងការ​ផ្តល់​កិត្តិយស​សម្រាប់​អ្នក​ដែល​ផ្តល់​ភាពស្មោះត្រង់​ក្នុង​ការផ្តល់សេវា​ទៅកាន់​អ្នកដទៃ ក៏ប៉ុន្តែ​ការដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ប្រឆាំង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា គឺជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​សោកស្តាយ ហើយ​បាន​ប្រាសចាក​ទៅនឹង​គុណ​តម្លៃ និង​ការប្តេជ្ញាចិត្ត​របស់​សាកលវិទ្យាល័យ​។ 
 
​គួររម្លឹកថា នៅ​ថ្ងៃ​៣ មេសា​កន្លងទៅ ព្រះមហាក្សត្រ​ព្រុយ​ណេ បានប្រកាស​ឲ្យ​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ថ្មី ដែលមាន​ចែង​ពី​ការដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ដែល​ភាគច្រើន​ជា​បទល្មើស​ផ្ទុយ​ពី​សាសនា​ឥស្លាម​។ ក្នុងនោះ ក៏​រាប់បញ្ចូល​ទាំង​ទោស​បញ្ញត្តិ​ប្រឆាំងនឹង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ផងដែរ​។ 
 
​ជាក់ស្តែង​តាម​បញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​នេះ ការរួម​ភេទ​រវាង​បុរស​និង​បុរស នឹងត្រូវ​ប្រហារជីវិត​ដោយ​ការ​គប់​ដុំថ្ម ដូចគ្នា​នឹង​ទោស​សហាយស្មន់​ដែរ​។ ចំណែក​ការរួម​ភេទ​រវាង​ស្ត្រី និង​ស្ត្រី មិនមែនជា​ទោស​ស្លាប់​ឡើយ តែ​ត្រូវ​ជាប់ពន្ធនាគារ​ដល់​ទៅ​១០​ឆ្នាំ ឬក៏​ត្រូវ​វាយ​៤០​រំពាត់​៕ 

Tag:
 ព្រុយ​ណេ​
  LGBT
© រក្សាសិទ្ធិដោយ thmeythmey.com