ជាតិ
សេដ្ឋកិច្ច
អំបិល​កំពត​ជាង​១០០​តោន​ត្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នៅ​ចុងខែ​មេសា​នេះ​
22, Apr 2019 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ខ្មែរ Confirel នឹង​នាំចេញ​អំបិល​១០៨​តោន​ទៅកាន់​ទីផ្សារ​នៅក្នុង​ប្រទេស​បារាំង​នៅ​ចុងខែ​មេសា​ឆ្នាំ​២០១៩​នេះ​។ ការនាំចេញ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អតិថិជន​នៅក្នុង​ប្រទេស​បារាំង​ត្រូវការ​អំបិល​ដែល​ផលិត​ដោយ​ដៃ​ជា​លក្ខណៈ​ប្រពៃណី​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស អំបិល​នៅក្នុង​ខេត្តកំពត​។ គុណភាព​អំបិល​របស់​ខ្មែរ​នៅក្នុង​ខេត្តកំពត​បាន​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​បំផុត​ទៅនឹង​លក្ខខណ្ឌ​របស់​សហគម​ន៍​ស្រែអំបិល​នៅ​ឃុំ ហ្គេ​រ៉ង់ នៃ​ប្រទេស​បារាំង​ដែលមាន ឈ្មោះថា Les Salines de Guérande​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ខ្មែរ Confirel នៅ​ថ្ងៃ​ចន្ទ​ទី​២២​ខែមេសា ។​


 
​អំបិល​១០៨​តោន​នឹង​ត្រៀម​ចេញពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​បារាំង​នៅ​ថ្ងៃទី​២៨​ខែមេសា​ខាងមុខ​នេះហើយ​។ នេះ គឺជា​ការអះអាង​បញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន Confirel នៅ​រាជា​ធានី​ភ្នំពេញ​។ ក្រុមហ៊ុន Confirel និង សហគមន៍​ស្រែអំបិល​នៅ​ឃុំ ហ្គេ​រ៉ង់ នៃ​ប្រទេស​បារាំង​ដែលមាន​ឈ្មោះថា Les Salines de Guérande បាន​សិក្សា​លទ្ធភាព​នៃ​ការនាំចេញ​អំបិល​រួមគ្នា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​មុននឹង​ឈាន​មកដល់​ពេលវេលា​នៃ​ការនាំចេញ​ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​បារាំង​នៅ​ចុងខែ​មេសា​នេះ​។ នេះ គឺជា​ដំណឹង​ដ៏​ល្អ​មួយ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ជួយ​ដល់ទី​ផ្សារ​អំបិល​ខ្មែរ​មួយកម្រិត​ទៀត​។ 
 
​សហគមន៍​ស្រែអំបិល ហ្គេ​រ៉ង់ បារាំង ដែលមាន​កម្មករ​២០០​នាក់ លក់​ផលិតផល​អំបិល​របស់ខ្លួន​ក្រោម​ស្លាក​សម្គាល់​ម៉ាក Le Guérandais​។ សហគមន៍​នេះ​មាន​គម្រោង​ពង្រីក​មុខទំនិញ និង​បង្កើត​ប្រភេទ​អំបិល​មួយទៀត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​អំបិល​មកពី​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​។ អំបិល ហ្គេ​រ៉ង់ ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​អំបិល​មួយ​ប្រភេទ​ក្នុងចំណោម​អំបិល​ដែលមាន​គុណភាព​ល្អ​ដាច់​គេ​នៅលើ​ពិភពលោក ហើយ​អំបិល​នេះ ត្រូវបាន​គេ​ណែនាំ និង​ប្រើ​ដោយ​ចុងភៅ​លំដាប់​ផ្កាយ​ខ្ពស់ៗ​នៅលើ​ឆាក​អន្តរជាតិ​។ តាមរយៈ​ភាពល្បីល្បាញ​របស់​អំបិល ហ្គេ​រ៉ង់​, អំបិល កំពត ក៏​នឹង​ក្លាយទៅជា​អំបិល​ល្បីល្បាញ​មួយ​ផងដែរ​នៅលើ​ឆាក​អន្តរជាតិ​។ 
 
​អំបិល ហ្គេ​រ៉ង់ ដែល​ផលិត​នៅក្នុង​ប្រទេស​បារាំង​ជា​លក្ខណៈ​ប្រពៃណី​ធ្វើ​ដោយ​ដៃ និង​អំបិល​បានមកពី​ដៃគូ​នៅក្រៅ​ប្រទេស​ដូចជា​អំបិល​ខេត្តកំពត​កម្ពុជា គឺជា​សុទ្ធសឹង​ជា​អំបិល​ដែល​គុណភាព​របស់​វា​ត្រូវបាន​ធានា​ជា​លក្ខណៈ​អន្តរជាតិ​។ អំបិល​របស់​សមាគម​ន៍ ហ្គេ​រ៉ង់ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន​៥៥​ប្រទេស​៕ 

Tag:
 Confirel
  កសិកម្ម​
  អំបិល
© រក្សាសិទ្ធិដោយ thmeythmey.com