ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
រដ្ឋាភិបាល​គ្រោង​សាងសង់​ព្រលានយន្តហោះ​លើដី​ជាង ៣០០​ហិកតា​នៅ​មណ្ឌលគិរី​
23, Apr 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ក្រៅពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ សៀមរាប និងខេត្តកោះកុង រដ្ឋាភិបាល​មាន​ផែនការ​សាងសង់​ព្រលានយន្តហោះ​មួយទៀត​នៅ​ខេត្តមណ្ឌលគិរី​នៃ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៃ​ទីតាំង​ដ៏​មាន​សក្ដានុពល​មួយ​នេះ​។

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពីពេល​ថ្មីៗ​បាន​បង្ហើប​ពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​ខ្នាតតូច​មួយ​នៅ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​លោក​បាន​ចូលរួម​កិច្ចប្រជុំ​របស់​គណៈកម្មកា​រគោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្ដីពី​គោលនយោបាយអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​១៨​ខែមេសា​។ 
 
​បើតាម​លោក ស៊ិន ចាន់​សេរី​វត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល រដ្ឋាភិបាល​បាន​ឲ្យ​រដ្ឋបាលខេត្ត​បម្រុង​ដី​ជាង ៣៤០​ហិកតា​រួចហើយ​សម្រាប់​គម្រោង​មួយ​នេះ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​យើង​បានធ្វើ​លិខិត​ទៅតាម​រយៈ​គណៈរដ្ឋមន្ត្រី សុំ​បម្រុង​ទុក​ដី​លើ​ទីតាំង​ដែល​យើង​បាន​ឯកភាពគ្នា​ក្នុង​ទំហំ​ជាង ៣៤០​ហិកតា​»​។ អ្នកនាំពាក្យ​រូបនេះ​សុំ​មិន​បញ្ជាក់​ពី​ទីតាំង​ច្បាស់លាស់​នៃ​គម្រោង​នេះ​ទេ ដោយ​ខ្លាច​ភាព​ជ្រួលច្របល់​ទីផ្សារ​ដីធ្លី​។ លោក​ប្រាប់ថា ទំហំ​ដី​អាច​នឹង​ធំ​ជាង​នេះ ខណៈ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​កំពុង​ស្នើ​ឲ្យ​បម្រុង​ដី​បន្ថែម​លើស​នេះ​។​
 
​លោក ស៊ិន ចាន់​សេរី​វត្ថា មិនទាន់​អាច​ប្រាប់​ពី​ពេលវេលា​សាងសង់​ព្រលានមួយ​នេះបាន​នោះទេ​ដោយ​រង់ចាំ​ការសិក្សា​​​គម្រោង​។ លោកនិយាយដូច្នេះថា«​បន្ទាប់ពី​ក្រសួងទេសចរណ៍​ធ្វើ​ផែនការមេ (Master Plan) អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី ថា​កន្លែង​ណា​ត្រូវធ្វើ​អ្វី រួចហើយ យើង​នឹងសិក្សា​លម្អិត​មកទៀត​ពី​ការសាងសង់​ព្រលានយន្តហោះ​នៅ​ទីនោះ ហើយ​ត្រូវ​ភ្ជាប់​ទីតាំង​ព្រលាន​ទៅនឹង​អ្វីខ្លះ​»​។ 
 
​បើតាម​ក្រសួងទេសចរណ៍ ការសិក្សា​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​មណ្ឌលគិរី​នឹងត្រូវ​ប្រើពេល​វេលា​៦​ខែ​។ ក្រសួង​អះអាងថា​ខេត្តមណ្ឌលគិរី​មាន​សក្ដានុពល​អេកូ​ទេសចរណ៍​ដ៏​ល្អ​ពិសិដ្ឋ និង​មាន​អាកាសធាតុ​អំណោយទាន​សម្រាប់​ដាំ​បន្លែ និង​ផ្កា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។​
 
​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ អាច​នឹងត្រូវ​ចំណាយ​ថវិកា​រាប់សិប​លាន​ដុល្លារ​។ លោក ស៊ីន ចាន់​សិរី​វុត្ថា ថ្លែង​ដូច្នេះ​ថា​៖«​បើ​យើង​ធ្វើ​ខ្នាត 4C ចំណាយ​ខ្ទង់​មិន​ក្រោម​៥០​លាន​ដុល្លារ ឬ​អាច​៦០​លាន ទៅ​១០០​លាន​ដុល្លារ​»​។ លោក​បន្ថែមថា រដ្ឋាភិបាល​មាន​ជម្រើស​ពីរ គឺអាច​វិនិយោគ​ដោយ​ខ្លួនឯង ដែល​អាច​ខ្ចីលុយ​ពី​ក្រៅប្រទេស​ជាដើម ឬមួយ​ស្វែងរក​ដៃគូ​បោះទុន​ពី​វិស័យ​ឯកជន​៕
 

Tag:
 ព្រលានយន្តហោះ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com